អាជ្ញាធរ​​រារាំង​មិន​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ជួប​លោក​នាយក​រដ្ឋមន្ត្រី

ព្រះសីហនុៈ ប្រជាពលរដ្ឋជាង ១០ សហគមន៍ក្នុងខេត្តព្រះសីហនុកាលពីរសៀលម្សិលមិញបានសម្តែងការខកចិត្តចំពោះអាជ្ញាធរខេត្តដែលរារាំងពួកគេមិនឲ្យជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍រឿងជម្លោះដីធ្លីខណៈដែលពួកគេបានរង់ចាំពេញមួយថ្ងៃនៅខាងមុខសាលាខេត្ត។

តំណាងសហគមន៍ដីធ្លីក្បាលហុងទឹកក្នុងស្រុកព្រៃនប់លោក ហួរ ស៊ីណូ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថាអាជ្ញាធរខេត្តបានអនុញ្ញាតឲ្យប្រជាពលរដ្ឋចំនួន ១៣ នាក់តំណាងឲ្យពលរដ្ឋជាង ៣០០ នាក់មកពី ១៨ សហគមន៍បានចូលទៅក្នុងសាលាខេត្តនៅពេលលោកនាយករដ្ឋមន្ត្រីមកដល់នៅម៉ោងជាងបីរសៀល។

លោកថា អាជ្ញាធរបានដាក់ពួកគាត់ក្នុងបន្ទប់ដាច់ដោយឡែកមួយ និងមិនបានអនុញ្ញាតឲ្យពួកលោកជួបលោកនាយករដ្ឋមន្ត្រីដូចការសន្យានោះទេ។ លោកបន្ថែមថា៖ «គេដាក់យើងក្នុងសាលប្រជុំមួយរួចបិទទ្វារ និងមានសមត្ថកិច្ចយាមមិនឲ្យយើងចេញទេនេះជាល្បិចរបស់អាជ្ញាធរពួកខ្ញុំចាញ់បោកល្បិចអាជ្ញាធរ…ពួកគេយកតំណាងប្រជាសហគមន៍ចូលក្នុងដើម្បីកុំឲ្យមានការស្រែកតវ៉ា»។

ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ទៀតដែលបានឈរចាំនៅខាងក្រៅសាលាខេត្តរហូតដល់ម៉ោង ៧ យប់ដែរនោះគឺលោក យ៉ន ភាព ឲ្យដឹងដែរថាសមត្ថកិច្ចបានឈរបាំងប្រជាពលរដ្ឋដែលឈរចាំជួបនាយករដ្ឋមន្ត្រីមិនឲ្យមើលឃើញថាតើនាយករដ្ឋមន្ត្រីចេញពីសាលាខេត្តនៅពេលណានោះទេ។ លោកថាប្រជាពលរដ្ឋដែលឈរនៅខាងក្រៅមានការខកចិត្តចំពោះទង្វើរបស់សមត្ថកិច្ចនេះ។

លោកបន្តថា៖ «អត់បានជួបសម្តេចពួកខ្ញុំមានការខកចិត្តមែនទែនដោយសារថាគោលបំណងរបស់ប្រជាពលរដ្ឋយកញត្តិមកផ្ញើសម្តេចឲ្យជួយដោះស្រាយ (ទំនាស់ដីធ្លី)…ពួកខ្ញុំអត់សុខចិត្តទេ…ពួកខ្ញុំប្រហែលជាឡើងទៅក្រុងទៅរករដ្ឋសភាម្តង»។

អភិបាលខេត្តព្រះសីហនុលោក យន្ត មីន មិនធ្វើអត្ថាធិប្បាយលើបញ្ហានេះតាមទូរស័ព្ទនោះទេដោយលោកថាប្រព័ន្ធទូរស័ព្ទរអាក់រអួល។

ចំណែកមន្រ្តីចងក្រង និងតស៊ូមតិសម្ព័ន្ធកសិករកម្ពុជាប្រចាំខេត្តព្រះសីហនុ (CCFC) លោក ញិល ភាព ដែលបានឃ្លាំមើលសកម្មភាពនេះពេញមួយថ្ងៃដែរនោះបានឲ្យដឹងថាប្រជាពលរដ្ឋ ១៨ សហគមន៍មានគ្នាជាង ៣០០ នាក់មកពីស្រុកស្ទឹងហាវ និងព្រៃនប់បានមកប្រមូលផ្តុំគ្នានៅខាងមុខសាលាខេត្តព្រះសីហនុដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីក្នុងរឿងជម្លោះដីធ្លី។

លោកថា ប្រជាពលរដ្ឋមួយចំនួនមានជម្លោះដីធ្លីជាមួយអ្នកមានអំណាច និងមួយចំនួនទៀតមានជម្លោះជាមួយក្រុមហ៊ុន និងថាទំនាស់នេះបានកើតឡើងតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ លោកបន្តថាប្រជាពលរដ្ឋទាំងនេះធ្លាប់ស្វែងរកអន្តរាគមន៍ពីអាជ្ញាធរជាច្រើនលើកមកហើយតែគ្មានដំណោះស្រាយទេ។

លោក ញិល ភាព ចាត់ទុកទង្វើរបស់អាជ្ញាធរខេត្តព្រះសីហនុនេះថាជាការគេចវេះមិនចង់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

បើតាមតំណាងសហគមន៍ក្បាលហុងទឹកលោក ហួរ ស៊ីណូ បានឲ្យដឹងថាអាជ្ញាធរខេត្តក៏បានសន្យាជាមួយតំណាងពលរដ្ឋទាំង ១៣ រូបដែរថា និងចាត់គណៈកម្មការចុះទៅវាស់វែងដីទំនាស់ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

ទោះយ៉ាងណាលោកថាអាជ្ញាធរតែងតែធ្វើការសន្យាបែបនេះជាច្រើនដងមកហើយតែមិនដែលឃើញមានដំណោះស្រាយអ្វីនោះទេ។

លោក ហ៊ុន សែន កាលពីម្សិលមិញបានធ្វើដំណើរចេញពីខេត្តកែបទៅកាន់ខេត្តព្រះសីហនុ និងនៅតាមផ្លូវលោកបានចុះជួបប្រជាពលរដ្ឋក្នុងខេត្តនោះ។

ទោះយ៉ាងណាប្រជាពលរដ្ឋដែលឈររង់ចាំនៅខាងមុខសាលាខេត្តព្រះសីហនុពេញមួយថ្ងៃមិនបានជួបលោកនាយករដ្ឋមន្ត្រីទេ។

លោក ហ៊ុន សែនកាលពីពេលថ្មីៗនេះបានប្រកាសថាលោកនឹងចុះទៅគ្រប់ខេត្តដើម្បីជួបមន្ត្រីរាជការ និងប្រជាពលរដ្ឋដើម្បីបានដឹងពីបញ្ហាផ្សេងៗនៅតាមខេត្តនីមួយៗ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


អាជ្ញាធរ​​រារាំង​មិន​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ជួប​លោក​នាយក​រដ្ឋមន្ត្រី

អាស្ទាវកើត​អេដស៍ ដែល​រំលោភ​កុមារី​ ត្រូវ​តុលាការ​នាំ​ខ្លួន​ទៅ​ដាក់​គុកហើយ

អាជ្ញាធរ​​រារាំង​មិន​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ជួប​លោក​នាយក​រដ្ឋមន្ត្រី

Global Witness ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​​រឿង​សម្លាប់​ កែម ​ឡី ​ឲ្យ​បាន​ហ្មត់ចត់