​មេដឹកនាំ​ក្រុម​​ភេរវកម្ម ISIS ​ម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់​​ជាមួយ​ជំនួយ​ការ​កំពូល ៤៥​នាក់

យោធា​អេហ្ស៊ីប​បាន​អះអាង​ថា​ខ្លួន​បាន​សម្លាប់​មេដឹកនាំ​នៃ​ក្រុម​ភេរវកម្ម ISIS ដែល​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ទម្លាក់ យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី Airbus A321 និង​សម្លាប់​មនុស្ស​ចំនួន ២២៤នាក់​នៅ​លើ​នោះ។

 

​មេដឹកនាំ​ក្រុម​​ភេរវកម្ម ISIS ​ម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់​​ជាមួយ​ជំនួយ​ការ​កំពូល ៤៥​នាក់

បំណែក​យន្តហោះរុស្ស៊ី​ដែល​ត្រូវ​ក្រុម ISIS បាញ់​ទម្លាក់​កាល​ពី​ឆ្នាំ​២០១៥

 

មេដឹកនាំ​នៃ​ក្រុម​ភេរវកម្ម ISIS មាន​ឈ្មោះ​ថា Abu Duaa al-Ansari ត្រូវ​បាន​យោធា​អេហ្ស៊ីប​សម្លាប់ នៅ​ក្នុង​ខេត្ត Sinai ប្រទេស​អេហ្ស៊ីប ជា​មួយ​នឹង​ជំនួយ​ការ​កំពូល ចំនួន ៤៥នាក់ និង​ពួក​សកម្ម​ប្រយុទ្ធ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដោយ​ការ​វាយ​ប្រហារ​តាម​រយៈ​ផ្លូវ​អាកាស។ ក្រុម​របស់ លោក Ansari ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា «Wilayat Sayna» ហើយ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «ក្រុម​ភេរវកម្ម​គ្រោះថ្នាក់​បំផុត​នៅ​អេហ្ស៊ីប» បន្ទាប់​ពី​មាន​យុទ្ធនាការ​បង្ហូរ​ឈាម​រយៈ​ពេល ៥ឆ្នាំ។

 

គួរ​រំលឹក​ថា ក្រុម Wilayat Sayna របស់​លោក Ansari ដែល​មាន​សាខា​នៅ​ក្នុង​ខេត្ត Sinai ហើយ​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា «Ansar Bait al-Maqdis» បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ទម្លាក់ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Metrojet មួយ​គ្រឿង កាល​ពី​ខែ​តុលា ឆ្នាំ២០១៥ កន្លង​ទៅ​នេះ។ យន្តហោះ Metrojet ប្រភេទ Airbus A321 បាន​ធ្វើ​ដំណើរ​ចេញ​ពី​រមណីយដ្ឋាន​អេហ្ស៊ីប​មួយ​កន្លែង ស្ថិត​ក្នុង​ទីក្រុង Sharm el-Sheikh ឆ្ពោះ​ទៅ​កាន់ ទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ហើយ​ក៏​ត្រូវ​បាន​បាញ់​ទម្លាញ់​តែម្តង បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២២៤នាក់​នៅ​លើ​នោះ​ស្លាប់​ទាំង​អស់៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail