សាលាក្ដី​ខ្មែរក្រហម​ប្រជុំ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ការ​ដាក់​បង្ហាញ​ឯកសារ​ថ្មី​របស់​សហ​ព្រះរាជអាជ្ញា

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ សីហា មិន​បាន​បើក​សវនាការ​លើ​អង្គហេតុ​សំណុំរឿង ០០២ វគ្គ ២ ទេ ប៉ុន្តែ​អង្គ​ជំនុំជម្រះ​ប្រជុំ​រៀបចំ​កិច្ច​ដំណើរ​ការ​សវនាការ​បន្តបន្ទាប់​ទៅ​មុខ​ទៀត។ ក្នុង​កិច្ច​ប្រជុំ​នេះ គឺ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សហ​ព្រះរាជអាជ្ញា​ចង់​ដាក់​ឯកសារ​ថ្មី​ជា​ភស្តុតាង​ចំនួន ៣៥ ទៀត។

អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​កំណត់​ឱ្យ​ភាគី​ក្នុង​រឿង​ក្ដី ០០២ វគ្គ ដែល​ចង់​ដាក់​ឯកសារ​ថ្មី​ជា​ភស្តុតាង​ឱ្យ​បាន​ត្រឹម​ថ្ងៃ​ទី​១ ខែ​កញ្ញា។

តាម​រយៈ​អ្នក​បកប្រែ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ (Victor Koppe) ស្នើ​សុំ​អង្គ​ជំនុំជម្រះ​ថា ខាង​ភាគី​លោក​សុំ​ពន្យារ​ពេល​បន្ថែម​ទៀត សម្រាប់​ការ​ដាក់​ឯកសារ​ថ្មី និង​ការ​កោះហៅ​សាក្សី៖ «ខ្ញុំ​គិត​ថា យើង​គួរ​តែ​មាន​កាល​បរិច្ឆេទ​បន្ថែម​មួយ​ទៀត ដើម្បី​ឱ្យ​យើង​ខ្ញុំ​អាច​ដាក់​ស្នើ​សុំ​សាក្សី ឬ​ក៏​ដាក់​សំណើ​កោះហៅ​សាក្សី​បន្ថែម ព្រោះ​ថា អាច​ពេល​ដែល​យើង​បាន​សិក្សា​ទៅ​លើ​ឯកសារ​ថ្មីៗ​នោះ យើង​អាច​មាន​ស្ថានភាព​ថ្មី​កើត​ឡើង។ ដូច្នេះ​ខ្ញុំ​ស្នើ​សុំ​អាច​ថា ស្នើ​សុំ​កោះ​ហៅ​សាក្សី ឬ​ក៏​សំណើ​សុំ​សាក្សី គួរ​តែ​ពន្យារ​ពេល ៤​សប្ដាហ៍ ក្រោយ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦ ដោយសារ​តែ​មាន​ការ​ដាក់​បង្ហាញ​ឯកសារ​ថ្មី ឬ​ក៏​ការ​ទទួល​យក​ឯកសារ​ថ្មី ខ្ញុំ​គួរ​តែ​ទទួល​បាន​ការ​ពន្យារ​ពេល»

មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន សុំ​ឱ្យ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ពន្យារ​ពេល​កំណត់​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា។ រី​ឯ​ភាគី​សហ​ព្រះរាជអាជ្ញា​លើក​ហេតុផល​ថា ដោយសារ​តែ​ឯកសារ​ថ្មី ដែល​សហ​ចៅក្រម​ស៊ើបអង្កេត​នឹង​ផ្ដល់​ឱ្យ​ត្រឹម​ថ្ងៃ​ទី​១ ខែ​កញ្ញា នោះ មិន​ដឹង​ថា ជា​ឯកសារ ឬ​សម្ភារៈ​យ៉ាង​ណា​នៅ​ឡើយ លោក​ចង់​ឱ្យ​រង់ចាំ​សុំ​ពន្យារ​តាម​ពេល​ជាក់​ស្ដែង​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក យ៉ា សុខន ថ្លែង​ថា អង្គ​ជំនុំជម្រះ​នឹង​ពិនិត្យ​សំណើសុំ​នេះ ហើយ​នឹង​ចេញ​សេចក្ដី​សម្រេច​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។ អង្គ​ជំនុំជម្រះប្រកាស​ថា សវនាការ​​នៅ​ច័ន្ទ ទី​៨ សីហា សប្ដាហ៍​ក្រោយ នឹង​ពិនិត្យ​លើ​ឯកសារ​នានា ដែល​ភាគី​ពាក់ព័ន្ធ​​ដាក់​ជូន​អង្គ​ជំនុំជម្រះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។