ក្រសួង​វប្បធម៌ នឹង​រៀបចំ​ចុះបញ្ជី​សារពើ​ភ័ណ​វត្ថុ​បុរាណ​ទូទាំងប្រទេស​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       August-05-2016, 8:39 am         152

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​វប្បធម៌ នឹង​រៀបចំ​ចុះបញ្ជី​សារពើ​ភ័ណ​វត្ថុ​បុរាណ​ទូទាំងប្រទេស​​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​គ្រោង​រៀបចំ​ការចុះបញ្ជី​សារពើ​ភ័ណ​វត្ថុ​បុរាណ​របស់​រដ្ឋ ក្នុង​គោលបំណង​បង្កើន​ការគ្រប់គ្រង​វត្ថុ​បុរាណ​ដែលជា​ស្នាដៃ​វប្បធម៌ និង​សិល្បៈ​របស់​ខ្មែរ ដោយសារតែ​វត្ថុ​បុរាណ ប្រាង្គ​ប្រាសាទ​កម្ពុជា មាន​វ័យ​ចំណាស់ ដែល​ប្រឈម​និង​រង​ការខូចខាត ពី​បញ្ហា​ផ្សេងៗ​។ នេះ​បើតាម​ទី​ភ្នា​ក់​សារព័ត៌មាន​AKP​។

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការចុះបញ្ជី​សារពើ​ភ័ណ​ទ្រព្យសម្បត្តិ​រដ្ឋ លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា ការរៀបចំ​ចុះបញ្ជី​សារពើ​ភ័ណ​នេះ ដើម្បី​ឈានដល់​ការគ្រប់គ្រង​បរិមាណ​ប្រាសាទ  និង​ការជួសជុល​ប្រាសាទ​កម្ពុជា ខណៈដែល​ប្រាសាទ​មួយចំនួនធំ​បាន​រង​នូវ​ការខូចខាត ដោយសារ​បញ្ហា​បរិស្ថាន និង​គ្រោះធម្មជាតិ​។

​លោក បាន​បន្តថា ការចុះបញ្ជី​សារពើ​ភ័ណ​វត្ថុ​បុរាណ​របស់​រដ្ឋ​នេះ អាច​នាំ​ផលប្រយោជន៍​ដល់​កម្ពុជា​យ៉ាងច្រើន ក្នុង​ការថែទាំ​ប្រាង្គ​ប្រាសាទ ដែលមាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ និង​បាន​ចូលរួម​លើកកម្ពស់​ដល់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​ចំណែកឯ​ប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ លោក នូ ចាន់​សុ​ភី បាន​ឲ្យ​ដឹងថា ដើម្បី​ជំរុញ​ដល់​ការអនុវត្ត​ការចុះបញ្ជី​សារពើ​ភ័ណ​វត្ថុ​បុរាណ​នេះ មន្ត្រី​ទាំងអស់​គួរតែ​បន្ត​ជួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់ អំពី​សារៈសំខាន់​នៃ​វត្ថុ​បុរាណ​ខ្មែរ ក្នុងការ​ចូលរួម​ថែរក្សា និង​ជៀសវាង​ការបាត់បង់​។ លោក នូ ចាន់​សុ​ភី បានធ្វើការ​ស្នើសុំ​ដល់​ក្រសួង​វប្បធម៌ យកចិត្តទុកដាក់​ទៅលើ​ការថែទាំ និង​អភិរក្ស​វត្ថុ​បុរាណ​បន្ថែមទៀត​។ ម្យ៉ាងវិញទៀត ចំពោះ​ស្ថានីយ​បុរាណ​មួយចំនួន​កន្លងមក ជាការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ដែនដី​ទៅវិញ​។​

​បើតាម​បញ្ជី​សារពើ​ភ័ណ​ស្ថានីយ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កម្ពុ​ជាមាន​ស្ថានីយ​បុរាណ​ប្រមាណ​ជាង ៤០០០ នៅ​ទូទាំងប្រទេស ទន្ទឹមនឹងនេះ កម្ពុ​ជាមាន​ស្ថាប័ន​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​ជាច្រើន​ដូចជា បារាំង សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េ ស្វី​ល ឥណ្ឌូនេស៊ី និង​ត​ណ្ឌា ដែល​បាន​សហការ​ជួយ​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​ផងដែរ​៕