ការបរិភោគ​តាម​របប​អាហារ​អាច​ទទួលបាន​ផល​អាស្រ័យ​តាម​ហ្សែ​ន​របស់​មនុស្ស​ និពន្ធដោយ : VOA       August-05-2016, 8:59 am         162

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការបរិភោគ​តាម​របប​អាហារ​អាច​ទទួលបាន​ផល​អាស្រ័យ​តាម​ហ្សែ​ន​របស់​មនុស្ស​​វ៉ាស៊ីនតោន​៖ ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើ​ពិសោធ​ទៅលើ​របប​អាហារ​ដែល​គេ​និយម​ផ្សេងៗ ដោយ​ប្រើ​ពពួកសត្វ​កណ្តុរ​បង្កាត់​ពូជ​ពិសេស ដើម្បី​ឲ្យ​ដឹងថា​របប​អាហារ​ណាខ្លះ​មាន​ប្រសិទ្ធភាព​ឬ​គ្មាន​ប្រសិទ្ធភាព ហើយ​ថា​តើ​របប​អាហារ​ជាក់លាក់​ណាមួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​

​ស្ទើរតែ​រាល់​សប្តាហ៍ គេ​ឃើញ​មាន​វិធី​កំណត់​របប​អាហារ​ថ្មី ដែល​ធានាថា​នឹងធ្វើ​ឲ្យ​ស្រក​ទម្ងន់ និង​មាន​សុខភាព​ល្អ​។ ចំណីអាហារ​នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ ឬ​អាហារ​មាន​ជាតិ​ស្ករ​ទាប ដែលជា​របប​អាហារ​ជប៉ុន​នោះ គឺ​គ្រាន់តែ​ជាការ​និយម​មួយ​ក្នុងពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ហ្សែ​ន​របស់​អ្នក​អាច​ដើរតួនាទី​សំខាន់​នៅក្នុង​ការបញ្ជា​ក់ថា​តើ​របប​អាហារ​បែបណា​ដែល​ត្រូវ​នឹង​អ្នក​?

​ក្រុម​អ្នកស្រាវជ្រាវ បាន​ប្រើ​កណ្ដុរ​ពូជ​ពិសេស​ចំនួន​បួន​ប្រភេទ​ដែល​បង្កាត់​ចេញពី​ហ្សែ​ន​តំណាង​ឲ្យ​ពូជ​កណ្តុរ​ទូទៅ​។​

​ក្រុម​អ្នក​អង្កេត​បាន​រកឃើញថា របប​ចំណីអាហារ​ខ្លះ​អាចធ្វើ​ឲ្យ​កណ្ដុរ​មួយចំនួន​ស្រក​ទម្ងន់ ប៉ុន្តែ សម្រាប់​កណ្ដុរ​មួយចំនួនទៀត របប​អាហារ​នោះ​មិនមាន​ផល​អ្វី​សោះ ឬ​ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ចុះខ្សោយ​ទៅវិញ​។​

​លោក William Barrington ជា​អ្នក​ព​ន្ធុ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​រដ្ឋ North Carolina ដែល​បាន​ជួយ​ធ្វើការ​ស្រាវជ្រាវ​នេះ បាន​និយាយថា​៖ «​ភាគច្រើន យើង​បាន​មើល​លើ​របប​អាហារ​ដ៏​ទូលំទូលាយ​ក្នុង​ផ្លូវ​តែមួយ អស់​រយៈពេល​មួយរយ​ឆ្នាំ​មកហើយ ដោយ​សន្មត​ថា​មាន​របប​អាហារ​ដ៏​ល្អប្រសើរ​មួយ​។ ប៉ុន្តែ អ្វីដែល​យើង​បាន​រកឃើញ​នោះ​គឺថា ផលប៉ះពាល់​នៃ​របប​អាហារ​មួយ​អាស្រ័យ​ទៅតាម​ហ្សែ​ន​របស់​បុគ្គល​ដែល​បរិភោគ​អាហារ​នោះ​»​។​

«​អញ្ចឹង​ហើយ នៅពេលដែល​មិត្តភក្តិ​របស់​អ្នក​ប្រាប់​អ្នក​ថា ខ្ញុំ​បាន​ព្យាយាម​យក​របប​អាហារ​ដ៏​ល្អ​នេះ ហើយ​វា​ល្អ​ខ្លាំងណាស់​សម្រាប់​ខ្ញុំ​។ ឯង​គួរតែ​ញ៉ាំ​សាក​ទៅ​។ ប៉ុន្តែ​ជាក់ស្តែង​វា​អាច​នឹង​អាចមាន​ផលប៉ះពាល់​ផ្សេង​សម្រាប់​អ្នក​ទៅវិញ​»​។​

​ការពិសោធ​លម្អិត​
​អស់​រយៈពេល​ប្រាំ​មួយខែ កណ្តុរ​ពិសេស​នីមួយៗ​ដែល​ប្រហាក់ប្រហែលគ្នា​ទទួល​រប​ប​ចំណី​ជាក់លាក់​មួយ​គឺ​៖ មួយ​ប្រភេទ​ទទួល​ចំណី​បែប​បស្ចិម ដែល​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន មួយ​ប្រភេទ​ទៀត​ត្រូវ​ឲ្យ​របប​ចំណី​នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ មួយទៀត​តាម​អាហារ​ជប៉ុន ដែលមាន​បាយ​ច្រើន និង​តែ​បៃតង ហើយ​ក្រុម​ចុងក្រោយ ទទួលបាន​ចំណី​ដែលមាន​ជាតិ​ស្ករ​ទាប តែមាន​ជាតិ​ខ្លាញ់​ច្រើន ដែល​គេ​ហៅថា Ketogenic​។​

​ក្រុម​កណ្ដុរ​ដែល​នៅក្រោម​ការពិនិត្យ​តាមដាន បានទទួល​របប​ចំណី​តាម​បទដ្ឋាន សម្រាប់​ការប្រៀបធៀប​។​

​នៅ​គ្រប់​ករណី​ទាំងអស់ ពពួកសត្វ​កកេរ​ទាំងនេះ ត្រូវគេ​ឲ្យ​ស៊ី​ឲ្យ​ច្រើន​តាម​ដែល​វាច​ង់ នៅ​ខណៈពេលដែល​អ្នកស្រាវជ្រាវ​ចាំ​តាមដាន​ពី​បរិមាណ​ដែល​ពួកវា​ស៊ី និង​លក្ខណៈ​នៃ​សុខភាព​ទូទៅ រួមទាំង សញ្ញា​នៅមុន​ពេល​កើត​ទឹកនោមផ្អែម មាន​ជំងឺ​ធាត់ និង​ជំងឺ​ក្តៅ​ខ្លាញ់​រុំ​ថ្លើម​។​

​អ្វីដែល​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​បានធ្វើ​ឲ្យ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​។ មាន​កណ្តុរ​មួយ​ប្រភេទ​បាន​ទទួលរង​ឥទ្ធិពល​យ៉ាង​អាក្រក់​ពី​របប​អាហារ​នៃ​បស្ចិមប្រទេស ខណៈដែល​របប​អាហារ​នេះ​មាន​ផលប៉ះពាល់​តិចតួច ឬ​គ្មាន​ទាល់តែសោះ​ចំពោះ​កណ្ដុរ​ប្រភេទ​ផ្សេងៗ​ទៀត​។​

​លោក Barrington មាន​និយាយថា​៖ «​មាន​កណ្ដុរ​មួយចំនួន​ដែល​យើង​បាន​ពិសោធ​ឃើញថា ចំណី​អ្វី​ក៏ដោយ​ដែល​ពួកវា​ស៊ី មិនបាន​ផ្លាស់ប្តូរ​ស្ថានភាព​សុខភាព​របស់​ពួកវា​ឡើយ​... ពួកវា​ឡើង​ធាត់​បន្តិច មិន​ថា​វា​ស៊ី​ចំណី​អ្វី​ទេ​។ ដូច្នេះ ក្នុង​ករណីខ្លះ វា​ហាក់ដូចជា​ថា ឥទ្ធិពល​នៃ​របប​អាហារ​មិនសូវ​ប៉ះពាល់​ខ្លាំង​ទេ​ចំពោះ​បុគ្គល​មួយចំនួន​»​។​

​របប​អាហារ​តាម​បុគ្គល​
​លោក Barrington បាន​បញ្ជាក់ថា ការ​ឲ្យ​របប​អាហារ​ជាក់លាក់​មួយ​ទៅ​ឲ្យ​បុគ្គល​មួយចំនួន​ដើម្បី​ទទួលបាន​លទ្ធផល​ជោគជ័យ​នោះ អាច​នឹង​ទៅរួច​នៅ​ថ្ងៃ​ណាមួយ​។​
«​ការរកឃើញ​នេះ ពិតជា​ជំរុញ​ឲ្យ​យើង​កំណត់​ពី​កត្តា​ហ្សែ​ន​អ្វីដែល​ត្រូវ​នឹង​របប​អាហារ​សមស្រប ហើយ​ថា​តើ​យើង​អាច​ព្យាករណ៍​បុគ្គល​ដែល​អាច​ទទួលលទ្ធផល​ល្អប្រសើរ​ទៅនឹង​របប​អាហារ​ខុសៗ​គ្នា​ទាំងនោះ​ដោយ​វិធី​ណា​»​។​

​វា​ជា​ទស្សនៈ​មួយ​ដែល​គេ​ហៅថា អាហារូបត្ថម្ភ​ជាក់លាក់ ដោយ​លើកឡើងថា នៅ​ថ្ងៃ​ណាមួយ ក្រុម​វេជ្ជបណ្ឌិត​នឹង​អាច​ប្រើ​ធ្វើតេស្ត​លើ​ហ្សែ​ន ដើម្បី​បញ្ជាក់ថា​តើ​អ្វីដែល​អ្នក​បរិភោគ​នឹងធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់ និង​មាន​សុខភាព​ល្អ​ឬទេ​។​

​ការរកឃើញ​នេះ ត្រូវបាន​បង្ហាញ​នៅ​ស្ថាប័ន​ព​ន្ធុ​សាស្ត្រ​អាមេរិក (Genetics Society of America)​។ ប្រែ​សម្រួល​ដោយ សើ សា​យ្យា​ណា​