​លោក កឹម សុខា បញ្ជាក់ថា​ខ្មែរ​មាន​ឈាម​អ្នកស្នេហាជាតិ​មិន​សាបរលាប​ឡើយ​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃនេះ​បានបញ្ជាក់​ថា បើ​យោងតាម​ការសង្កេត​រប​ស់លោក​ផ្ទាល់​លោក​យល់ឃើញថា ទោះបី​ក្នុង​កាលៈទេសៈ​ខ្លះ ក្នុង​ក្រុម ឬ​គណ​ប​បក្សនយោបាយ​ខ្លះ មិនអាច​បញ្ចេញ​នូវ​ស្មារតី ស្នេហា​ជាតិ​ក៏ដោយ ក៏ប៉ុន្តែ​លោក​នៅតែ​មានជំនឿថា ខ្មែរ​មាន​ឈាម​អ្នកស្នេហាជាតិ មិន​សាបរលាប​ឡើយ​។

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ល្មម​ដល់ពេល​វេលា ដែល​ខ្មែរ​យើង​ត្រូវ​បង្កើន​ការជឿទុកចិត្ត​គ្នា តាមរយៈ​ការបង្ហាញ​នូវ​ឧ​ត្ត​ម​គតិ និង​ការទទួលស្គាល់​នូវ​តម្លៃ​ថា យើង​ជា​ខ្មែរ​សុទ្ធ​តែមាន​ឈាមជ័រ​ជា​អ្នក​ស្រឡាញ់​ជាតិខ្មែរ​ដូចគ្នា ទោះបី​កំពុង​ដឹកនាំ ឬ​គាំទ្រ​គណបក្សនយោបាយ​ផ្សេងគ្នា​ក៏ដោយ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​យើង​ត្រូវ​ផ្តល់នូវ​សេចក្តីសុខ​ឲ្យ​គ្នា​ទៅវិញទៅមក ឈប់​លាប​ពណ៌​គ្នា ឈប់​គំរាមកំហែង​គ្នា ឈប់​កាប់សម្លាប់​គ្នា ឈប់​គុំកួន សងសឹក​គ្នា ដោយ​ងាក​មក​រិះរក​គំនិត​ជា​វិជ្ជមាន​ដើម្បី បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ ការពារ​មាតុភូមិ​កម្ពុជា និង​កសាង​ជាតិខ្មែរ​ជាមួយគ្នា ឲ្យ​ថ្លៃថ្នូរ​សម្បូរ​រុងរឿង​សម្រាប់​អនាគត​ខ្មែរ​យើងទាំងអស់គ្នា​វិញ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​ក៏បាន​បញ្ជាក់ដែរថា យុវជន​បន្តវេន​ដើម្បី​បុព្វហេតុ​ជាតិខ្មែរ​ត្រូវ​ចាប់​ផ្តើមចេញពី​យុវជន​ម្នាក់ៗ ទាំង​ពាក្យសំដី ទាំង​គម្រោង​ផែនការ មាន​ភាពទន់ភ្លន់ ជាក់លាក់​ច្បាស់លាស់ ក្នុងការ​តស៊ូ​មតិ ពន្យល់​ផ្សព្វផ្សាយ ដោយ​ចៀសវាង​នូវ​គំនិត​ស្មារតី​មានតែ​អញ ចេះ​តែឯង ជេរប្រមាថ ដោយ​ពុំបាន​ទទួលស្គាល់ និង​ផ្តល់​តម្លៃ​ដល់​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​មនុស្ស​ថ្លៃថ្នូរ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្ថែមថា ក្នុងនាម​ជា​យុវជន​បន្តវេន ត្រូវខិតខំ​សិក្សា​បន្ថែម​ពី​សង្គម​ពី​ប្រជាពលរដ្ឋ និង​ពី​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងការ​រៀបចំ​សង្គម​ឲ្យ​សមស្រប​ទៅតាម​ភាពជាក់ស្តែង​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា យុវជន​បន្តវេន ដើម្បី​បុព្វហេតុ​ជាតិខ្មែរ​ត្រូវការ​ចាំបាច់​ជាទីបំផុត​នូវ​ការរៀបចំ​ខ្លួន ខិតខំ​រៀនសូត្រ ថែរក្សា​សុខភាព គំនិត​ស្មារតី ប្រាជ្ញា​វាងវៃ​ជ្រះថ្លា ដើម្បី​ចូលរួមចំណែក​ក្នុងនាម​ជា​យុវជន​សកម្ម រៀបចំ​សង្គមជាតិ​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​គិតគូរ​ហ្មត់ចត់ ម៉ឺងម៉ាត់ មោះមុត ក្លាហាន​ក្នុងការ​ទទួលខុសត្រូវ និង​ការធ្វើកំណែទម្រង់​ជា​វិជ្ជមាន ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​មាតុភូមិ​កម្ពុជា​ទាំងមូល​៕

13680744_1420791874604774_4680314613715762528_n