ទឹម រ​ដ្ឋា មិន​ឈឺចិត្ត​នឹង​អតីត​សង្សារ​បង្អួត​គូ​ថ្មី

រាជធានី​ភ្នំពេញ ៖ ធ្លាប់​ស្និទ្ធស្នាល ផ្អែមល្ហែម​ក្នុង​នាម​ជា​គូសង្សារ តែ​ទឹម រ​ដ្ឋា មិន​ឈឺចាប់​ទេ ពេល​អតីត​គូស្នេហ៍​រកបាន​គូស្នេហ៍​ថ្មី ។ ទឹម រ​ដ្ឋា​បាន​ជូនពរ​គូស្នេហ៍​របស់​នាង​ឱ្យ​ជួប​តែ​ភាព​សុខសាន្ត​កុំ​បែកបាក់​គ្នា ។

ជិត​២​ឆ្នាំ​ហើយ​ដែល​ចំណង​ស្នេហ៍​តារា​ម៉ូ​ដែល​ទឹម រ​ដ្ឋា និង​អ្នកជំនួញ​ប៉ា​គី​ស្ថាន​លោក  Zak Ky បែកបាក់​មិន​អាច​ផ្សះផ្សា​បាន ។ ទឹម រ​ដ្ឋា នៅ​មិន​ទាន់​បណ្តើរ​ប្រុស​ថ្មី​ទៀត​នៅឡើយ ។ ចំណែក​អតីត​គូស្នេហ៍​របស់​ទឹម រ​ដ្ឋា បាន​បង្ហាញមុខ​សង្សារ​ថ្មី​ជា​សាធារណៈ ។ នា​ពេល ថ្មី​ៗ​កន្លង​មក​ទឹម រ​ដ្ឋា​និយាយ​ថា នាង​មាន​សេរីភាព​ច្រើន​ជា​មុន ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​បុរស​បរទេស​ច្រើន​ទាក់ទង​សុំ​ស្នេហ៍ ។ កន្លង​មក​ដើម្បី​ឲ្យ​ស្នេហា​ចុះសម្រុង រ​ដ្ឋា​ថា​នាង​កាត់​បន្ថយ​ការងារ​សិល្បៈ ទោះ​មាន​អ្នកដឹកនាំ​សិល្បៈ​ហៅ​ថត នាង​បាន​បដិសេធ ទុក​តែ​ការ​ដើរ​ម៉ូ​ដ​ប៉ុណ្ណោះ ។ ធ្វើ​បែប​នោះ​ដើម្បី​ចៀសវាង​ការ​ប្រចណ្ឌ​ហួងហែង ។ ក្រោយ​បែក​គ្នា​២​ឆ្នាំ​មកនេះ រ​ដ្ឋា​មានការ​ងារ​ច្រើន​ជាង​មុន​ទាំង​ការ​ងារ​ជា​ពិ​ធិ​ការិនី ការងារ​បង្ហាញ​ម៉ូ​ដ ច្រៀង និង​សម្តែង​។ «​ក្រោយ​បែក​សង្សារ​ចាស់​នាង​ខ្ញុំ​មិន​ទាន់​មាន​អ្នក​ថ្មី​នៅឡើយ​ព្រោះ​ចង់​ទុក​ពេល​សម្រាប់​ខ្លួនឯង​ជាមួយនឹង​ការងារ​សិល្បៈ ប៉ុន្តែ​មាន​អ្នក​តាម​ស្នេហ៍​ច្រើន ពិសេស​គឺ បុរស​ៗ​ជនជាតិ​អឺរ៉ុប​» ។

ចំណែក​អតីត​សង្សារ​កញ្ញា​ទឹម រ​ដ្ឋា គឺ​លោក Zak Ky បាន​បង្ហាញ​រូបថត​កៀកកើយ​ជា​ច្រើន​សន្លឹក​ជាមួយ​សង្សា​ថ្មី​ឈ្មោះ Helyda ។

អតីត​គូស្នេហ៍​ចាស់​បង្ហាញ​សង្សារ​ថ្មី​បែប​នោះ ទឹម រ​ដ្ឋា ចាត់ទុកជា​រឿង​ធម្មតា បែក​គ្នា​យូរ​មក​ហើយ​នាង​លែង​នឹកនា​សង្សារ​ចាស់​នោះ​ហើយ ។ ក្រោយ​បែក​គ្នា​ជា​យូរ​មករ​ដ្ឋា​មិន​ដែល​ទាក់ទង​គ្នា​សូ​ម្បី​តែ​បន្តិច​គឺ​ដាច់​ស្រឡះ​តែ​ម្តង​។ ទោះជា​អតីត​សង្សារ​បង្ហាញ​គូស្នេហ៍​ថ្មី​ជានា​រី​ដែល​មាន​សម្រស់​ស្រស់​សោភា​ក្តី រ​ដ្ឋា​មិន​ឈឺចិត្ត​ស្អិត​ទ្រូង ឬ​រក​ស្នេហ៍​ថ្មី​មក​ជំនួស​ស្នេហ៍​ចាស់​ទេ ។ មិន​ទាន់​ចង់​ពាក់ព័ន្ធ​នឹង​ស្នេហា ព្រោះ​បុរស​ភាគច្រើន​ដែល​ស្រឡាញ់​នាង​ហាក់​មិន​ផ្តល់​ឱកាស​ច្រើន​សម្រាប់​ការងារ​សិល្បៈ​របស់​នាង ។ រ​ដ្ឋា​នឹង​ស្រូប​យក​ការងារ​សិល្បៈ​ឲ្យ​កាន់តែ​ខ្លាំង​ព្រោះ​ពី​មុន​ផុងខ្លួន​ចំណាយពេល​ទៅ​ពិសោធន៍​ស្នេហ៍ ប៉ុន្តែ​អត់​បាន​អ្វី​មក​វិញ​ទេ ក្រៅពី​ការ​បែកបាក់ ។ រ​ដ្ឋា​មិន​ចង់​បណ្តោយ​ឱកាស​សម្តែង​ភាពយន្ត​បាត់បង់​ទេ ខណៈ​មានការ​ទាក់ទង​ឱ្យ​សម្តែង​ច្រើន ។ «​គិតគូរ​ជាមួយ​អ្នក​ថ្មី​នាំ​ឲ្យ​មាន​អារម្មណ៍មិនល្អ ។ ស្នេហា​ពិបាក​ណាស់​ពេល​ខ្លះ​តាម​យកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ខ្ញុំ​ខ្ជិល​ខ្វល់ ពេល​ណា​ពេល​ហ្នឹង​តែ​ម្តង​ចុះ​» ។ រ​ដ្ឋា​និយាយ​បែប​នេះ ។

ទឹម រ​ដ្ឋា បាន​ចូលរួម​សម្តែង​ភាពយន្ត​ជា​បន្តបន្ទាប់ ដូច​ជា​នៅ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ឲ្យ​ផលិតកម្ម​អិ​ល​ឌី​, ថត​ឲ្យ​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា​,  ថត​ឲ្យ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ព្រមទាំង​រឿង​ដុំ​មួយ​ចំនួន​ទៀត ៕