ចាន់ វឌ្ឍនាកា ​មិន​ខ្វល់​ស្បែក​ជើង​មាស សំខាន់​បឹង​កេត​ត្រូវ​លើក​ពាន​ឆ្នាំ​នេះ

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​កំពុង​នាំ​មុខ​គេ​ក្នុង​តារាង​ Top Scorers ​ដោយ​រក​បាន​១៩​គ្រាប់ លើស​អ្នក​លេខ​​ពីរ (Choe Myong Ho) ​ចំនួន​៣​គ្រាប់ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ។

 

ចាន់ វឌ្ឍនាកា ​មិន​ខ្វល់​ស្បែក​ជើង​មាស សំខាន់​បឹង​កេត​ត្រូវ​លើក​ពាន​ឆ្នាំ​នេះ

 

បើ​ទោះ​បី​ជា​ភាគរយ​ក្នុង​ការ​ទទួល​បាន​ស្បែក​ជើង​មាស​មាន​ច្រើន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​កីឡាករ​មក​ពី​ខេត្ត​កំពត​រូប​នេះ មិន​ខ្វល់ខ្វាយ​ច្រើន​នោះ​ទេ ដោយ​បច្ចុប្បន្ន​រូបគេ​គិត​តែ​ពី​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​បឹង​កេត​អង្គរ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ប៉ុណ្ណោះ។

 

“ខ្ញុំ​អត់​ហាន​និយាយ​រឿង Top Scorer ​ទេ ….ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​នឹង​ខំ​ប្រឹង​ជួយ​ក្រុម​បឹង​កេត​លើក​ពាន។ Top Scorer ​បាន​ឬ​មិន​បាន ​គ្មាន​អី​ត្រូវ​បារម្ភ​ទេ។ នៅ​សល់​៤​ប្រកួត​ទៀត ដូច្នេះ​មិន​ទាន់​ដឹង​ទេ​ថា​នរណា​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ”។ សម្ដី​របស់ ​ចាន់ វឌ្ឍនាកា ។

 

ចាន់ វឌ្ឍនាកា ​មិន​ខ្វល់​ស្បែក​ជើង​មាស សំខាន់​បឹង​កេត​ត្រូវ​លើក​ពាន​ឆ្នាំ​នេះ

 

គិត​ត្រឹម​សប្ដាហ៍​ទី​១៤​នេះ ​ចាន់ វឌ្ឍនាកា ​រក​បាន​១៩​គ្រាប់​ហើយ​ឈរ​នៅ​លើ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ខណៈ​ដែល​លេខ​២ ​បាន​បាន​ទៅ​លើ Choe Myong Ho ​រក​បាន​១៦​គ្រាប់ ​លេខ​៣​បាន​ទៅ​លើ Moramatsu Tomoki ​របស់​ Cambodian Tiger ​រក​បាន​១២​គ្រាប់។

 

៤​ប្រកួត​ចុង​ក្រោយ​របស់​បឹង​កេត​ នឹង​ត្រូវ​ប៉ះ​ជាមួយភ្នំពេញ​ក្រោន ស្វាយរៀង ប៉ូលិស និង​ប្រកួត​ចុង​ក្រោយ​ប៉ះ​ជាមួយ​ណាហ្គាវើល៕

 

អត្ថបទ៖ មុន្នី រម្យ