ព័ទ្ធ​ផ្ទះ​នា​យទាហាន​ម្នាក់ រក​ឃើញ​ឈើ​ប្រណីត​ជា​ច្រើន

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​នាយទាហាន​វរ​សេនា​តូច​ការពារ​ព្រំដែន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ​ឃើញ​លាក់​ទុក​ឈើ​ប្រណីត​ជា​ច្រើន​ដុំ ។ ប្រតិបត្តិការ​នេះ​នេះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សូ សុវិជ្ជា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅផ្ទះ​លោក ឆាយ វ៉ា​ត ស្ថិត​នៅ​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី  ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក ឆាយ វ៉ា​ត គឺជា​មេ​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​តែ​បទល្មើស​ព្រៃឈើ​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បាន​ឈើ​ប្រណីត​នៅ​ក្នុងផ្ទះ​លោក ឆាយ វ៉ា​ត ដែល​លាក់​ទុកជា​ច្រើន​ដុំ​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា លោក ឆាយ វ៉ា​ត តែងតែ​បង្ក​បញ្ហា​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជា​ញឹកញាប់ ដោយសារ​ពេល​រកស៊ី​ឈើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់ ។

ជាក់ស្តែង​ថ្ងៃ​ទី​៤​សីហា​ម្សិលមិញ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​លោក ឆាយ វ៉ា​ត ដែល​ជា​នាយទាហាន​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣ កងអនុសេនាធំ​លេខ​២ ប្រមូល​បាន​ឈើ​ប្រណីត​ចំនួន​៩០​ដុំ នាំ​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីហា ហើយ​បើ​គិត​ជា​ម៉ែត្រគូប​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ដោយសារ​ខាង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​មិន​ទាន់​បាន​ធ្វើការ​វាស់វែង ៕