តោ​ថ្ម​ថ្មី​នៅ​គល់​ស្ពាន​កំពង់ធំ​ជំនួស​តោ​ចាស់​ចូល​សារមន្ទីរ

ខេត្តកំពង់ធំ ៖ លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចូលរួម​ជា​អធិបតី កាលពី​ព្រឹក​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៦ ក្នុង​ពិធី​ក្រុង​ពលី​ដាក់​ឱ្យ​ប្រើប្រាស់​រូបសំណាក​តោ​ថ្ម​ថ្មី នៅ​គល់​ស្ពាន​កំពង់ធំ​។ ពិធី​នោះ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ចំនួន​ជាង​១០០​នាក់ ។

តោ​ថ្ម​ថ្មី​នោះ​ដាក់​ជំនួស​រូបសំណាក​តោ​ថ្ម​ចាស់​ពី​បុរាណ​ដែល​ត្រូវ​នាំ​យក​ទៅ​ជួសជុល​នៅ​សារមន្ទីរ​ជាតិ​ដោយសារ​រង​ការ​ទ្រុឌទ្រោម ។ បន្ទាប់​ពី​ជួសជុល​រួច​តោ​ថ្ម​ចាស់​ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​មរតក​តេ​ជោ នៅ​ខេត្តព្រះវិហារ​វិញ ។

លោក​ជុច ភឿន ថ្លែង​ឱ្យ​ដឹង​ថា តោ​ថ្ម​ចាស់​បុរាណ​នោះ គឺ​នៅ​សល់​តែ​មួយ​គត់​ដែល​លោក​អភិបាលខេត្ត​ជំនាន់​មុន​យក​ពី​ប្រាសាទ​កោះ​កេរ ខេត្តព្រះវិហារ ដាក់​តាំង​តម្កល់​នៅ​គល់​ស្ពាន​កំពង់ធំ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​គោរព និង​បួងសួង​សុំ​សេចក្តីសុខ ។ ចំពោះ​ពិធី​ក្រុង​ពលី​ប្រសិទ្ធិ​ពរ​ជ័យ​ដាក់​ឲ្យ​ប្រើប្រាស់​រូបសំណាក​តោ​ថ្ម​ថ្មី​នេះ គឺ​ធ្វើ​ទៅ​តាម​ទំនៀមទម្លាប់​តាំងពី​បុរាណ​មក ។

រូបសំណាក​តោ​ថ្ម​ថ្មី​នោះ​ផលិត​ពី​ថ្ម​ធម្មជាតិ​ភ្នំ​ត្បែង ខេត្តព្រះវិហារ​ដែល​មាន​អាយុកាល​ជាង​៨០០​ឆ្នាំ ៕