ជួសជុល​ស្ពាន​ឥន្ទធនូ​ តាម​អនុសាសន៍​សម្ដេច​តេ​ជោ

ខេត្តកំពត ៖ អនុវត្ត​តាម​អនុសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យ​ស្ពាន​ឥន្ទធនូ​ឆ្លងកាត់​ព្រែក​កំពត​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា លោក ចាន់ ចេស្តា អភិបាលខេត្ត រួម​នឹង​ក្រុមការងារ ព្រមទាំង​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត បាន​អញ្ជើញ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ស្ថានភាព​ដែល​ត្រូវ​ធ្វើការ​ជួស ជុល​កន្លែង​ខូច​ឡើង​វិញ ។

ស្ពាន​ឥន្ទធនូ​នេះ​បាន​កសាង​តាំងពី​ជំនាន់​អាណានិគមនិយម​បារាំង ហើយ​យោង​តាម​អនុសាសន៍​បើ​អាច​ជួសជុល​បាន​គួរតែ​ជួសជុល ហើយ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​វិញ ដើម្បី​សម្រួល​ពី​ការ​ធ្វើ​ដំណើរ​លើ​ស្ពាន​ថ្មី ដល់​សិស្សសាលា​និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​យានយន្ត​ធុន​តូច​ដូច​ជា ម៉ូតូ កង់ និង​ថ្មើរជើង​ជាដើម ។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ដើម្បី​រៀបចំ​ជួសជុល​ឡើង​វិញ​នេះ លោក​អភិបាលខេត្ត​បាន​ឲ្យ​ស្ថាប័ន​ជំនាញ​វាយតម្លៃ​ការ​ចំណាយ​ថវិកា​ជួសជុល និង​ពេលវេលា​ជួសជុល តើ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន និង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ទើប​ជួសជុល​ហើយ ដើម្បី​បើក​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់ ។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា បើ​ការ​ជួសជុល​រយៈពេល​យូរ គឺ​យើង​ត្រូវ​បើក​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​បណ្តើរ​ជួសជុល​បណ្តើរ តែបើ​ការ​ជួសជុល​មាន​រយៈពេល​ឆាប់ យើង​មិន​ទាន់​បើក​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទេ នៅ​ពេល​ជួសជុល​ហើយ​រួចរាល់ ទើប​បើក​ឲ្យ​បងប្អូន​ធ្វើ​ចរាចរណ៍​បាន ។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​ទៀត​ថា ទោះបីជា​យ៉ាងណា​ក៏​ត្រូវ​ព​ន្លឿ​ន​ការ​ជួសជុល​ស្ពាន​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​បើក​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​នៅ​ពេល​ដ៍​ខ្លី​ខាង​មុខ​នេះ​ដែរ ។ ប៉ុន្តែ​ការ​ធ្វើ​ចរាចរណ៍​លើ​ស្ពាន​ដែល​ចាស់​ទ្រុឌទ្រោម​នេះ អនុញ្ញាត​ឲ្យ​បើកបរ​តែ​ម៉ូតូ កង់ និង​ថ្មើរជើង​ប៉ុណ្ណោះ គឺ​មិន​អាច​ឲ្យ​រថយន្ត​តូច​ធំ​ឆ្លងកាត់​បាន​ទេ េ​ដោយសារ​ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ៕