ស្ត្រី​ជនជាតិ​ហ្វ៊ី​លី​ពី​ន​2​នាក់ ប្រើ​ល្បិច​បោក​ស្ត្រី​អា​មេ​រិ​ក បបួល​លេងល្បែង​កៀប​ស៊ី

ស្ត្រី​ជនជាតិ​ហ្វ៊ី​លី​ពី​ន​2​នាក់ ប្រើ​ល្បិច​បោក​ស្ត្រី​អា​មេ​រិ​ក បបួល​លេងល្បែង​កៀប​ស៊ី



ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជា គឹ​ម​សាន ស្នងការ​រង ជា​ប្រធាន​ការិយាល័យ​កណ្ដាល​អន្តោប្រវេសន៍ និង​លោក​វរសេនីយ៍ទោ ហួត សុធី
ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​សន្តិសុខ និង​សម្របសម្រួល​ដោយ​លោក កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ហ្វ៊ី​លី​ពី​ន​២​នាក់ ដោយ​ជាប់ចោទ​លួងលោម​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ យក​ទៅ​កៀបស៊ី ដោយ​ការ​លេង​ល្បែងស៊ីសង​។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​នាំ​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សាកសួរ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

ការ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ទាំង​២​នាក់​នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែសីហា នៅផ្ទះ​ជួល​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ លោក​វរសេនីយ៍ទោ ជា គឹ​ម​សាន ស្នងការ​រង ថ្លែង​ថា ការ​ឃាត់ខ្លួន​នេះ​គឺ​មានការ​សហការ​ជាមួយ​លោក​វរសេនីយ៍ទោ ហួត សុធី បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនជាតិ​អា​មេ​រិ​កម្នា​ក់ថា រូប​គាត់​ត្រូវ​ស្ត្រី​ហ្វ៊ី​លី​ពី​ន​២​នាក់​ឆបោក ដោយ​ការ​លួងលោម​ឲ្យ​លេងល្បែង​ស៊ីសង​ដោយ​កៀបស៊ី អស់​លុយ​ចំនួន​៤៨០​ដុល្លារ ។

ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត និង​មានការ​ឯកភាព​ពី​លោក កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចំណុះ​ឲ្យ​ផែន​នីមួយ​ៗ​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ហ្វ៊ី​លី​ពី​ន​ទាំង​២​នាក់​យក​មក​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​សមត្ថកិច្ច​នាំ​មក​កាន់​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត​រួច​មក ស្ត្រី​ហ្វ៊ី​លី​ពី​ន​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ ពួក​គេ​ទាំង​ពីរ​នាក់​បាន​លួងលោម​ស្ត្រី​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ WARREN JAQUIN ADITA ហៅ JACKI ឲ្យ​មក​លេងបៀ​នៅផ្ទះ​របស់​ខ្លួន ហើយ​ប្រើ​ល្បិច​កៀបស៊ី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

លោក​វរសេនីយ៍ទោ វ៉ា​ន់ រិ​ទ្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ហ្វ៊ី​លី​ពី​ន​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ​នេះ ម្នាក់​ឈ្មោះ VICHITCHAT CHRISTINA អាយុ​៥១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EC2170633 និង​ម្នាក់​ទៀត ឈ្មោះ EGUEZ JERMYEONEE ANN អាយុ​៤០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EB7997414 ។

ស្ត្រី​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕