ជំងឺ​ចម្លែក សម្លាប់​ក្មេងៗ​៣០នាក់ នៅ​មីយ៉ាន់ម៉ា

យ៉ាង​ហោច​ណាស់​មាន​ក្មេងៗ​ចំនួន​៣០នាក់​បាន​ស្លាប់ នៅ​ក្នុង​តំបន់ Naga ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែមិថុនា កន្លង​ទៅ​នេះ ដោយសារ​តែ​ជំងឺ​ចម្លែក ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ដកដង្ហើម។

 

ជំងឺ​ចម្លែក សម្លាប់​ក្មេងៗ​៣០នាក់ នៅ​មីយ៉ាន់ម៉ា

ប្រជាពលរដ្ឋមីយ៉ាន់ម៉ា​​ក្នុង​តំបន់​ដែល​កំពុង​រង​ជំងឺ​ឆ្លង

 

លោក Kay Sai ជា​អ្នក​គ្រប់គ្រង​ក្នុង​មូលដ្ឋាន​ខាងលើ បាន​និយាយ​ថា រដ្ឋាភិបាល​មិន​បាន​ចាត់​ជំនួយ​ណា​មួយ​ឡើយ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ដ៏​ចម្លែក​នេះ កាល​ពី​២ខែ​មុន នៅ​ក្នុង​ទី​ប្រជុំជន Nanyun និង Lahe ក្នុង​តំបន់ Naga ដែល​ជា​តំបន់​ក្រីក្រ​បំផុត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ជន​រងគ្រោះ​ភាគច្រើន​មាន​អាយុ​តិច​ជាង ៥ឆ្នាំ ខណៈ​ក្រុម​មន្រ្តី​មិន​អាច​កំណត់​អត្តសញ្ញាណ នៃ​ជំងឺ​ចម្លែក​នេះ​បាន​ឡើយ តែ​វា​ហាក់​បី​ដូច​ជា​ជំងឺឆ្លង។ ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​ហាមឃាត់​ប្រជាជន​ជា​បណ្តោះ​អាសន្ន មិន​ឲ្យ​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​នោះ​ឡើយ ដើម្បី​ការពារ​ពី​ការ​ឆ្លង។ នេះ​បើ​តាម​លោក Sai បាន​បញ្ជាក់។

 

គួរ​បញ្ជាក់​ថា រោគ​សញ្ញា​នៃ​ជំងឺ​នេះ​បាន​ផុស​ឡើង កាល​ពី​ដើម​ខែ​មិថុនា ដោយ​អ្នក​ស្រុក​ជា​ច្រើន​នាក់​មាន​រោគ​សញ្ញា ឈឺភ្នែក ក្អក និង រាគ។ រយៈ​ពេល​មួយ​ខែ​ក្រោយ​មក ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ គួប​ផ្សំ​ទាំង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បំផ្លាញ​ដំណាំ​ក្នុង​ស្រុក ផ្លូវ និង ស្ពាន ទៀតផង។

 

ទោះ​ជា​យ៉ាង​ណា បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ពី​ក្រសួង​សុខាភិបាល ក្នុងទីក្រុង Lahe បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន ១៦២នាក់ បាន​ជា​សះស្បើយ​ពី​រោគ​សញ្ញា បន្ទាប់​ពី​ទទួល​បាន​ការព្យាបាល និង ជំនួយ​ពី​បុគ្គលិក​ពេទ្យ កាល​ពី​ថ្ងៃ​ទី២៤ ខែកក្កដា កន្លង​ទៅ​នេះ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ asiancorrespondent