ទេសភាព​ព្រៃ​ភ្នំ​ដ៏​ប្រណីត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ជាប់​ព្រំដែន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត រៀបចំ​ឈូស​ឆាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ នៅ​ជាប់​នឹង​ក្រវាត់​ព្រំដែន​ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង ស្ថិត​នៅ​ចំណុច​អូរ​ទុរេន​២​ដើម ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន មក​បើ​គេ​បើក​ម៉ូតូ ឬ​រថយន្ត ហើយ​ក្រឡេក​មើល​ជុំវិញ​ដងផ្លូវ​នោះ​នឹង​ឃើញ​ព្រៃ​ភ្នំ​ពណ៌​ខៀវស្រងាត់​គួរ​ឱ្យ​ចង់​គយគន់​គាប់​ភ្នែក ។

អ្នក​រស់នៅ​ក្បែរ​ដងផ្លូវ​នោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រៀបរាប់​ឱ្យ​ដឹង​ថា ផ្លូវលំ​១​ខ្សែក្រវាត់​ព្រំដែន​នោះ​ត្រូវ​អាជ្ញាធរ​ខេត្ត យក​គ្រឿងចក្រ​ឈូស​ឆាយ​កាលពី​ឆ្នាំ​២០១៥ ហើយ​រហូត​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ និង​អ្នកទេសចរ អាច​បើកបរ​ម៉ូតូ និង​រថយន្ត​ទៅ​លេង​កម្សាន្ត​នៅ​តាម​ដងផ្លូវ​នោះ​បាន និង​មាន​អ្នក​ភូមិ​ខ្លះ​បង្កើត​ជា​ខ្យូ​ស​ក្បែរ​ជើងព្រៃ សម្រាប់​ទទួល​អ្នកទេសចរ​ចូល​ទៅ​សម្រាក​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ ។

ជា​រៀងរាល់ថ្ងៃ​ឈប់​សម្រាក ពិសេស​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ និង​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ មនុស្ស​ម្នា ក្មេង​ចាស់ ប្រុស​ស្រី​នាំ​គ្នា​ទៅ​លេង​កម្សាន្ត គយគន់​មើល​ទេសភាព​ព្រៃ​ភ្នំ ។ ទោះជា​យ៉ាងណា​ក្តី ដោយសារ​មាន​សភាព​ស្ងប់ស្ងាត់​ពេក អ្នកទេសចរ​មិនសូវ​ស្នាក់​នៅ​រហូត​ដល់​ល្ងាច​ប៉ុន្មាន​ទេ ភាគច្រើន​ត្រឹមតែ​ម៉ោង​៤​ទៅ​៥​ល្ងាច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ រៀង​ៗ​ខ្លួន​វិញ​ហើយ ។

អ្នកទេសចរ​មួយ​ចំនួន ដែល​ធ្លាប់​ដើរ​លេង​កម្សាន្ត​ទស្សនា​ព្រៃឈើ​តំបន់​ភ្នំ​នោះ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ធ្វើ​ការងារ​នឿយហត់​អស់កម្លាំង និង​មាន​អារម្មណ៍​តានតឹង ពួក​គាត់​បាន​បបួល​ក្រុម​គ្រួសារ មិត្តភក្តិ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​នោះ ហើយ​ថត​ផ្តិត​យក​រូបភាព​ធម្មជាតិ​ដ៏​ស្រស់បំព្រង ។ ការ​ដើរ​លេង​នៅ​ក្បែរ​ព្រៃ​ភ្នំ​ពិតជា​ត្រជាក់​ស្រួលខ្លួន និង​សប្បាយ​រីករាយ​បាត់​អស់​កង្វល់ និង​ការ​នឿយហត់ ។ នៅ​ទីនោះ​បានឮ​សូរ​សំឡេង​សត្វ​រៃកណ្តឹង​យំ​យ៉ាង​កងរំពង និង​សត្វព្រៃ​មួយ​ចំនួន​ស្រែកយំ​ប្រឡែង​គ្នា​នៅ​ក្នុង​ព្រៃ ។ ដូច្នេះ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​ផ្លូវ​ក្បែរ​ព្រៃ​នោះ​រីករាយ​ប្លែក​អាម្ម​ណ៍ ។

អ្នក​ភូមិ​វ័យ​ចំណាស់​មួយ​ចំនួន​បាន​សម្តែង​ក្តី​រីករាយ​ដែល​អាជ្ញាធរ​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​នោះ​សម្រាប់​ងាយស្រួល​ធ្វើ​ដំណើរ និង​អ្នកទេសចរ​អាច​ទៅ​លេង​កម្សាន្ត​ទស្សនា​ព្រៃ​ភ្នំ៕