ACU៖ មណ្ឌលប្រឡង បាក់ឌុបខ្លះ នៅមានបញ្ហា ប្រឈមមួយចំនួន

ភ្នំពេញ៖ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) បានប្រកាសឲ្យដឹងថា មណ្ឌលប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ នៅមានបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ។

យោងតាមលទ្ធផល នៃការចុះពិនិត្យមណ្ឌលប្រឡង បាក់ឌុបតាមរាជធានី-ខេត្ត របស់អង្គភាពប្រឆាំង អំពើពុករលួយ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា បញ្ហាប្រឈម និងចំណុចខ្វះខាតទាំងនោះ មានដូចជា អគារក្នុងមណ្ឌលប្រឡងខ្លះ មានសភាពទ្រុឌទ្រោម, បញ្ហាអនាម័យ និងការលួចលាក់ធ្វើអាជីវកម្ម ថតចម្លង ដែលមានទីតាំងនៅ ជិតមណ្ឌល ដែលត្រូវកែលំអរជាបន្ទាន់ តាមរយៈការដាក់ចេញនូវវិធានការ សមស្របនានា ។

ប្រភពដដែល បានបន្ថែមថា ភាគីពាក់ព័ន្ធនីមួយៗ ត្រូវយកចិត្តទុដាក់ បន្តការផ្សព្វផ្សាយ អប់រំ ស្តីពីច្បាប់ និងបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការប្រឡង ដល់ប្រជាពលរដ្ឋ អាណាព្យាបាលសិស្ស និងកងកម្លាំងដែលចូលរួម រក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅថ្ងៃទី២២-២៣ ខែសីហាមានបេក្ខជន ប្រឡងសរុបចំនួន ៩៣ ៧៥២នាក់ និងមានមណ្ឌលប្រឡងចំនួន ១៥៧មណ្ឌល ចែកចេញជា ៣ ៧៨១បន្ទប់ នៅរាជធានី-ខេត្តទាំង ២៥ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា    នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំការប្រឡង សញ្ញាបត្របាក់ឌុបឆ្នាំ២០១៦ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ក្រសួងកំណត់យកពិន្ទុចំនួន២២៤ពិន្ទុ គឺជាប់។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងក្នុងពិធីនេះថា វិញ្ញាសារក្នុងការប្រឡងបាក់ឌុបខាងមុខនេះ នៅតែដដែលមិនបន្ធូរនោះទេ។ លោកបន្ថែមទៀតថា កាលពីប្រឡងបាក់ឌុបឆ្នាំមុនៗ សង្កេតឃើញថា បេក្ខជនប្រឡងមានការធ្លាក់ច្រើន លើមុខវិជ្ជាគណិតវិទ្យា ហើយបេក្ខជនជាប់ច្រើន ក្នុងមុខវិជ្ជាភាសាខ្មែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យ បេក្ខជនប្រឡងទាំងអស់ សូមមកមណ្ឌលប្រឡងឲ្យមានមុនម៉ោង ដើម្បីងាយស្រួលដល់ការប្រឡង ការពារភាពយឺតយ៉ាវការប្រឡង។ ជាពិសេសជាងនេះ លោកបានជំរុញឲ្យបេក្ខជន ខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីត្រៀមប្រឡងនៅថ្ងៃ២២ ខែសីហា ខាងមុខនេះ ដែលនៅសល់មិនដល់១ខែទៀតនោះទេ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ACU៖ មណ្ឌលប្រឡង បាក់ឌុបខ្លះ នៅមានបញ្ហា ប្រឈមមួយចំនួន