និគមជន​យួន​រស់នៅក្នុង​ខេត្តស្ទឹងត្រែង កំពុង​បង្កបញ្ហា​យ៉ាងច្រើន​ដល់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​និគមជន​យួន​ដែល​រស់នៅក្នុង​ខេត្តស្ទឹងត្រែង កំពុង​បង្កបញ្ហា​សព្វបែបយ៉ាង ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ចាត់វិធានការ​អនុវត្ត​ន៍​តាមច្បាប់​នៅឡើយ​។ ជាក់ស្ដែង​ជនជាតិ​យួន​ដែល​រស់នៅក្នុង​ទន្លេ​និង​តាម​មាត់ទន្លេ​នៃ​ក្រុង​ស្ទឹងត្រែង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹកទន្លេ ក៏ដូចជា​ប្រកប​របរ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត និង​ប្រក​បរបរ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​ស្នងការ​នគរបាល​ខេត្ត​នេះ ចាត់វិធានការ​តាមច្បាប់​ទៅលើ​និគមជន​យួន​ដែល​រស់នៅ​និង​ប្រកប​របរ​រកស៊ី​ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ខ្មែរ​តទៅទៀត​។

តាម​ការកត់សម្គាល់​ពី​មន្ត្រី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​មាន​ជនជាតិ​យួន​មួយចំនួន​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​យោធា មន្ត្រីនគរបាល និង​មន្ត្រី​អាវុធហត្ថ​យ៉ាង​ស្រួល ហើយ​ពួកគេ​បាន​ប្រើ​អំណាច​កាង​ជនជាតិ​យួន​គ្នា​គេ​ដែល​ប្រកប​របរ​នេសាទ​ខុសច្បាប់ ក៏ដូចជា​ប្រកបមុខរបរ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ការដែល​ជនជាតិ​យួន​ចូល​បម្រើ​ការងារ​ជា​មន្ត្រីនគរបាល យោធា និង​កងរាជអាវុធហត្ថ គឺអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​នាពេលខាងមុខ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​។ លើស​នេះ​ទៅទៀត​និគមជន​យួន​រស់នៅក្នុង​ខេត្តស្ទឹងត្រែង មានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​មន្ត្រី​អាជ្ញាធរ​ខ្មែរ​ដូចជា ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ការធ្វើ​សំបុត្រកំណើត ប័ណ្ណ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​ជាដើម​។

ប្រជាពលរដ្ឋនៅក្នុង​ខេត្តស្ទឹងត្រែង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​និគមជន​យួន​ដែល​រស់នៅក្នុង​ខេត្ត​នេះ ព្រោះ​ពួកគេ​មួយចំនួន​ក្លាយជា​មន្ត្រី​យោធា មន្ត្រី​អាវុធហត្ថ និង​មន្ត្រីនគរបាល ហើយ​ប្រើ​តួនាទី​ទាំងនោះ​កាង​ឈ្មួញ​យួន​គ្នា​គេ​ដែល​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​។ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ល្បីល្បាញ​ក្នុង​ខេត្តស្ទឹងត្រែង ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង មាន​ប្ដី​ជា​មន្ត្រីនគរបាល​ខេត្តស្ទឹងត្រែង ហើយ​ឈ្មួញ​រូបនេះ​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ដ៏​ធំ​នៅ​ក្រុង​ស្ទឹងត្រែង ព្រមទាំង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​ជនជាតិ​យួន​ដែល​រស់​នៅតាម​មាត់ទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង បាន​បើក​អាជីវកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម បំពុលបរិស្ថាន និង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​នៅក្នុង​ទន្លេមេគង្គ និង​ទន្លេ​សេគ​ង្គ​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​បង្ក្រាប​ឡើយ​៕

7970_3 KA-09-01-2016-01 image