មិនចង់កុហក់​ទេ តែទាល់​ពេក​

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​បុរស​ម្នាក់​មាន​ជើងដៃ​ល្អ​ តែ​បាន​ក្លែងខ្លួន​ជា​ជន​ពិការ​​បត់ជើង​ដាក់​ក្នុង​ខោ​ខូវប៊​​យ ​ហើយ​អូស​គូទ​តាម​ទី​ប្រជុំជន​ ដើម្បី​សុំទាន​រក​ប្រាក់​ចិញ្ចឹម​ក្រពះ​ បើ​ឃើញ​ពី​ទ​ង្វើ​មើលទៅ​គួរឱ្យ​​ខឹង ​ព្រោះ​នៅ​វ័យក្មេង​ ប៉ុន្តែ​ពេល​ស្តាប់​​ការរៀបរាប់វិញ គឺ​​ពិត​ជា​គួរឱ្យ​​អាណិត​ទៅ​វិញ ​សព្វ​​រស់នៅ​ជាមួយ​កូនប្រុស​២​នាក់ ​ដេក​តាមទី​​វត្ត​អារាម ​។

បុរស​​ក្លែង​ជា​ជន​ពិការ​ខាងលើ​​ឈ្មោះ​អួ​ក ​វិចិត្រ ​អាយុ​៣៦​ឆ្នាំ​ មក​ពី​ឃុំ​មហាលាភ​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។

ប្រភពឱ្យ​ដឹងថា នៅ​ពេល​ឃើញ​ទ​ង្វើ​ឥត​អៀនខ្មាស់​ដដែល​ៗ​ ហើយ​បុរស​រូប​នេះ​ ធ្លាប់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ចាប់​ឱ្យ​ស្រាយ​ខោ​ឱ្យ​មក​​ជា​ជើង​ធម្មតា​វិញ​២ ​ទៅ​៣​ដង​ហើយ កាលពី​ពេល​កន្លង​មក​ ។ ខណៈ​ទៅ​អូស​គូទ​​សុំទាន​ពី​​ភ្ញៀវ​នោះ ។

បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ បុរស​នេះ​បាន​មក​ប្រកប​របរ​ក្លែង​ជា​ជន​ពិការ​សា​ជា​ថ្មីទៀត ​តែ​ពេល​ជួប​សម្ភាស​ន៍​ផ្ទាល់​ ទើប​គួរឱ្យ​​អាណិត​ ដោយ​បុរស​នេះ​រៀបរាប់​ថា​ ខ្លួន​ទីទាល់​ក្រ ពុំ​មានមុខ​របរ​ពិតប្រាកដ​ ហើយ​លើក​ឡើង​ថា​ «​ទៀង​មិនធំ​ជាង​ទាល់​» ​។

បុរស​រូប​នេះ​បន្ត​ថា​ ខ្លួន​ត្រូវ​ប្រពន្ធ​សុំ​លែង​ ហើយ​បន្សល់​​កូនប្រុស​២​នាក់​ រស់នៅ​ជាមួយ ​ដោយ​កូនច្បង​អាយុ​១២​ឆ្នាំ ​កូន​ប្អូន​អាយុ​៨ឆ្នាំ​ មិន​បាន​ចូល​សាលា​ទេ ។ នៅ​ពេល​យប់ ពួកគេ​បាន​​ដេក​​នៅ​តាម​វត្ត​អារាម​ ហើយ​ថា ​កូន​ទាំង២​ពេល​ថ្ងៃ​ ដើរ​រើស​អេ​ត​ចាយ ​។

បុរស​នេះលើក​ឡើង​ថា ​ដោយសារ​​គ្មាន​មុខរបរ​ និង​ដើម​ទុន​​រក​នឹង​គេ​ ទើប​បង្ខំចិត្ត​ក្លែ​ង​​ជា​ជន​ពិការ​សុំទាន​ ដើម្បី​ចិញ្ចឹម​ក្រពះកូន​ទាំង​២​ជាទី​ស្រឡាញ់​។

ដោយឡែក បុរស​ចំណាស់​​ម្នាក់​​ឈ្មោះ​ណាំ​ សែ​ម ​អាយុ​៧៩​ឆ្នាំ​ ជា​អាចារ្យវត្ត​បា​លិ​លេ​យ្យ ​ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​បាន​កោះសន្តិភាព​ថា​ បុរស​ខា​ងលើ​កន្លង​មក​ គឺតែងតែ​នាំ​កូន​ៗ ​ទៅ​ដេក​នៅ​វត្ត​ពិតប្រាកដ​មែន​ ។