ខណៈ​នេះ បុគ្គលិក​កាស៊ីណូ «Eagle King» កំពុង​ផ្ទុះ​ការ​តវ៉ា

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុគ្គលិក​ជាង​១០០​នាក់​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ​«Eagle King» ស្ថិត​ក្នុងស្រុក​កំ​រៀង បាន​ផ្ទុះ​ការ​តវ៉ា​សុំ​បើក​ប្រាក់ខែ​ប្រចាំខែ​កក្កដា ខណៈ​ថៅកែ​ប្រាប់​ថា​ថ្ងៃ​ទី​១៥ សីហា​បាន​បើក​ឲ្យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​តវ៉ា​របស់​បុគ្គលិក​កាស៊ីណូ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ សីហា ២០១៦​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​មិន​បាន​បើក​ប្រាក់ខែ​តាម​ការ​សន្យា​នៅ​ថ្ងៃ​ទី​០៥ សីហា ២០១៦ ខណៈ​ដែល​សព្វដង​គឺ​បើក​ទៀងទាត់​នៅ​រៀងរាល់ថ្ងៃ​ទី​០១​នៃ​ខែ​និ​មួយ​ៗ ។

ប្រភព​បាន​ស្រង់​សំដី​បុគ្គលិក​ដែល​កំពុង​តវ៉ា​នៅ​ខាងក្នុង​កាស៊ីណូ បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​សន្យា​របស់​ថៅកែ​គឺ​នៅ​ថ្ងៃ​សុក្រ​នេះ​ក្រុមហ៊ុន​នឹង​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក ប៉ុន្តែ​ពេល​ដែល​បុគ្គលិក​ទៅ​បើក ថៅកែ​បាន​ប្រាប់​ថា​សុំ​ពន្យារ​បើក​នៅ​ថ្ងៃ​ទី​១៥ សីហា​វិញ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ ទើប​ក្រុម​បុគ្គលិក​ផ្ទុះ​ការ​តវ៉ា​តែ​ម្តង ។

សេចក្តីរាយការណ៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បាន​បន្ត​ថា ថៅកែ​កាស៊ីណូ​«Eagle King»​បាន​គំរាម​ថា បើ​បុគ្គលិក​ណា​ចង់​ឈប់​ធ្វើកា​រក៍​ឈប់​ទៅ ហើយ​ក្រុមហ៊ុន​មិន​បើក​ប្រាក់ខែ​ឲ្យ​នោះ​ថែម​ទៀត ប៉ុន្តែ​ព័ត៌មាន​ចុង​ក្រោយ​ថា ថៅកែ​បាន​ឲ្យ​បុគ្គលិក​ខ្ចីប្រាក់​មួយ​ចំនួន​ដើម្បី​បង់ថ្លៃ​ផ្ទះ ទឹក​និង​ថ្លៃ​ភ្លើង តែ​បុគ្គលិក​នៅ​តែ​មិន​ព្រម ។

ប្រ​ភ​ប​បន្ត​ថា មក​ដល់​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥​សីហា​ដដែល​នេះ ការ​តវ៉ា​នៅ​តែ​បន្ត ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​នោះ​ទេ​៕