មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ផលប៉ះពាល់​លើ​ដំណើរ​ការរៀបចំ​បោះឆ្នោត​ឆ្នាំ​២០១៧-២០១៨

មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​កំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ការរៀបចំ​បោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​ទាំង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​។ មន្ត្រីការទូត និង​អ្នកសង្កេតការណ៍​ឯករាជ្យ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ករណី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ប្រើ​កងទ័ព​សម្រាប់​ការពារ​សន្តិសុខ​នៅពេល​បោះឆ្នោត ព្រោះ​ជា​រូបភាព​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​មានការ​ភ័យខ្លាច​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ប្រទេស​ម្ចាស់ជំនួយ​ជួយ​ឃ្លាំមើល​ការបោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាងមុខនេះ​។

អតីត​ឯកអគ្គរដ្ឋទូត​អា​ល្លី​ម៉​ង់​ប្រចាំ​កម្ពុជា លោក យ័រ​ខេ​ម​ហ្វុ​ន ម៉ា​សសុល ដែល​បញ្ចប់​បេសកកម្ម​ការទូត​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ បាន​ថ្លែងថា​រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​យ៉ាង​មោះ​ម៉ត់​ក្នុង​ការក្ដោបក្ដាប់​អំណាច​របស់ខ្លួន​បន្តទៀត​។ អតីត​ឯកអគ្គរដ្ឋទូត​អា​ល្លី​ម៉​ង់​រូបនេះ​បានលើកឡើង​ទៀតថា ការដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចេញ​បទបញ្ជា​ថ្មី​មួយ​តម្រូវ​ឲ្យ​កងទ័ព​ដែល​កន្លងមក​ពួកគេ​តាំងចិត្ត​ការពារ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដើរតួនាទី​ជា​អ្នករៀបចំ​សន្តិសុខ​នៅពេល​បោះឆ្នោត​ខាងមុខ​នោះ ជា​ចេតនា​មួយ​ក្នុង​ការរក្សា​អំណាច​តទៅទៀត​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​ក្នុងប្រទេស​កម្ពុជា​ទទួល​ស្គាល់​ថា ការវាយតម្លៃ​របស់លោក យ័រ​ខេ​ម​ហ្វុ​ន ម៉ា​សសុល គឺ​ស្របទៅតាម​ស្ថានភាព​ជាក់ស្ដែង​ដែល​កំពុង​កើតឡើង​ក្នុងប្រទេស​កម្ពុជា ហើយ​មន្ត្រីជាន់ខ្ពស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយរូប គឺ​លោក នី ចរិយា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល បាន​លើកឡើងថា សង្គម​ស៊ីវិល​មាន​សេចក្ដី​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការដាក់​ពង្រាយ​កងទ័ព​ក្នុងពេល​បោះឆ្នោត​ខាងមុខ និង​ដំណើរការ​បោះឆ្នោត ដោយសារ​កង​យោធា​ទាំងនោះ​មិន​ឯករាជ្យ និង​ថា​មន្ត្រីជាន់ខ្ពស់​ទាំងនោះ​ជា​សមាជិក​គណបក្សកាន់អំណាច​។ លោក គល់ បញ្ញា បាន​សង្កត់ធ្ងន់ថា​«​នៅ​កម្ពុជា​យើង​ឃើញ​ការអនុវត្ត​ច្បាប់​នៅមានកម្រិត កង​កម្លាំងយោធា​ប្រដាប់អាវុធ​បានក្លាយ​ទៅជា​មន្ត្រី​គណបក្ស ហើយ​មិន​ត្រឹមតែ​ជា​សមាជិក​គណបក្ស​ទេ គឺ​ក្លាយជា​មន្ត្រី​គាំទ្រ​គណបក្សកាន់អំណាច​»​។ ចំណែក​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា ការយក​កម្លាំងយោធា​មក​ពាក់ព័ន្ធ​និង​ការរក្សាសន្តិសុខ​ពេល​បោះឆ្នោត ហាក់ដូចជា​គំរាម​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ភ័យខ្លាច ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ផលប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៧-២០១៨៕

16377068583_a96e21e9ee_o​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល voting_bureau00001_170509_vannara_432