បទល្មើស​ឆ្លងដែន​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តបន្ទាយមានជ័យ​

បើទោះបី​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចេញ​បទ​បញ្ចា​ម្តង​ហើយ​ម្ដងទៀត​ឲ្យ​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ខិលខូច​មួយចំនួន​នៅតែ​អាច​នាំ​ទំនិញ​ខូចគុណភាព គ្រឿងឧបភោគ​បរិភោគ សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​មាន​លាយ​សារធាតុ​គីមី​ជាដើម ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ឆ្លងកាត់​ទឹកដី​ខេត្តបន្ទាយមានជ័យ ពុំមាន​ការថយចុះ​នោះទេ​។ ឈ្មួញ​ខិលខូច​ខ្លះ​បាន​នាំចូល​ទំនិញ​ដូចខាងលើ​ពី​ទឹកដី​សៀម​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ យកទៅលក់​ដល់​ខេត្តសៀមរាប​ទៀតផង ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ផលប្រយោជន៍​។

កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រលឹម ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ រថយន្ត​កាមរី​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-0112 ដឹកជញ្ជូន​សាច់មាន់ ឆ្អឹង​មាន់ និង​កាពិ ខូចគុណភាព​ជាង​១​តោន​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម​យកទៅ​ចែកចាយ​នៅ​ខេត្តសៀមរាប ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​។ ការបង្ក្រាប​នោះបាន​ធ្វើឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ចំណុច​ស្ពាន​ទី​២​បឹង​ឈូក ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ពេលដែល​រថយន្ត​នោះ​ដឹកទំនិញ​ដូចខាងលើ​ពី​ក្រុង​ប៉ោយប៉ែត ឆ្លងកាត់​ក្រុង​សិរីសោភ័ណ ឆ្ពោះទៅ​ខេត្តសៀមរាប​។ ប្រភពពី​សមត្ថកិច្ច​មួយ​ចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​បង្ក្រាប​រថយន្ត​ដឹក​សាច់មាន់ ឆ្អឹង​មាន់ និង​កាពិ​ខូចគុណភាព​ជាង​១​តោន​នោះ គឺមាន​ការឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ ប៊ុន បូ​វិបុល អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។

​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា​ទំនងជា​ម្ចាស់​រថយន្ត​ដឹក​សាច់មាន់ ឆ្អឹង​មាន់ និង​កាពិ​ខូចគុណភាព​នោះ គ្មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ក្នុង​ការបង់​លុយកាក់​ជាមុន ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​តែម្តង​។ អាចនិយាយបាន​ថា​បទ​ល្មើស​ឆ្លងដែន ជាពិសេស​ការនាំ​ចូល​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ និង​គ្រឿង​ឧបភោគបរិភោគ​ខូចគុណភាព​ពី​ទឹកដី​សៀម ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​ព្រោះ​បទបញ្ជា​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ជាក់ស្ដែង​ការបង្ក្រាប​រថយន្ត​ដឹក​សាច់មាន់ ឆ្អឹង​មាន់ និង​កាពិ​ខូចគុណភាព​ជាង​១​តោន កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ គឺ​សមត្ថកិច្ច​រឹបអូស​បាន​សាច់មាន់ ឆ្អឹង​មាន់ ច្រក​នៅក្នុង​ថង់​មាន​ក្លិនស្អុយ​ជាង​១​តោន​និង​កាពិ​១០​ធុង​តូច ដែល​ទំនិញ​ទាំងនេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕

4c98da40-a8fc-4792-b604-1cc42c1ae13cលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ IMG_7626 IMG_7627 IMG_7625