​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រង់ចាំ​ការចរចា​ដើម្បី​ដោះស្រាយ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​

​រហូតមកដល់​ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់​នៅតែ​ទន្ទឹងរង់ចាំ​ការចរចា​នយោបាយ​ស្របតាម​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ដែល​កំពុងមាន​ភាព​តានតឹង​នៅឡើយ​។ ការបង្ហាញ​ជំហរ​ចង់​ចរចា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ គឺធ្វើឡើង​ស្រ​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់ដូចជា​គ្មាន​ចេតនា​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាល់តែសោះ ខណៈ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ចង់ឃើញ​គណ​បក្សនយោបាយ​ធំៗ​ទាំងពីរ​ផ្តើម​ចរចា​ជាថ្មី​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។​

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ អនុប្រធាន​គណៈកម្មាធិកា​រវិ​ន័យ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីអំពី​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​។ ក្នុងឱកាស​ខាងលើនេះ លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា​យុត្ដិធម៌​ទើប​សំខាន់ និង ទទូច​សូម​ឲ្យ​មានការ​ជួបចរចា​រវាង​គណបក្សនយោបាយ​ទាំងពីរ ដើម្បី​ធ្វើ​ឲ្យ​សភាពការណ៍​នយោបាយ​ល្អ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដោយ​សេរី និង​យុត្ដិធម៌​។​

ជុំវិញ​បណ្តឹង​ថ្មីៗ​មកលើ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា​បញ្ហាសំខាន់ និង​ជា​អាទិភាព​មិនមែន​បន្ថែ​ម​ពាក្យបណ្តឹង​ថ្មីៗ​ប្រឆាំង​មន្ត្រី​គណបក្សជំទាស់​នោះទេ ព្រោះ​កិច្ច​ការសំខាន់​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវធ្វើ​នោះ គឺ​ការស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី និង​ក្រុមគ្រួសារ​របស់គាត់​។ លោក ហូរ វ៉ាន់ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឃើញ​ភាពយុត្តិធម៌​ពិតប្រាកដ​នៅក្នុង​សង្គម​កម្ពុជា ហើយ​ត្រូវ​បញ្ចប់​វប្បធម៌​និ​រ​ទណ្ឌ​ភាព​ឲ្យ​បាន​ដាច់ខាត​។​

គួរ​បញ្ជាក់ថា បើទោះជា​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុងមាន​ភាព​តានតឹង​ដោយសារតែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​កំពុងតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ​តាមច្រើន​រូបភាព​ជា​បន្ត​បន្ទាប់​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាព​ជាតិ និង​រំពឹងថា​បញ្ហា​ទាំងនេះ​នឹង​អាច​ដោះស្រាយ​រួច​ឲ្យ​បាន​មុន​ការបោះឆ្នោត​៕

13900263_1178399652183198_3799740855101971499_n