សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ទម្លាក់​គ្រាប់បែក​ធុងសាំង​ដូច​ទឹកភ្លៀង ស្លាប់​ទាំង​ជនស៊ីវិល និង​កុមារ

សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី ធ្វើឡើងដោយក្រុមទាហានរដ្ឋាភិបាល របបលោក Bashar al-Assad ប្រឆាំងនឹងក្រុមឧទ្ទាមជាច្រើនទៀត ដែលកំពុងប្រយុទ្ធដណ្ដើមទឹកដី កំពុងតែធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ឡើងៗនៅភាគខាងកើតទីក្រុង Aleppo ដែលធ្វើឲ្យមានការទម្លាក់គ្រាប់បែកធុងសាំង (Barrel bomb) ជាច្រើនគ្រាប់ សម្លាប់ទាំងក្មេងៗដែលមិនមានកំហុសទាល់តែសោះ ។

សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ទម្លាក់​គ្រាប់បែក​ធុងសាំង​ដូច​ទឹកភ្លៀង ស្លាប់​ទាំង​ជនស៊ីវិល និង​កុមារ

កងទ័ពរដ្ឋាភិបាលបានឡោមព័ទ្ធតំបន់ប្រជុំជនជាច្រើន ដែលកាន់កាប់ដោយក្រុមឧទ្ទាម ដោយក្រុមទាហានទាំងនោះ ធ្វើការកាត់ផ្ដាច់ការផ្គត់ផ្គង់ទាំងឡាយដូចជាស្បៀងជាដើម តែទង្វើនេះ ធ្វើឲ្យក្រុមឧទ្ទាមព្យាយាមវាយសម្រុកចេញពីការឡោមព័ទ្ធជាច្រើនលើក ហើយដើម្បីឆ្លើយតបនឹងសមរភូមិដ៏ក្ដៅគគុកមួយនេះ ទាហានរដ្ឋាភិបាលដែលគាំទ្រដោយកងទ័ពអាកាសរុស្ស៊ី បានធ្វើការវាយប្រហារតាមទ័ពអាកាសវិញ ដោយទម្លាក់គ្រាប់បែកធុងសាំង ។

Barrel bomb ៣គ្រាប់ត្រូវបានទម្លាក់នៅភាគខាងកើតនៃទីក្រុង Aleppo នេះបើយោងតាមអ្នកថតរូបសារព័ត៌មាន Karam Al Masri ។ ក្នុងនោះដែរ ការវាយប្រហារផ្លូវអាកាសបានចាប់ផ្ដើមឡើងនាវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងស្រុក) ដោយមីស៊ីលជាង១០គ្រាប់ និងយន្តហោះទម្លាក់គ្រាប់បែក Barrel bomb មានជាង២០គ្រឿង ដោយក្នុងមួយគ្រឿងមានផ្ទុក Barrel bomb ២គ្រាប់ ហើយពេលទម្លាក់ម្ដងៗ គឺទម្លាក់ស្រុះគ្នា ។

សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ទម្លាក់​គ្រាប់បែក​ធុងសាំង​ដូច​ទឹកភ្លៀង ស្លាប់​ទាំង​ជនស៊ីវិល និង​កុមារ

ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ មនុស្សយ៉ាងតិច១៦នាក់ស្លាប់ ក្នុងនោះមានទាំងក្មេងៗផងដែរ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំដូចនេះ នេះបើយោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅអង់គ្លេស ប្រចាំនៅប្រទេសស៊ីរី ហើយមនុស្សជាច្រើនទៀតនឹងបន្តស្លាប់ ព្រោះតែកង្វះការផ្គត់ផ្គង់ថ្នាំសង្កូវ និងសម្ភារៈពេទ្យជាច្រើនទៀត ។

សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ទម្លាក់​គ្រាប់បែក​ធុងសាំង​ដូច​ទឹកភ្លៀង ស្លាប់​ទាំង​ជនស៊ីវិល និង​កុមារ

សូមបញ្ជាក់ថា គ្រាប់បែកធុងសាំង ឬ Barrel bomb ត្រូវបានគេដាក់ឈ្មោះទៅតាមរូបរាងរបស់វា ហើយគ្រាប់បែកប្រភេទនេះ ជាគ្រាប់បែកដ៏សាហាវ ព្រោះវាមានផ្ទុកជាតិផ្ទុះខ្ពស់ ជាប្រភេទ Improvised Explosive Device ដោយវាត្រូវបានប្រើច្រើនក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី ហើយសារព័ត៌មាន BBC ធ្លាប់បានផ្សាយថា ក្នុងចំណោមអ្នកស្លាប់ដោយគ្រាប់បែកប្រភេទនេះ មានតែ១%ប៉ុណ្ណោះ ជាសមាជិកក្រុមឧទ្ទាម ៕

ប្រភព ៖ kqube

  • សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ទម្លាក់​គ្រាប់បែក​ធុងសាំង​ដូច​ទឹកភ្លៀង ស្លាប់​ទាំង​ជនស៊ីវិល និង​កុមារ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: