ការ​បោះ​ឆ្នោត​ចាកចេញ​របស់​អង់គ្លេស​ពី​EU បង្កើត​ឱកាស​ថ្មី​ៗ​ជា​ច្រើន​នៅ​តំបន់​អាស៊ី

ការ​បោះ​ឆ្នោត​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) នា​ពេល​កន្លង​មក​បាន​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នានា ដែល​អាច​កើត​មាន​ឡើង​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក ។ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នកជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា ការ​ចាកចេញ​នេះ​ក៏​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា «​ជា​ការ​ចាប់ផ្តើម​ថ្មី​មួយ​» ជាមួយនឹង​ឱកាស​វិនិយោគ​កាន់តែ​ច្រើន និង​ទំនាក់ទំនង​អន្តរជាតិ​សេរី​រឹតតែ​ប្រសើរ ។

លោក Jo Hawley នាយក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ British Consulate-General ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បានឱ្យ​ដឹង​ថា ការ​ចាកចេញ​របស់​អង់គ្លេស​បាន​ធ្វើ​ឱ្យ​អត្រា​ប្តូរ​ប្រាក់​រវាង​លុយ​ផោន​និង​យន់​កាន់តែ​ទាប ដោយសារ​តែ​តម្លៃ​លុយ​ផោន​ធ្លាក់​ចុះ ហើយ​វា​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​សម្រាប់​បណ្តា​ក្រុមហ៊ុន​ចិន​ទាំងអស់ ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ប្រទេស​អង់គ្លេស ។

អ្នកទិញ​អចលនទ្រព្យ​ពី​ប្រទេស​ចិន នឹង​អាច​ស្វែង រក​ទីផ្សារ​ថោក​ជាង​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលន​-​ទ្រព្យ​នៅ​អង់គ្លេស ។ ជាង​នេះ​ទៀត ភ្ញៀវ​ទេសចរ​ចិន និង​សិស្ស​-​និស្សិត​ដែល​សិក្សា​នៅ​អង់គ្លេស ក៏​នឹង​ចំណាយ​ប្រាក់​យន់​ទាប​ជាង​មុន​ផង​ដែរ ។

លោក Hawley បាន​ថ្លែង​ក្នុង​វេទិកា​តុមូល​មួយ​ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា ៖ « ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ផោន​ក្រោយ​ពី​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប គឺ​បាន​ផ្តល់​ឱកាស​រួច​ជា​ស្រេច​សម្រាប់​ការ​វិនិយោគ​ក្នុង​ប្រទេស​អង់គ្លេស » ។

គួរ​បញ្ជាក់​ថា វេទិកា​នេះ​និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស មក​លើ​សេដ្ឋកិច្ច​ចិន និង​តំបន់​អាស៊ី ដែល​រៀបចំ​ឡើង​ដោយ China Daily Asia Pacific ។ ប្រាក់​ផោន​បាន​ធ្លាក់​ចុះ​ជាង​១០% ចាប់តាំងពី​អង់គ្លេស​ធ្វើ​ប្រជាមតិ​កាលពី​ថ្ងៃ​ទី​២៣ មិថុនា មក ។

លោក Edward K.Y. Chen នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ Qianhai បាន​និយាយ​ថា វា​នឹង​មានការ​ផ្លាស់​ប្តូរ​រយៈពេល​យូរ​ទៀត បន្ទាប់​ពី​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។ ដូច្នេះ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​រយៈពេល​ដ៏​ខ្លី និង​បង្កើន​ផលប្រយោជន៍​ឱ្យ​បាន​រយៈពេល​វែង ។

លោក Chen កត់​សម្គាល់ថា ៖ « ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​រយៈពេល​ខ្លី ជំហាន​ដំបូង​ដែល​អង់គ្លេស​ត្រូវធ្វើ​គឺ រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ខ្លួន មាន​ន័យ​ថា ធ្វើ​ឱ្យ​អត្រា​ប្តូរ​ប្រាក់​ផោន​មាន​ស្ថិរភាព ដើម្បី​បង្កើន​ទំនុកចិត្ត និង​ភាព​ជឿជាក់​ដល់​វិនិយោគិន​ឡើង​វិញ ។ ជំហាន​ទី​២ សម្រាប់​អង់គ្លេស​ត្រូវធ្វើ​បន្ទាប់ គឺ ធ្វើ​ឱ្យ​ពិភពលោក​ទុកចិត្ត​ថា ទីក្រុង​ឡុ​ង​ដ៏​នឹង​នៅ​តែ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​លើ​ពិភពលោក​ដដែល ។ ទន្ទឹម​គ្នា​នេះ​ដែរ ជំហាន​ចុង​ក្រោយ​គឺ ថា តើ​អង់គ្លេស​នឹង​គ្រប់គ្រង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​យ៉ាងដូចម្តេច​ក្រោយ​ពី​ចាកចេញ » ៕