អូ​បា​ម៉ា ៖ «​ខ្ញុំ​មិន​ប្រាកដ​ថា​បរិភោគ​គ្រាប់​អាល់​ម៉ុង​7​គ្រាប់​រាល់​យប់​ទេ​»

កាលពី​ខែ​មុន សារព័ត៌មាន​អា​មេ​រិ​ក The New York Times បាន​ចេញផ្សាយ​អត្ថបទ​មួយ ស្តី​ពី​ការ​ចំណាយពេល​រៀង​រាល់​យប់​របស់​លោក​ប្រធានាធិបតី Barack Obama ដែល​ធ្វើ​ឱ្យ​អត្ថបទ​នោះ​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម Twitter ហើយ​ត្រូវ បាន​សហការី​ផ្នែក​បកប្រែ​នៃ​សារព័ត៌មាន «​កោះសន្ដិភាព​» ប្រែ​សម្រួល​ជូន​លោក​អ្នក​អាន​ម្ដង​រួច​មក​ហើយ​ដែរ ដែល​កាលពី​ថ្ងៃ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ កក្កដា នៅ​ទំព័រ​២៨ នេះ ។

កាល​ណោះ មនុស្ស​ជា​ច្រើន​ចង់​ដឹង​យ៉ាង​ខ្លាំង​ពី​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ​នឹង​ថា តើ​លោក អូ​បា​ម៉ា ពិតជា​បរិភោគ​គ្រាប់​អាល់​ម៉ុង​៧​គ្រាប់​ជា​អាហារ​សម្រន់​របស់​លោក​ជា​រៀង​រាល់​យប់​ឬ​យ៉ាងណា ។

យ៉ាងណាមិញ នា​ពេល​ថ្មី​ៗ​នេះ លោក អូ​បា​ម៉ា បាន​ចាត់​ទុក​រឿង​នេះ​ថា ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ទៅ​វិញ ដែល​សារព័ត៌មាន The New York Times ចាត់​ទុក​វា​ជា​រឿង​សំខាន់ ។

លោក​បាន​ប្រាប់​ឱ្យ​ដឹង​ខណៈ​លោក​ចូលរួម​ក្នុង​កម្មវិធី «Today» ថា លោក​ពិតជា​ចូល​ចិត្ត​បរិភោគ​គ្រាប់​អាល់​ម៉ុង​ជា​អាហារ​សម្រន់​មែន ប៉ុន្តែ​លោក​មិន​ចាប់អារម្មណ៍​រាប់​វា​នោះ​ទេ ។

លោក អូ​បា​ម៉ា បាន​លើក​ឡើង​ថា ៖ «​អីចឹង​បាន​ន័យ​ថា ភរិយា​របស់ខ្ញុំ និង​លោក Sam Kass ជា​មេ​ចុងភៅ​នៅ​ក្នុង​សេត​វិមាន ពួក​គេ​និយាយ​គ្នា និង​សួរនាំ​អំពី​ទម្លាប់​របស់ខ្ញុំ ដែល​ខណៈនោះ​ខ្ញុំ​មិន​បាន​បរិភោគ​ដំឡូង​បំពង ឬ​នំ​ផ្សេង​ៗ​ទេ ហើយ​ប្រហែលជា​នៅ​ពេល​ភរិយា​របស់ខ្ញុំ​និយាយ​ប្រាប់​ថា ខ្ញុំ​គ្រាន់តែ​បរិភោគ​គ្រាប់​អាល់​ម៉ុង​៧​គ្រាប់​ប៉ុណ្ណោះ »។

រឿង​គួរ​ឱ្យ​អស់សំណើច​នេះ ត្រូវ​បាន​ភ្នាក់ងារ​យក​ព័ត៌មាន​របស់​កាសែត The Times សរសេរ​ថា ៖ « ដើម្បី​កុំឱ្យ​ងងុយគេង លោក​ប្រធានាធិបតី​នៅ​តែ​មិន​ទទួលទាន​ជាតិ​កាហ្វេ​អីុ​ន ។ លោក​កម្រ​ផឹក​កាហ្វេ​ឬ​តែ និង​ជា​ញឹកញាប់​លោក​ទទួលទាន​ទឹក​ធម្មតា ជា​ជាង​ទឹក​សូ​ដា ហើយ​មិត្តភក្តិ​របស់​លោក​និយាយ​ថា លោក​បរិភោគ​អាហារ​សម្រន់​នា​ពេល​យប់​តែ​អាល់​ម៉ុង​៧​គ្រាប់ប៉ុណ្ណោះ » ។

លោក​ប្រធានាធិបតី​បា​រ៉ា​ក អូ​បា​ម៉ា មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ពី​មិត្តភក្តិ​របស់​លោក បន្ទាប់​ពី​អត្ថបទ​មួយ​នេះ​ចេញផ្សាយ ។ លោក​លើក​ឡើង​ថា ៖ « មិត្តភក្តិ​ខ្ញុំ​ទាំងអស់​បាន​ទូរស័ព្ទ​មក​ខ្ញុំ ហើយ​និយាយ​ថា រឿង​នេះ​ហាក់ដូចជា​ចម្លែក​បន្តិច បន្ទាប់​មក​ខ្ញុំ​ក៏​ប្រាប់​ពួក​គេ​ថា មិនមែន​ទេ វា​ជា​រឿង​កំប្លែង​ទៅ​វិញ​ទេ » ។
លោក​បន្ថែម​ថា គ្រាប់​អាល់​ម៉ុង គឺជា​អាហារ​សម្រន់​ដ៏​ល្អ​មួយ​ប្រភេទ​សម្រាប់​មនុស្ស​ទូទៅ ។

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ពាក់កណ្ដាល​ខែកក្កដា យោង​តាម​ដំណើររឿង​មួយ​នៅ​លើ​សារព័ត៌មាន The New York Times បាន​ប្រៀបប្រដូច​ប្រធានាធិបតី​អា​មេ​រិ​ក លោក Barack Obama ទៅ​នឹង​សត្វ​ទីទុយ​រកស៊ី​ពេល​យប់ នៅ​ពេល​លោក​នៅ​តែ​ម្នាក់ឯង ។

សារព័ត៌មាន​ខាងលើ​បាន​ទម្លាយ​ពី​ទម្លាប់​ដែល​លោក​ប្រធានាធិបតី​ចំណាយពេល​នៅ​ក្នុង​បន្ទប់​ការងារ ដែល​ជា​ការិយាល័យ​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ក្នុង​សេត​វិមាន The White House នា​ពេល​យប់ ។

បន្ទាប់​ពី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ភរិយា និង​កូនស្រី​របស់​លោក​នៅ​ទីក្រុង Washington រួចរាល់​ហើយ លោក Obama ក៏​ត្រឡប់​ទៅ​ការិយាល័យ​របស់​លោក​វិញ ដោយ​ចំណាយពេល​នៅ​ក្នុង​បន្ទប់​នោះ​ពី​៤ ទៅ​៥​ម៉ោង​ដើម្បី​រិះគិត​បញ្ហា​ផ្សេង​ៗ អាន​សៀវភៅ និង​មើល​កីឡា​ជាដើម ៕