កុមារ​ជាង​30​នាក់​ស្លាប់​ដោយសារ​ជំងឺ​អាថ៌​កំបាំង​មួយ​នៅ​ភូមា

អាជ្ញាធរ​ភូមា​រាយការណ៍​កាលពី​ថ្ងៃ​ទី​៤ សីហា ថា ជំងឺ​អាថ៌​កំបាំង​មួយ​បណ្តាល​ឱ្យ​កុមារ​ស្លាប់​ជាង​៣០​នាក់ ហើយ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​របស់​ប្រទេស​ភូមា ។

លោក LAW YON សមាជិក​សភា​មួយ​រូប​នៃ​តំបន់ SAGAING ភាគ​ខាងជើង​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ឥណ្ឌា​ថ្លែងប្រាប់ AFP ថា សរុប​កុមារ​២៣​នាក់ ស្លាប់​នៅ​ស្រុក LAHAL និង​១៣​នាក់​នៅ​ស្រុក NAN YON ចាប់តាំងពី​ខែមិថុនា​មក ដោយសារ​ជំងឺ​ដែល​គេ​ពុំ​ស្គាល់​នេះ​។ ប្រជាជន​ស្រុក​ទាំង​២​នេះ​ភាគច្រើន​ជា​សមាជិក​កុលសម្ព័ន្ធ​ភ្នំ NAGAS ។ ជំងឺ​នេះ​មាន​រោគ​សញ្ញា​ជា​ច្រើន​ប្រហាក់ប្រហែល​គ្នា​នឹង​ជំងឺ​ក​ញ្ច្រិ​ល ប៉ះពាល់​ជា​ពិសេស​ដល់​កុមារ​មាន​អាយុ​ក្រោម​៥​ឆ្នាំ ក៏​ប៉ុន្តែ​មនុស្ស​ពេញវ័យ​ក៏​មាន​កើត​ដែរ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងសុខាភិបាល​ភូមា​និយាយ​ថា ក្រសួង​នឹង​ធ្វើការ​ត្រួតពិនិត្យ ។ សម្រាប់​ពេល​នេះ​យើង​សង្ស័យ​ថា​នោះ​ជា​ជំងឺ​ក​ញ្ច្រិ​ល ឬ​ជំងឺ​គ្រុនផ្តាសាយ​ខ្លាំង។ ទោះបី​យ៉ាងណា យើង​ពុំ​ទាន់​ប្រកាស​ថា​បែប​ណា​នៅឡើយ រង់ចាំ​លទ្ធផល​របស់​មន្ទីរពិសោធន៍​សិន ។

រដ្ឋាភិបាល​កែទម្រង់​ដែល​តាម​ពិត​ទៅ​ដឹកនាំ​ដោយ​លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី ចាត់​ទុក​ការ​កែ​លម្អ​ប្រព័ន្ធ​សុខាភិបាល​ថា ជា​អាទិភាព​មួយ ។

ការ​ទទួល​បានការ​ព្យាបាល​សុខភាព​ពិសេស​ក្នុង​បណ្តា​តំបន់​ដាច់​ស្រយាល​ដូច​តំបន់​ដែល​មាន​កុមារ​ស្លាប់​ច្រើន​នោះ​នៅ​តែ​ជួប​ការ​លំបាក​បំផុត​ក្នុង​ប្រទេស​មួយ ដែល​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​ពុំ​មានការ​យកចិត្តទុកដាក់​របស់​របប​យោធា​រយៈពេល​ជា​ច្រើន​ទស​វត្ស ៕