លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ គួរពិនិត្យមើល​គុណភាព​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ខ្លះ​ផង​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា​នៃ​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យមើល​គុណភាព​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ខ្លះ​ផង ព្រោះ​ផ្លូវ​ទាំងនោះ​ត្រូវធ្វើ​ជាប់​រហូត​គ្មាន​ឈប់ឈរ​។ មានការ​រិះគន់ថា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តសៀមរាប និង​មន្ត្រីក្រោមឱវាទ​មួយចំនួន​ប្រព្រឹត្ត​អំពើពុករលួយ ទើប​ធ្វើ​ឲ្យ​ផ្លូវ​គ្មាន​គុណភាព​ធ្វើ​ខាង​មុខខូច​ខាងក្រោយ​ឃើញតែ​ជួសជុល​រហូត​។ លើស​នេះ​ទៅទៀត​មាន​រថយន្ត​ដឹកទំនិញ​ធំៗ រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹកឈើ​ជាដើម ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ឲ្យ​ខូចខាត​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខេត្តសៀមរាប មិន​ចាត់វិធានការ​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​និង​ម្ចាស់​រថយន្ត​ទាំង​នោះឡើយ​។

មន្ត្រីរាជការ​ក្នុង​ក្រុង​សៀមរាប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ផ្លូវ​ជាច្រើន​ខ្សែ​តាម​បណ្ដា​សង្កាត់​នានា​ធ្វើ​ខាង​មុខខូច​ខាងក្រោយ ហើយ​ផ្លូវ​ខ្លះ​ធ្វើ​មិនទាន់​រួចរាល់​ផង​ក៏​ចាប់ផ្ដើម​ខូច​ជា​បណ្ដើរៗ មាន​កន្លែង​បាក់ស្រុត មាន​ជង្ហុក​ជ្រៅៗ​ពេល​ភ្លៀង​ធ្លាក់​ដក់​ទឹក​ដូច​ស្ទឹង​ទៅហើយ​។ ក្នុង​មួយឆ្នាំៗ​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ត្រូវ​ចំណាយលុយ​យ៉ាងច្រើន​សម្រាប់ធ្វើ​ផ្លូវ​និង​ជួសជុល​ផ្លូវ​ក្នុង​ក្រុង ក៏ប៉ុន្តែ​ការជួសជុល​នោះ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ មិន​ធានា​គុណភាព​ប្រើប្រាស់​បានយូរ​ឲ្យ​ស្របទៅតាម​ការចំណាយ​ឡើយ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យ​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការធ្វើ​ផ្លូវ​និង​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​នេះ ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​សង្កាត់​នានា​ក្នុង​ក្រុង​សៀមរាប បាន​បញ្ជាក់ថា​ចាប់តាំងពី​ដើមឆ្នាំ​២០១៦​រហូតមកដល់​ពេលនេះ ពួកគាត់​ឃើញ​មន្ទីរ​សាធារណ​ការធ្វើសកម្មភាព​ជួសជុល​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង ដោយ​គ្រាន់តែ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​លំៗ ហើយ​ចាក់​ក្រួស​ចាក់​ថ្ម​បំពេញ​ជង្ហុក​តូចៗ​។ ការជួសជុល​នោះ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ផ្លូវ​ក៏​ខូច​ទៅវិញ​ដដែល ហើយ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​ទៀត​សម្រាប់​ជួសជុល​ផ្លូវ​ដដែល​ឬ​ហៅថា​ជួសជុល​ឥត​ល្ហែ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​ចំពោះ​ការចំណាយ​លុយ​រដ្ឋ​យ៉ាងច្រើន​ដើម្បី​ធ្វើ​ផ្លូវ​និង​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ព្រោះ​បច្ចុប្បន្ន​ផ្លូវ​ជាច្រើន​ក្នុង​ក្រុង​សៀមរាប ត្រូវ​ប្រឈម​នឹង​ការខូចខាត​ជា​បន្តបន្ទាប់​ដោយសារតែ​ការធ្វើ​ផ្លូវ​និង​ជួសជុល​ផ្លូវ​គ្មាន​គុណភាព​មិនអាច​ប្រើប្រាស់​បានយូរ​តាម​បទដ្ឋាន​បច្ចេកទេស​៕

News01លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន b-road-SR-500x256 b-road-sr1-500x277