នារី​អភ័ព្វ​ខ្វិន​ពី​កំណើត​កំព្រា​រស់នៅ​ជាមួយ​ម្ដាយមីង​ទាំង​ក្តី​លំបាក

នារី​អភ័ព្វ​ខ្វិន​ពី​កំណើត​កំព្រា​រស់នៅ​ជាមួយ​ម្ដាយមីង​ទាំង​ក្តី​លំបាក



ខេត្ដកំពត ៖ តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មាន​ស្ត្រី​ម្នាក់​ដែល​កំព្រា​ឪពុក​ម្តាយ​ហើយ​ពិការ​ភាព​តាំងពី​កំណើត ដែល​បច្ចុប្បន​គាត់​រស់នៅ​ជាមួយ​ម្តាយមីង​បង្កើត​ជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូន​៦​នាក់​ក្នុង​បន្ទុក ដោយ​ធ្វើការ​ស៊ីឈ្នួល​បម្រើ​ការងារ​ផ្ទះ​គេ​នៅ​ភ្នំពេញ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​នេះ​យ៉ាង​វេទនា​បំផុត ។

តាម​ពលរដ្ឋ​ក្នុងភូមិ​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ពិការ​រូប​នេះ​មាន​អាយុ​៣២​ឆ្នាំ​ជា​កូនភ្លោះ​ពីរ​នាក់ (​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​) ។ កាលពី​នៅ​វ័យ​កុមារ​បងប្រុស​របស់​នាង​បាន​ទៅ​រស់នៅ​ក្នុង​មណ្ឌល​អា​ស្ពេ​កា គ្រប់គ្រង​ដោយ​សង្គមកិច្ច​ក្រុង​កំពត និង​បច្ចុប្បន្ន​ជា​កម្មករ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ និង​តែង​បាន​ផ្ញើ​ប្រាក់​បន្ដិច​បន្ដូច​មក​ជួយ​ចិញ្ចឹម​ប្អូនស្រី​ពិការ​នេះ​ដែរ ខណៈ​ស្ត្រី​ពិការ​ជា​ប្អូន​រស់នៅ​ជាមួយ​ម្តាយមីង​តាំងពី​វ័យ​កុមារ​រហូត​ដល់​បច្ចុប្បន្ន ។ ស្ត្រី​រូប​នេះ​មិន​ត្រឹមតែ​ពិការ​កាយសម្បទា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​និយាយ​មិន​ចេញ​ទៀត​ផង ។

ប្រភព​បន្ត​ទៀត​ថា ការ​រស់នៅ​ក្នុងផ្ទះ​ម្តាយមីង​នេះ​ត្រូវ​បានកូន​ៗ​របស់​ម្តាយមីង​ជួយ​ថែរក្សា​តាំង​តែ​ងូតទឹក ធ្វើ​ម្ហូបចំណី​ឲ្យ​ហូប ប៉ុន្តែ​មិន​ឲ្យ​គេ​បញ្ចុក​ទេ​គឺ​គាត់​ហូប​ដោយ​ខ្លួនឯង​បាន ប៉ុន្តែ​ពេល​ហូប​បាយ​ម្តង​ៗ​គឺ​ដេក​ហូប​មើលទៅ​គួរ​ឲ្យ​អនិច្ចា​ក្រៃ​លែង ។

ប្រភព​ពី​អ្នក​នៅ​ជិតខាង​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា នាង​បាន​ពិការ​ប៉ុណ្ណឹង​ហើយ នៅ​មាន​ជន​អគតិ​ចាប់រំលោភ​នាង​រហូត​នាង​មានកូន​ដល់​ទៅ​ពីរ​ដង ។ ប៉ុន្តែ​កូន​របស់​នាង​កើតមក​ស្លាប់​រហូត ហើយ​ចំពោះ​ការ​ចាប់រំលោភ​នោះ​ពុំ​ត្រូវ​បាន​អ្នក​ភូមិ​បង្ហើប​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ជន​នោះ​ទេ ពីព្រោះ​គេ​ខ្លាច​ពី​សុវត្ថិភាព​របស់​ខ្លួន ហើយ​បើ​សួរ​នាង​វិញ​គឺ​នាង​និយាយ​មិន​ច្បាស់​ភ្នាក់ងារ​យើង​ស្តាប់​មិន​បាន​។ ក្នុង​ករណី​នេះ​ភ្នាក់ងារ​យើង​ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ជា​អ្នក​ស្រាវជ្រាវ​ចុះ ៕