ប្រឡងបាក់ឌុប​ឆ្នាំនេះ គឺ​រឹតតែ​​​បន្តឹង​យក​​​​​​គុណ​​ភាព

រាជធានី​ភ្នំពេញ ៖ ប្រ​សិន​យើង​ធ្វើការ​រាប់​ថយក្រោយ​នោះ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់​ឌុ​ប​) ​ឆ្នាំ​សិក្សា​២០១៥-២០១៦ គឺ​នៅ​សល់​តែ​១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៥​ សីហា​នេះ​ ទៅ ដើម្បី​រឹត​បន្តឹង និង​ជម្រុះ​យកគុណ​ភាព នៅ​សាលា​រាជធានី​ភ្នំពេញ ធ្វើឡើងកាលពី​ល្ងាច​ថ្ងៃ​ទី​០៣​ សីហា​ ២០១៦ ដោយ​មានការ​ចូលរួម​ពី​តំណាង អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រសួង​អប់រំ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​ពាក់​ព​ន្ធ័​ជា​ច្រើន​ទៀត បាន​ប្រជុំ​ពិភាក្សា ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​ដាក់​ផែនការ​ត្រៀម​​ទប់ស្កាត់​នូវ​បាតុភាព​ផ្សេង​ៗ ក្នុង​បំណង​ឲ្យ​ដំណើរការ​នៃ​ការ​ប្រឡង​នេះ​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​។

លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញមាន​ប្រសា​ស​ន៍​​ថា កិច្ចប្រជុំ​ពិភាក្សា​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ជុំវិញ​ការ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ពង្រឹង និង​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត ដែល​ធ្លាប់​កើត​មាន​កន្លង​មក ព្រមទាំង​មាន​វិធានការ​ទប់ស្កាត់​នូវ​បាតុភាព​កើតឡើង​ផ្សេង​ៗ ដែល​បាន​បំផុសបំផុល​ទាក់ទង​នឹង​ការ​រត់ការ ដើម្បី​ជាប់​បាក់​ឌុ​ប ការ​បែក​វិញ្ញាសារ ការ​ថតចម្លង​វិញ្ញាសារ តាម​ទីតាំង​ប្រលង​នានា ការ​ចេញ​វិញ្ញាសា​ធូររលុង​ជាដើម ព្រោះ​ជិត​បោះ​ឆ្នោត​និង​ការ​ប្រលង​មាន​តែ​មួយ​ថ្ងៃ​ជាដើម ។​

លោក​បន្ត​ថា ជា​រៀង​រាល់​មុន​ឆ្នាំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តែងតែ​អ​ញ្ជើ​ង​អាជ្ញាធរ​ដែនដី កម្លាំង​សមត្ថកិច្ច មន្ទីរ ក្រសួង​អប់រំ និង​ផ្នែក​ពាក់ព័ន្ធ ដើម្បី​សហការ​គ្នា ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន និង​បញ្ហា​ដែល​អនុវត្ត​ឆ្នាំ​កន្លង​មក​ជា​បទ​ពិសោធ​ន៍​ និង​នៅ​ចំណុច​សេសសល់​មិនល្អ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែមដោយ​ផ្តោត​លើ​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ លើ​បញ្ហា​ធនធានមនុស្ស​នេះ ។

លោកឃួ​ង ស្រេង បាន​បញ្ជាក់​ថា ដោយ​មានការ​ព្រួយ​បារ​ម្ម​ណ៍​​លើ​បញ្ហា​ប្រឡង​នេះ ទើប​អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​រួម​គ្នា​ប្រឹង​ប្រែង​ប្រជុំ​ពិភាក្សា​គ្នា​ដុះខាត់​បញ្ហា​នេះ ធ្វើ​យ៉ាងណា​ ឲ្យ​ការ​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​២០១៦​នេះ ទទួល​បាន​ជោគជ័យ នឹង​កាន់តែ​ល្អ​ប្រសើរ​ឡើង​ទៀត ព្រោះ​តាម​បទ​ពិសោធ​ន៏​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក ការ​កំណែរ​ទម្រង់​លើ​បញ្ហា​ប្រឡង​ទទួល​បាន​តម្លាភាព និង​យុ​ត្ត​ធម៌​ច្រើន ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុ​ប ឆ្នាំ​២០១៦​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ សីហា មាន​រយៈពេល​៣​ថ្ងៃ សម្រាប់​រាជធានី​ភ្នំពេញ មាន​បេក្ខជន​ប្រឡង​ចំនួន​១៧.៦១៩​នាក់ មាន​២៣​មណ្ឌល ស្ថិត​ក្នុង​ខណ្ឌដូនពេញ ចំការមន ទួល​គោក ៧​មក​រា សែន​សុខ ច្បារ​អំពៅ ពោធិ៍​សែន​ជ័យ​និង​ខណ្ឌឫស្សីកែវ រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ​រៀបចំ​ការ​ប្រឡង​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​តាម​មណ្ឌល​ប្រលង រួម​ទាំង​ការងារ​បរិស្ថាន បន្ទប់ទឹក អគ្គិសនី តុ​អង្គុយ និង​របង​សាលា​ជាដើម ។

​ជាមួយ​គ្នា​នេះ​ដែរ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ដាក់​ផែនការ គ្រប់​អាជ្ញាធរ​ពាក់​ព​ន្ធ័ ពិសេស​អាជ្ញាធរ​ខណ្ឌ និង​កងកំលាំង​ពាក់ព័ន្ធ​ឱ្យ​​យកចិត្តទុកដាក់​ក្នុង​ការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​ផង​ដែរ  ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ នៅ​គ្រប់​មណ្ឌល​​ប្រឡង​ផង​ដែរ ៕