នាយក​សាខា​«​ប្រា​សាក់​»​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តសៀមរាប ៖ នាយក​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ធ្វើការ​ចាប់ខ្លួន តាម​អំណាច​ដីការ​របស់​តុលាការខេត្ត​កណ្ដាល ខណៈ​ជនសង្ស័យ​រូប​នេះ​បាន​រត់​មក​ពួន​សម្ងំ​នៅ​ក្នុង​ខេត្តសៀមរាប ។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ម្ដុំ​ជិត​វត្ត​ចក ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ឈ្មោះ ឡុ​ច ចំរើន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ នាយក​សាខា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​(​រំលោភ​លើ​ទំនុកចិត្ត​) ប្រព្រឹត្ត​នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គរ​ស្នួល ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ បទល្មើស​ព្រហ្មទណ្ឌ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ប្រគល់​ជូន​ឱ្យទៅ​កម្លាំង​នគរបាល​ខេត្តកណ្ដាល​ភ្លាម​ៗ​ទាំង​យប់​ផង​ដែរ ។

ជុំវិញ​ករណី​ខាងលើ​នេះ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦​នេះ «​កោះសន្តិភាព​» នៅ​មិន​ទាន់​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បកស្រាយ​បំភ្លឺ​ពី​តំណាង ឬ​ប្រធាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ បាន​នៅឡើយ​ទេ​៕