នាំ​គ្នា​ឈរ​ស្រាត​តវ៉ា​ប្រឆាំង​អំពើ​ហិង្សា​លើ​នារី

លោកស្រី JULIE GALIAY ជា​សិល្ប​ការិនី​ខាង​គូររូប​ម្នាក់ និង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​បាន​ធ្វើ​យុទ្ធនាការ​ឈរ​ស្រាត​មួយ ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​នារី ។

លោកស្រី JULIE GALIAY ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK កាលពី​ថ្ងៃ​ទី​៤ សីហា ថា​នារី​ប្រមាណ​ជា​៣០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កន្លែង​កម្សាន្ត​មាត់សមុទ្រ​មួយ​រួច​នាំ​គ្នា​ស្រាត ប្រឆាំង​អំពើ​ហិង្សា​លើ​នារី ។ FACEBOOK បាន​ត្រួតពិនិត្យ​លើ​ការ​ផ្សាយ​រូបថត​ស្រាត​នេះ ក៏​ប៉ុន្តែ​សកម្មភាព​នេះ​ពុំ​ចោទ​ជា​បញ្ហា​នោះ​ទេ ។ លោកស្រី​បន្ត​ថា នារី​ៗ​រង​អំពើ​ហិង្សា​ចាប់តាំងពី​យូរ​មក​ហើយ រួច​សុខចិត្ត​នៅ​ស្ងៀមស្ងាត់ ។ សកម្មភាព​របស់​យើង​ដំបូង​មាន​នារី​ម្នាក់​ឈរ​នៅ​មុខ រួច​នារី​៣០​នាក់​ក៏​ចូលរួម ។

ពួក​គេ​នាំ​គ្នា​ដោះ​សម្លៀក​បំពាក់​ចេញ​នៅ​មាត់សមុទ្រ ហើយ​ថតរូប​ប្រឆាំង​អំពើ​ហិង្សា​លើ​នារី ។ សេរីភាព​នៃ​ការ​ស្រាត​នោះ​ត្រូវ​ត្រួតពិនិត្យ​ដោយ FACEBOOK តែ​ពុំ​អាច​រារាំង​នារី​ទាំងនោះ​ឡើយ ។

លោកស្រី JULIE GALIAY បន្ត​ថា នារី​ទាំងនោះ និង​រូប​ខ្ញុំ​ផ្ទាល់ យើង​ឈរ​ស្រាត​ឱ្យ​អ្នក​ថតរូប​វិជ្ជាជីវៈ​ម្នាក់​ថត ដើម្បី​ផ្សព្វផ្សាយ​ដល់​ពិភពលោក​ពី​ការ​តស៊ូ​បែប​នេះ​របស់​យើង​ប្រឆាំង​អំពើ​ហិង្សា​ដោយ​ពាក្យ​សម្តី និង​លើ​រូបរាង​កាយ​លើ​នារី ។

ហេតុ​អ្វី​ក៏​ជ្រើសរើស​យក​ខ្លួនប្រាណ​ធ្វើ​សកម្មភាព​តវ៉ា​បែប​នេះ? លោកស្រី JULIE ឆ្លើយ​ថា ការ​ស្រាត​តំណាង​ឱ្យ​ការ​បញ្ចេញមតិ​មួយ ហើយ​អាច​ជំរុញ​បុព្វ​ហេតុនេះ ។ ក្រៅពី​លក្ខណៈ​តវ៉ា នេះ​ក៏​ជា​ទម្រង់​សិល្បៈ​ជា​និមិត្តរូប​មួយ ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​សមាគម​ជា​ច្រើន ។ គម្រោង​នេះ​នៅ​ពុំ​ទាន់​បញ្ចប់​ទេ ។ វា​ចាប់ផ្តើម​កាលពី​១៥​ថ្ងៃមុន​ហើយ បណ្តា​នារី​ប៉ុនប៉ង​ធ្វើ​ទៀត​គឺ​នាំ​គ្នា​ថត​ស្រាត​នា​ថ្ងៃ​ទី​២១ សីហា ៕