ក្រុង​ប៉េ​កាំ​ង​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ត្រៀមខ្លួន​ធ្វើសង្គ្រាម​មួយ​នៅ​សមុទ្រ

ដោយសារ​ជម្លោះ​ដែនដី​ជាមួយ​រដ្ឋ​នៅ​អាស៊ី​ដទៃ​ៗ​ទៀត ប្រទេស​ចិន​ប្រឈម​មុខ​នឹង​បញ្ហា​សន្តិសុខ​ជាតិ ដោយ​លើក​ឡើង​ពី​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​មួយ​ចំពោះ​អធិបតេយ្យ​ភាព​​របស់​ខ្លួន ។

ពេល​ទៅ​ពិនិត្យ​បណ្តា​តំបន់ឆ្នេរ​សមុទ្រ​នៅ​ភាគ​ខាងកើត​ប្រទេស​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក CHANG WANQUAN ថ្លែង​ថា ពលរដ្ឋ​ចិន​ត្រូវ​រៀបចំ​ខ្លួន​សម្រាប់​ធ្វើសង្គ្រាម​មួយ​នៅ​សមុទ្រ ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​ប្រទេស ។ លោក​ក៏​គូសបញ្ជាក់​ផង​ដែរ​ពី​បញ្ហា​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​ទាំងឡាយ​ពិសេស​នៅ​សមុទ្រ ។ លោក​អះអាង​ថា កងទ័ព ប៉ូលិស និង​ប្រជាជន​ត្រូវ​តែ​ត្រៀម​កេណ្ឌ​ប្រមូល​ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​ប្រទេស ។

លើស​ពី​នេះ​ទៀត លោក WANQUAN បាន​ចេញ​បញ្ជា​ឱ្យ​ជំរុញ​ការ​បំពាក់បំប៉ន​ខាង​កិច្ច​ការពារ​ស៊ី​វិល​សម្រាប់​ពលរដ្ឋ​ចិន ។

ជម្លោះ​ដែនដី​រវាង​ចិន និង​ប្រទេស​ឯទៀត​ៗ​នៅ​អាស៊ី​កើត​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។ ការ​ទាមទារ​ដែនដី​មួយ​ចំនួន​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​រួម​មាន​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល និង​ប្រជុំ​កោះ​ស្ប្រា​ត​លី​សម្បូរ​ដោយ​ប្រេ​ងេ​កាត និង​ឧស្ម័ន​ត្រូវ​បាន​ធ្វើ​ដោយ​ចិន តៃវ៉ាន់ វៀតណាម ហ្វ៊ីលី​ពី​ន ព្រុយ​ណេ និង​ម៉ា​ឡេ​ស៊ី ។

ក្រុង​ប៉េ​កាំ​ង​បដិសេធ​មិន​ទទួលស្គាល់​សុពលភាព​នៃ​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុង​ឡា​អេ ដែល​អះអាង​ថា ចិន​ពុំ​មាន​សិទ្ធិ​ប្រវត្តិសាស្ត្រ​ណាមួយ​លើ​ដែនទឹក​យុទ្ធសាស្ត្រ​ភាគច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ៕