ឆាយ បូរ៉ា លាឈប់​តំណែង​ប្រធាន​សមាគម​ភាពយន្ត?

លោក ឆាយ បូរ៉ា បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​តំណែង​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​កាល​ពី​ពេល​ថ្មី​នេះ​ដោយ​មិន​ទាន់​ដឹង​មូលហេតុ​ពិត​ប្រាកដ​នៅ​ឡើយ។ នេះ​បើ​តាម​ប្រភព​មួយ​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ប្រាប់ Sabay។

 

ឆាយ បូរ៉ា លាឈប់​តំណែង​ប្រធាន​សមាគម​ភាពយន្ត?

 

ប្រភព​ដដែល​បន្ថែម​ថា នៅ​ព្រឹក​នេះ​មាន​ការ​ប្រជុំ​មួយ​នៅ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​និយាយ​ពី​សមាគម​ភាពយន្ត សិល្បករ និង​វិស័យ​ភាពយន្ត​ជា​ដើម។ ជាមួយ​គ្នា​នោះ​ក៏​លេចឮ​ព័ត៌មាន​ពី​គម្រោង​លា​ឈប់​ពី​តំណែង​ប្រធាន​សមាគម​ភាពយន្ត​រូប​នេះ​តែ​ម្ដង​នាំ​ឱ្យ​សមាជិក​ទាំង​អស់​មាន​ការ​ភ្ញាក់​ផ្អើល។

 

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​លោក ឆាយ បូរ៉ា បាន​ឆ្លើយតប​មក​កាន់ Sabay តាម​រយៈ​សារ​អេឡិចត្រូនិក​កាល​ពី​ព្រឹក​​មិញ​ថា លោក​គ្រាន់​តែ​បាន​ជួន​ដំណឹង​ទៅ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​ប៉ុណ្ណោះ។ បច្ចុប្បន្ន​មិន​ទាន់​មាន​លិខិត​ជា​ផ្លូវ​ការ​ដាក់​ទៅ​នាយកដ្ឋាន​នោះ​ទេ ព្រោះ​​លោក​កំពុង​មាន​ភារកិច្ច​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។

 

ប្រធាន​សមាគម​ខាង​លើ​បន្ថែម​ថា លោក​ប្រហែល​ជា​អាច​ដាក់​លិខិត​ជា​ផ្លូវ​ការ​ទៅ​នាយកដ្ឋាន​ឆាប់ៗ​ក្រោយ​​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ។ ចំពោះ​មូលហេតុ​នាំ​ឱ្យ​មាន​ការ​សម្រេច​ចិត្ត​បែប​នេះ ក៏​ព្រោះ​តែ​​លោក​បាន​បញ្ចប់​អាណត្តិ​២​ឆ្នាំ​សម្រាប់​តួនាទី​ជា​ប្រធាន​សមាគម​​ភាពយន្ត​នៅ​ក្នុង​អំឡុង​ខែ​សីហា​នេះ​ហើយ។

 

ឆាយ បូរ៉ា លាឈប់​តំណែង​ប្រធាន​សមាគម​ភាពយន្ត?

 

“ខ្ញុំ​គិត​ថា អាច​មាន​មនុស្ស​ជា​ច្រើន​ចង់​ក្លាយ​ជា​ប្រធាន បន្ទាប់​មក​គឺ​អនុញ្ញាត​ឱ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ​សម្រាប់​តំណែង​នេះ និង​រៀបចំ​រចនាសម្ព័ន្ធ​ត្រឹមត្រូវ”។ ឆាយ បូរ៉ា ថ្លែង​មក​កាន់ Sabay។

 

ប្រធាន​សមាគម​ដដែល​អះអាង​ថា លោក​មិន​ទាន់​ប្រាកដ​ទេ​ចំពោះ​ការ​ឈរ​ឈ្មោះ​ឱ្យ​បោះ​ឆ្នោត​ម្ដង​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ។ ម្យ៉ាង​លោក​មិន​ទាន់​បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ​នៅ​ឡើយ​ផង។

 

ដោយ​ឡែក​លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ការ​ជួន​ដំណឹង​ពី​ប្រធាន​សមាគម​ភាពយន្ត​ប្រាកដ​មែន​តាម​រយៈ​ទូរសព្ទ ប៉ុន្តែ​មិន​ទាន់​មាន​លិខិត​ជា​ផ្លូវ​ការ​នៅ​ឡើយ។ លោក​ថា “ខ្ញុំ​គ្រាន់​តែ​លឺ​ដែរ​ទេ មិន​ទាន់​បាន​លិខិត​ផ្លូវ​ការ​អី​ទេ តែ​យើង​បាន​ណាត់​គ្នា​ហើយ ដើម្បី​ជជែក​ពិភាក្សា​ត​ទៀត”។ ប្រធាន​នាយកដ្ឋាន​ខាង​លើ​បាន​បន្ថែម​ថា បញ្ហា​នេះ​ជា​រឿង​លំបាក​សម្រាប់​រូប​លោក​ផ្ទាល់ ដូច្នេះ​មិន​ទាន់​អាច​ធ្វើ​ការ​អធិប្បាយ​បាន​ទេ៕

 

អត្ថបទ៖ សំ ជំនាញ