ពិធី​ខួបកំណើត​យប់​មិញ ផ្អើល​តារា​​ចូល​រួម​លើស​​ការគ្រោង​ទុក​​

រាជធានីភ្នំពេញ ៖ តារា​សម្តែង​បែប​តួ​ស្លូត​កញ្ញា​ពៅ​ លី​ដា ​បាន​ធ្វើ​ពិធី​ខួបកំណើត​​ក្នុង​សណ្ឋាន​ទ្រង់ទ្រាយ​ធំ ​ដែល​អាច​ចាត់​ទុក​ថា ​ជា​ព្រឹត្តិការណ៍​សំខាន់​ ក្នុង​សង្គម​សិល្បៈ ​ព្រោះ​មាន​ដោយ​តារា​ល្បី​លំដាប់​ប្រទេស​ ផ្អើល​នាំ​គ្នា​ចូលរួម​រំលេច​ដោយ​ម៉ូ​ដ​សំលៀក​បំពាក់​​ស្អាត​ៗ​ស្ទើរ​គ្រប់​ដួង​។

ការ​ប្រារ​ព្ធ​​ពិធី​ខួបកំណើត​របស់​ពៅ​ លី​ដា ​គឺ​ធ្វើ​ក្នុង​វ័យ​២៦​ឆ្នាំ​ ដែល​រៀបចំ​នៅ​បរិវេណ​ភោជនីយ​ដ្ឋា​ន​វី​ហ្វ្រេ​ន ​បឹង​ត្របែក​ រាជធានី​ភ្នំពេញ​ កាលពី​រាត្រី​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៦​ ក្នុង​បរិយាកាស​សប្បាយ​រីករាយ​ ខណៈ​ដែល​តារា​ជា​ច្រើន​នាំ​គ្នា ​មក​សង្កត់​កម្មវិធី​ឲ្យ​កាន់តែ​ផ្អើល​ សូ​ម្បី​តែ​អ្នក​នៅ​ម្តុំ​នោះ​ ក៏​​នាំ​គ្នា​ឈរ​មើល​តារា​ៗ​បង្អួត​សម្រស់​គ្នា​ដែរ​ ។

ក្នុង​ឈុត​សម្លៀក​​បំពាក​រ៉ូ​ប​ពណ៌​ស្វាយ​ត្រឹម​ក្បាលជង្គង់​ តារា​សម្តែង​ស្រអែម​ខ្មៅ​ស្រី​ពៅ លី​ដា ​បាន​រៀបរាប់​ទាំង​ទឹកចិត្ត​រំភើប​រីក​រាយ​ថា ​នាង​ខក​ខាន​​រៀបចំ​ពិធី​ខួបកំណើត​បែប​នេះ​២​ឆ្នាំ​មក​ហើយ​ ទើបតែ​ពេល​នេះ​ឆ្លៀត​ រៀបចំ​ម្តងទៀត​ ក្រោយ​ពេល​ពិធី​ឡើងផ្ទះ​២​ឆ្នាំ​មុន​បាន​​​ចប់​ ។​

យ៉ាងណា​ នាង​ហាក់​លោត​ខ្លាំង​ណាស់​ដែរ ​ក្នុង​ការ​អញ្ជើញ​ភ្ញៀវ​មក​ចូលរួម ​ដោយ​ចំនួន​តុ​រៀបចំ​ទទួលភ្ញៀវ​ដល់​ទៅ​ពី​២៥​តុ​ឡើង​ដល់​៣០​តុ​ មាន​អ្នកសិល្បៈ​ជា​ច្រើន​ចូលរួម​ទាំង​ភ្ញៀវ​ស្គាល់​​រាប់អាន​នាង​មួយ​ចំនួន​ទៀត​ ។ ​ម្ចាស់​កម្មវិធី​ ដែល​ជា​តួឯក​ផុត​គេ​ នៃ​ថ្ងៃ​ពិសេស​នេះ​ ថ្លែង​បន្ត​ថា ​ការ​ចំណាយ​ប្រាក់​ស​ន្ធឹក​បែប​នេះ​ គឺ​គ្មាន​ចង់បាន​អ្វី​ក្រៅពី​ការ​ជួបជុំ​មិត្តភក្តិ​សិល្បៈ​ទាំងអស់​គ្នា​នោះ​ទេ ​ព្រោះ​យើង​សុ​ទ្ធ​​តែ​រវល់​ធ្វើការ​ណាមួយ​នាង​ ក៏​រ​វល់​ដែរ​ហើយ​ឆ្លៀតពេល​ថ្ងៃ​ពិសេស​នេះ​ ត្រូវ​តែ​ធ្វើ​ឡើង​សារ​ជា​ថ្មី​ ។​

ទាក់ទិន​និង​ការ​ទទួល​នូវ​កាដូ​ពិសេស​អ្វី​នោះ​ ដូច​ជា​មិន​មាន​ទេ​ ក្រៅពី​ការ​ចងដៃ​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ប៉ុណ្ណោះ​ ព្រោះ​នាង​គ្មាន​គូស្នេហ៍​ពិសេស​ណា​ឲ្យ​អ្វី​ទេ ​ក្រៅពី​ឪពុក​ម្តាយ​បងប្អូន​ និង​មិត្តភក្តិ​ ។ ​អ្នកលក់​ផ្អក​តាម​អន​ឡាញ​រូប​នេះ​ និយាយ​ទៀត​ថា​ ក្តី​ប្រាថ្នា​របស់​នាង​ ក្នុង​ថ្ងៃ​ខួបកំណើត​នេះ ​សុំ​ប៉ងប្រាថ្នា​ឱ្យ​​ប៉ា​ម៉ាក់​បងប្អូន​របស់​នាង​ មាន​សេចក្តីសុខ​រកស៊ី​មានបាន​ និង​មាន​សុខភាព​ល្អ​ទៅ​ណា​មក​ណា​ជួប​តែ​រឿង​ល្អ ​និង​បួងសួង​សុំ​ឲ្យ​ខ្លួនឯង​ មាន​វាសនា​ល្អ​ ព្រមទាំង​ទស្សនិកជន​ទាំងអស់​ ទាំង​ក្នុង​និង​ក្រៅប្រទេស​ជួប​សេចក្តីសុខ​សាន្ត ​រកស៊ី​មានបាន​មាន​សុខភាព​ល្អ​ដូច​គ្នា ​។​

បើ​ទោះបីជា​នាង​ឈាន​ចូល​វ័យ​២៦​ឆ្នាំទៅ​ហើយ​ក្តី ក៏​​ឱកាស​រក​គូស្រករ​ ដូច​ជា​មិន​ទាន់​ចាប់អារម្មណ៍​ដែរ​ ហើយក៏​​មិន​ទាន់​ចង់​និយាយ​រឿង​ស្នេហ៍​នេះ​ដែរ ​ចាំ​ពេល​ណា​ពេល​នឹង​តែ​ម្តង​ទៅ ​ហើយ​ប្រហែលជា​ពីរ​ បី​ឆ្នាំ​ទៀត​ ចាំ​គិតគូ​អនាគត​ពេល​នេះ​ សម្រុក​ការងារ​សិល្បៈ​ជួយ​អ្នក​ផ្ទះ​ ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​ទៀត​សិន​ ខ្ជិល​ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ណា​ ។ ​ចំពោះ​សិល្បៈ​វិញ ​ពេល​នេះ​ រវល់​ថត​រឿង​ភាគ​ពីរ​រឿង​​នៅ​ប៉ុ​ស្តី​លេខ​៥​ផង ​និង​ថត​ឲ្យ​ផលិតកម្ម​ចក្កវាឡ​ពេជ្រ ​រឿងបុរាណ​ «​ចំប៉ី​នាគ​ត្រាច់ចរ​»​និង​ការងារ​ថត​ខា​រ៉ា​អូ​ខេ​ ព្រមទាំង​ការ​ឡើង​ច្រៀង​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ដូច​ពី​មុន​ៗ​ដែរ ​។​

ក្រៅពី​នេះ ​នាង​មានមុខ​របរ​លក់​ផ្អក ​តាម​អន​ឡាញ​ឆ្ងាញ់​ និង​មាន​អនាម័យ ​ដែល​កំពុង​តែ​មានការ​គាំទ្រ​ទាំង​អ្នកសិល្បៈ​ និង​ក្រៅ​សិល្បៈ​និង​មាន​ហាង​អ៊ុតសក់​មួយ​ ដែល​កំពុង​ដំណើរការ​ជា​ប្រចាំ ​ហើយក៏​​មិន​ទាន់​មាន​គម្រោង​ពង្រីក​មុខរបរ​អ្វី​បន្ថែម​ទៀត​​ដែរ​ព្រោះ​ការ​ធ្វើ​អ្វីមួយ​ត្រូវ​ចំណាយពេល​គិត​ច្រើន​ណាស់​ ដូចនេះ​មាន​ត្រឹម​ប៉ុណ្ណឹង​ គឺ​គ្រប់គ្រាន់​ចាំ​គិត​រឿង​ថ្មី​ពេល​ក្រោយ​ៗ​ទៀត​។​