បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​ភ្នំក្រវាញ ពុំមាន​ការថយចុះ​នោះទេ​

លោក ថន ប៊ុន​ថេត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ និង​មន្ត្រី​បរិស្ថាន​ប្រចាំ​ស្រុក​ភ្នំក្រវាញ ត្រូវ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុងតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ផ្ទុយទៅវិញ​លោក ថន ប៊ុន​ថេត និង​មន្ត្រី​បរិស្ថាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតតែ​ពី​រឿង​ប្រមូល​លុយ​ពី​ឈ្មួញ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ដើម្បី​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ឡើយ​។ ឈ្មួញ​ធំៗ​មួយចំនួន​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវគេ​ដឹងថា​បាន​យក​មន្ត្រី​ធំៗ​នៅក្នុង​ខេត្ត​នេះ​ធ្វើជា​ខ្នងបង្អែក ដូច្នេះហើយ​ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ហ៊ាន​ប៉ះពាល់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជួរ​ភ្នំក្រវាញ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ក្រុម​ឈ្មួញ​មួយចំនួន​នៅតែ​ចូលទៅ​កាប់​ឈើ ហើយ​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​មិនដែល​ឃើញ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​កូរ៉េ រថយន្តស្ទូច និង​រថយន្ត​កែច្នៃ ចេញពី​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ភ្នំក្រវាញ ឆ្ពោះទៅ​ស្រុក​បាកាន និង​ក្រុង​ពោធិ៍សាត់ ដើម្បី​លក់​ចែកចាយ​តាម​ដេប៉ូ​យ៉ាង​សុខ​ស្រួល​។ លោក ថន ប៊ុន​ថេត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ប្រហែល​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​ផ្គើន​ទៅនឹង​ចំណាត់ការ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម យ៉ាង​គឃ្លើន​។

​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដែល​ល្បីល្បាញ​ខាង​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំក្រវាញ មានឈ្មោះ ង៉ូ​វ ទី រស់នៅក្នុង​ស្រុក​បាកាន ហើយ​ឈ្មួញ​រូបនេះ​តែងតែ​រត់ការ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​លើ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅក្នុង​ខេត្តពោធិ៍សាត់​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ភ្នំក្រវាញ បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ចំណែក​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏​គួរ​ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរខេត្ត​ពោធិ៍សាត់​ផងដែរ ព្រោះ​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ធំៗ​បាន​យក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ជា​បង្អែក​ដ៏​រឹងមាំ​ទើប​ពួកគេ​ហ៊ាន​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាង​ងងើល​បំផុត​៕

13668700_1741767136089977_7402517897600883184_o 13923474_1741767102756647_855782669537561870_o 13925723_1741767116089979_3631451583254455340_o