កសិករ​ខ្មែរ​ជួល​ដីស្រែ​ឱ្យ​វៀតណាម​នៅ​តាម​ព្រំដែន ខ្លួនឯង​ធ្វើ​ចំណាកស្រុក

កសិករ​ខ្មែរ​ជួល​ដីស្រែ​ឱ្យ​វៀតណាម​នៅ​តាម​ព្រំដែន ខ្លួនឯង​ធ្វើ​ចំណាកស្រុក



ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​នៅ​ភូមិ​ភ្លោះ និង​ភូមិ​ក្រសាំង​ជ្រំ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ដែល​មាន​ដីស្រែ​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ព្រំដែន នៅ​តែ​បន្ត​ជួល​ដីស្រែ​ឲ្យ​ទៅ​ប្រជាជន​វៀតណាម​ធ្វើ​ក្នុង​មួយ​ហិ​កតា​តម្លៃ​១០​លាន​ដុ​ង​ស្មើនឹង​៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ កម្រៃ​ដែល​បាន​ពី​ការ​ជួល​ដី​ឱ្យ​កសិករ​វៀតណាម​ធ្វើ​នេះ ត្រូវ​កសិករ​ខ្មែរ​អះអាង​ថា គិត​ទៅ​ចំណេញ​ជាង​ធ្វើស្រែ​ខ្លួនឯង​ដែល​គ្មាន​ជំនាញ​បច្ចេកទេស ។

នៅ​ថ្ងៃ​ទី​៤ ខែសីហា លោក អុ​ិ​ន សុទ្ធា  អាយុ​៦០​ឆ្នាំ ជា​កសិករ​នៅ​ភូមិ​ក្រសាំង​ជ្រំ បាន​ឲ្យ​ដឹង​ថា ប្រជា​កសិករ​នៅ​ភូមិ​ភ្លោះ​ដែល​មាន​ដីស្រែ​នៅ​ជិត​ខ្សែបន្ទាត់​ព្រំដែន ភាគច្រើន​ជួល​ដី​ឲ្យ​កសិករ​វៀតណាម​ធ្វើស្រែ ដោយ​វៀតណាម​ហ៊ាន​ឲ្យ​ឈ្នួល​ក្នុង​មួយ​ហិ​កតា​១០​លាន​ដុ​ង ស្មើនឹង​៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ប្រជាជន​វៀតណាម​អាច​ធ្វើស្រែ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​ប្រើ​បច្ចេកទេស​ក្នុង​ការ​ធ្វើស្រែ និង​មាន​ដើមទុន​គ្រប់គ្រាន់ មាន​ជី មាន​ថ្នាំ និង​មានទឹក​បូម​ដាក់​ស្រែ​នៅ​រដូវប្រាំង ។

រីឯ​ប្រជា​កសិករ​ខ្មែរ​យើង​ដែល​ជា​ម្ចាស់​ដីស្រែ សម្រេចចិត្ត​ជួល​ដី​ឲ្យ​វៀតណាម​ធ្វើ​នេះ​ដោយសារ ទី​១-​គ្មាន​ដើមទុន ទី​២-​គ្មាន​ជំនាញ​បច្ចេកទេស ទី​៣-​គ្មាន​ប្រភព​ទឹក​បូម​ដាក់​ស្រែ (​ព្រែក​នៅ​ខាង​ប្រទេស​វៀតណាម​) ទី​៤-​គ្មាន​កម្លាំង​ពលកម្ម​ដោយ​កូន​ៗ​ពួក​គាត់​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ​អស់ នៅ​តែ​មនុស្ស​ចាស់​មើល​ចៅ ។

ប្រភព​ដដែល​បន្ត​ថា ប្រជាជន​វៀតណាម​ធ្វើស្រែ​ក្នុង​១​ហិ​កតា​បាន​ទិន្នផល​៧​តោន​ទៅ​៨​តោន តែបើ​ខ្មែរ​យើង​ធ្វើ​បាន​ទិន្នផល​ត្រឹមតែ​៤​តោន​ទៅ​៥​តោន​ក្នុង​មួយ​ហិ​កតា ហើយ​ការ​ចំណាយ​ក្នុង​មួយ​ហិ​កតា​អស់ប្រាក់​១០​លាន​ដុ​ង ស្មើនឹង​៥០០​ដុល្លារ​ក្នុង​មួយ​រដូវ (​រយៈពេល​៨០​ថ្ងៃ​ស្រូវ​អ៊ី​អ៊ែ​រ​K54) ដូច្នេះ​អត់​ចំណេញ ។ លុះ​នៅ​ពេល​ប្រមូល​ផល ឈ្មួញ​វៀតណាម​ប្រមូល​ទិញ​ក្នុង​១​គីឡូក្រាម​ថ្លៃ​៤.៥០០​ដុ​ង ស្មើនឹង​៦០០​រៀល​ក្នុង​១​គីឡូក្រាម ។ បើ​ក្នុង​រដូវប្រាំង​ឆ្នាំ​ណា​រាំង​ស្ងួត​ខ្លាំង​គ្មាន​ប្រភព​ទឹក​បូម​ដាក់​ស្រែ​គឺ​ខាត​ចូល​ដើម ។

លោក អ៊ិ​ន សុទ្ធា បន្ត​ទៀត​ថា ប្រជា​កសិករ​នៅ​ភូមិ​ក្រសាំង​ជ្រំ​ចង់​ជួល​ដី​ឲ្យ​វៀតណាម​ដែរ ក៏​ប៉ុន្តែ​វៀតណាម​គេ​មិន​ជួល​ទេ​ដោយ​ដីស្រែ​ភូមិ​ក្រសាំង​ជ្រំ ភាគច្រើន​ឆ្ងាយ​ពី​ប្រភព​ទឹក​។ ដូច្នេះ​ប្រជាពលរដ្ឋ​សុខចិត្ត​ធ្វើ​ខ្លួនឯង​ហើយ​ជួល​អ្នកបច្ចេកទេស​វៀតណាម​ឲ្យ​មក​ជួយ ជា​ពិសេស​ពេល​ស្រូវ​មាន​បញ្ហា ត្រូវ​ប្រើ​ថ្នាំ​ឬ​ត្រូវការ​សង្គ្រោះ​ស្រូវ គឺ​ជួល​ទាំង​ជំនាញ យក​ជី​យក​ថ្នាំ​ពី​វៀតណាម ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា វៀតណាម​ធ្វើស្រែ​គឺ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​គីមីកសិកម្ម បាញ់ថ្នាំ​៣​ដង គឺ​ពេល​ស្រូវ​ធ្វើ​ដើម​(​ចេញ​ផ្កា​)​ពេល​ស្រូវ​ដាក់​គ្រាប់ និង​បាញ់ថ្នាំ​ឲ្យ​ឆាប់​ទុំ នេះ​ប្រសិនបើ​យក​មក​បរិភោគ គឺ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង ។ ចំណែក​ប្រជា​កសិករ​ភូមិ​ចុង​ទួល ឃុំ​ចំបក់ រីករាយ​ពេល​ទទួលផល​ស្រូវ​ក្នុង​ខែសីហា​នេះ ដែល​មាន​ទិន្នផល​ខ្ពស់​គឺ​ក្នុង​មួយ​ហិ​កតា​បាន​៧​តោន លក់​ឲ្យ​វៀតណាម​បាន​ក្នុង​១​គីឡូក្រាម ថ្លៃ​៧៥០​រៀល ដោយសារ​ស្រូវ​គាត់​ប្រើ​ជីធម្មជាតិ ៕