អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

ភាពមមាញឹកខ្លាំង ដូចជានិយាយទូរស័ព្ទ សឹងមិនដាច់ពីមាត់ របស់មន្ត្រីធ្វើលិខិតឆ្លងដែនកម្ពុជា បាន​បង្ខំ​ឲ្យ​ពលរដ្ឋ ដែល​ចូល​ទៅ​ធ្វើ​លិខិតឆ្លងដែន ហើយបានរង់ចាំត្រៀបត្រា បញ្ចេញប្រតិកម្ម​ដោយថតជារូប និង​ជា​វីដេអូ មក​បង្ហោះ​ផ្សាយ ពេញ​បណ្ដាញ​សង្គម។ ពលរដ្ឋខ្លះ ដែលមិនបានថតរូប និងវីដេអូនោះ ក៏បានចូលរួម​ស្វាគមន៍​មន្ត្រី​ទាំង​នោះ យ៉ាង​ចាស់​ដៃ​ដែរ តាមរយៈសំណេរ។
អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

មន្ត្រីធ្វើលិខិតឆ្លងដែនមួយរូប ដែលទម្រេតខ្លួនលើកៅអី ហើយយកទូរស័ព្ទ មកចុចមើលបែបវាហី ខណៈពលរដ្ឋកំពុងឈររង់ចាំត្រៀបត្រា។ (រូបថតហ្វេសប៊ុក)

«នេះហើយស្រុករំដួល» ពាក្យដ៏ពេញ​និយម​មួយ​ឃ្លា​នេះ ត្រូវបានសង្ខេបចេញ ពីការផ្ដល់ជាមតិយោបល់ ប្រមាណ​ជាង២០០០មតិយោបល់ ទៅលើរូបថតមួយសន្លឹក (រូបខាងក្រោម) ដែលបង្ហាញពីការទម្រេតខ្លួន របស់​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​មួយរូប ហើយយកទូរស័ព្ទមកចុចលេង នៅពីមុខពលរដ្ឋជាច្រើននាក់ ដែលកំពុង​ឈរ​តម្រង់​ជួរគ្នា រង់ចាំវេនខ្លួន ដើម្បីចូលមកធ្វើលិខិតឆ្លងដែន។​​​ រូបភាពនេះ ទើបនឹងយកមកបង្ហោះ នៅ​១៥ម៉ោង​មុន​នេះប៉ុណ្ណោះ តែមានអ្នកចែករំលែក ដល់ទៅជាង ២៧ ០០០ដងហើយ។

អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

បន្ថែមពីលើរូបភាពខាងលើ គណនីហ្វេសប៊ុកមួយទៀត ក៏បានយកវីដេអូដែលខ្លួនថតបាន យកមកបង្ហោះ​ផ្សាយ​ដូច​គ្នាដែរ។ វីដេអូនោះ បង្ហាញពីមន្ត្រីធ្វើលិខិតឆ្លងដែនម្នាក់ទៀត ដែលកំពុងយកទូរស័ព្ទ មកចុច​លេង​ដូចគ្នា។ វីដេអូនេះ ត្រូវបានបង្ហោះកាលពីថ្ងៃទី៣ ខែសីហា និងមានការចែករំលែក ដល់ទៅជិត ២ ០០០ដង។

គេនឹងរង់ចាំមើល ប្រតិកម្មរបស់​នាយកដ្ឋាន​​លិខិត​ឆ្លង​ដែន នៃក្រសួងមហាផ្ទៃកម្ពុជា នឹងកើតមានបែបណា ចំពោះបាតុភាពបែបនេះ។ប៉ុន្តែនៅចំពោះការរិះគន់​ដ៏ច្រើនលើសលប់ខាងលើ​ អ្នកប្រើប្រាស់​ហ្វេសប៊ុក​ខ្លះ​ទៀត​បាន​ចេញ​មុខ មកការពារមន្ត្រីទាំងនោះ ហើយបានវាយប្រហារ ត្រឡប់ទៅម្ចាស់រូបថត ឬម្ចាស់វីដេអូវិញថា៖ «មាន​ចេតនា ចង់ថតរូប ឬវីដេអូ ដើម្បីចាប់កំហុស»៕