ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

នៅក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ យុទ្ធនាការបង្ក្រាបគ្រឿងញៀន របស់លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសហ្វីលីពីន បានបង្កឲ្យមានមនុស្សស្លាប់ ជាច្រើនរយនាក់ ក្នុង​នោះ​មាន​រាប់​បញ្ចូល ទាំង​អ្នក​គ្មាន​ទោស​កំហុស​នោះ​ផង។ ក្រៅពីនេះ មនុស្សជាច្រើន​ពាន់នាក់ ត្រូវបាន​ចាប់​ដាក់​ឃុំ រហូតលុះត្រា​គ្មាន​ពន្ធនាគារ ដើម្បីដាក់ពួកគេ​។
ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

ទិដ្ឋភាពអ្នកជាប់ឃុំច្រើនសិបនាក់ ដេកតម្រៀបគ្នា នៅខាងក្រៅបន្ទប់ ព្រោះគ្មានពន្ធនាគារដាក់។ (រូបថតអង្គការក្រៅរដ្ឋាភិបាល)

អ្នកទោស និងអ្នកជាប់ឃុំ ជាច្រើនសិបនាក់ ត្រូវបានអាជ្ញាធរហ្វីលីពីន ចាប់ដាក់ឃុំនៅក្នុងបន្ទប់តែមួយ នៅនឹងជណ្ដើរអាគារ ឬនៅកណ្ដាលវាល ក្រោមសីតុណ្ហភាពដ៏ក្ដៅហែង។ ពួកគេជាច្រើននាក់ បានប្រជ្រៀតគ្នា នៅក្នុងកន្លែងឃុំខ្លួននោះ ​រហូតដល់ថ្នាក់ដេកគ​រជាន់ជើង ដូចអន្សមស្ងោរក្នុងឆ្នាំង។ ទាំងនេះ ជារូបភាពថ្មីៗ ដែលក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានថតយកមកផ្សាយ បង្ហាញពីភាពហួសចំណុះ នៃពន្ធនាគារជាច្រើន នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃ ប្រឆាំងការរត់ពន្ធ និងការសេពគ្រឿងញៀន របស់លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីជាប់ឆ្នោតថ្មី​របស់ប្រជុំកោះ។

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» បានហៅទិដ្ឋភាពនេះ ថា​មាន​លក្ខណៈគួរឲ្យ«រន្ធត់»។ ដូចយ៉ាង នៅពន្ធនាគារ «Quezon» ​ជាដើម ដែលមានចំណុះ​អាច​ទទួល​អ្នក​ទោស បានត្រឹមតែ៨០០នាក់ តែបែរជាទទួលមនុស្ស យកមកឃុំរហូតដល់ទៅ ៣៩៥០នាក់។ អាជ្ញាធរ​ហ្វីលីពីន​ខ្លួន​ឯង ក៏បានទទួលស្គាល់ដែរថា ភាពហួសចំណុះនៃចំនួនអ្នកជាប់ឃុំ មានសឹងជាទូទៅ នៅគ្រប់​ពន្ធនាគារ​ទាំង​អស់ នៃប្រទេសអាស៊ីភាគអាគ្នេយ៍មួយនេះ។

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

ទិដ្ឋភាពនៅមិនទាន់ចប់នៅឡើយ ដោយហេតុថាយុទ្ធនាការបង្ក្រាប របស់លោកប្រធានាធិបតី នៅបន្តធ្វើ​ទៅ​មុខ​ទៀតវែងឆ្ងាយ រហូតដល់រយៈពេល៦ខែ។ នេះបើតាមការសន្យារបស់លោក រ៉ូឌ្រីចូ ឌុយតែតេ ផ្ទាល់ ទៅ​កាន់​ប្រជាជាតិ។ មកដល់នឹងពេលនេះ មនុស្សសង្ស័យរាប់ពាន់នាក់ ទាំងអ្នកជួញ ជក់ និងទាំងអ្នកសេព ត្រូវ​បាន​ចាប់​ខ្លួន និងយកទៅដាក់ឃុំ ក្រោមឥទ្ធិពលនៃយុទ្ធនាការខាងលើ។ ប៉ុន្តែមនុស្សរាប់សិបអ្នកផ្សេងទៀត ក៏​ត្រូវ​បាន​សម្លាប់ នៅ​ក្រោម​នយោបាយ​កណ្ដាប់ដៃដែក របស់លោកប្រធានាធិបតីដែរ។

ជាផ្លូវការ មនុស្សជាង៤០០នាក់ ត្រូវបានសម្លាប់ ក្រោមគ្រាប់កាំភ្លើងរបស់នគរបាល។ ចំពោះតួលេខ​មិន​ផ្លូវ​ការ​វិញ នៅមានច្រើនរយនាក់ផ្សេងទៀត ដែលត្រូវបានសម្លាប់ដោយពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ នៃ​ប្រទេស។ ហេតុការណ៍ខ្លះ ជាការឆ្លៀតឱកាស ដើម្បីជម្រះបញ្ជី និងជាទង្វើដែលផ្អើលតាមគ្នា។

ដូច​ជាករណី របស់អ្នករត់កង់បីមួយរូប ឈ្មោះ «Michael Siaron» ជាដើម ដែលត្រូវបានសម្លាប់​នៅតាមដងផ្លូវ កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ។ ក្រុមមនុស្ស ដែលបានព្រួតសម្លាប់លោក «Michael Siaron» បាន​ទុក​សំណេរ​​នៅលើក្រដាសរឹងមួយ ដាក់ចោលនៅក្បែរសាកសពលោក មានន័យថា «អ្នកជួញគ្រឿងញៀន» (រូប​ខាង​ក្រោម)។ តែសម្រាប់ភរិយាលោក «Michael Siaron» បានថ្លែង​ជាមួយនឹងការស្រែកយំ ​នៅក្នុងពិធីបុណ្យ​សព​របស់​ស្វាមីខ្លួន កាលពីថ្ងៃពុធកន្លងមកថា ស្វាមីរបស់អ្នកស្រី មិនដែលធ្វើរឿងអាក្រក់ ឬបង្កហេតុ ជាមួយ​នរណា​ម្នាក់​ឡើយ៕

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក