​ភ្លុកដំរី​ទាំងនេះ លួច​​​បង្កប់​២ទូ​កុងតឺន័រ​

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្លុក​​ដំរី​ដែល​សង្ស័យ​​ថា បាន​នាំ​ចូល​មក​ពី​តំបន់​អា​ហ្វ្រិ​ច​ចំនួន​៤១​កំណាត់​ និង​៨៧​ដើម ស្មើនឹង​៦១៣,៣Kg ត្រូវ​បាន​​មន្ត្រី​សាខា​គយ​ប្រចាំ​ច្រក​ទ្វា​អន្តរជាតិ ក្រុងព្រះសីហនុ រក​ឃើញ​ក្នុង​ទូ​កុង​តៃ​នឺ​ចំនួន​​២ ហើយ​ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​បាន​ចុះ​អនុវត្ត​បើក​ទូ ​​នៅ​​ថ្ងៃ​ទី​០៥ ​សីហា​ នេះ​ ។

​បើ​តាម​លោកគិ​ន លី ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ប្រចាំ​កំពង់​ផែ​ស្វ​យ័​ត​ក្រុងព្រះសីហនុ​ឱ្យ​​ដឹង​ថា ភ្លុក​ដំរី​ទាំង​អស់នេះ​ ឈ្មួញ​លួច​នាំ​ចូល​ពី​តំបន់​​ប្រទេស​អាហ្វ្រិក ​ឆ្លងកាត់​មក​កម្ពុជា ដែល​អាច​នឹង​នាំ​បន្ត​ទៅ​កាន់​ប្រទេស​ទី​៣​ មួយ​ណា​ទៀត ប៉ុន្តែ​ត្រូវ​ទប់ស្កាត់​ដោយ​​អ​ជ្ញា​ធរ​នៅ​ច្រក​កំពង់​ផែ​ ។

ចំពោះ​ភ្លុក​ដំរី​ដែល​បាន​សមត្ថកិច្ច​ឆែកឆេរ​ក​ឃើញ​បង្កប់​ក្រោម​​បាវ​ពោត​ នា​ពេល​នេះ​មាន​ចំនួន​៤១​កំណាត់​ នឹង​៨៧​ដើម ស្មើនឹង​៦១៣,៣Kg បន្ទាប់​ពី​ការ​ឃើញ​នៅ​ក្នុង​ទូ​កុងតឺន័រ​នេះ​ដែរ ​កាល​ពី​ឆ្នាំ​២០១៤​ ​មាន​ចំនួន​៣០០៨Kg ដែល​ក្រុម​ឈ្មួញ​បង្កប់​នៅ​ក្នុង​សណ្តែក​ ។

លោក​បន្ត​ថា ទូកុងតឺន័រ ដែល​សមត្ថកិច្ច​រក​ឃើញ​ភ្លុក​ដំរី​នា​នេះ គឺជា​កុង​តឺន័រ​ ​ដែល​ក្រុម​ឈ្មួញ​បាន​ទុក​ចោល​នៅ​ក្នុង​ឃ្លាំង​ចាប់​តាំងពី​ដើម​ឆ្នាំ​​២០១៦​មកម្ល៉េះ ។ ​ចំពោះ​ភ្លុក​ដំរី ដែល​សាខា​គយ​ និង​រដ្ឋាករ​ប្រចាំ​កំពង់​ផែ​ស្វ​យ័ត​​ក្រុងព្រះសីហនុ​ រក​ឃើញ​នា​ពេល​នេះ នឹង​ត្រូវ​ប្រគល់​ជូន​សាលាតំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី បន្ទាប់​ពី​ក្រុម​ក្រុមការងារ បញ្ចប់​និ​តិ​វិធី ​។

ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​សមត្ថកិច្ច​ពាក់​ព័ន្ធ ​ដែល​ចុះ​ត្រួតពិនិត្យ​ថ្លែង​ស្រ​ដៀង​ៗ​គ្នា​ថា ម្ចាស់​ទំនិញ​បាន​គេចខ្លួន​ និង​បោះបង់​ចោល​ទំនិញ​នេះ​ យូរ​មក​ហើយ ក្រោយ​ពី​អ​ជ្ញា​ធរ​នៅ​មាត់ច្រក​កំពង់​ផែ​ឃាត់​ចាប់​​បាន​ភ្លុក​ដំរី​ដូច​គ្នា​នេះ​រួច​ម្តង​មក​ហើយ​កាលពី​ឆ្នាំ​២០១៤ ។