ឆ្ងល់​ណាស់ ! ២០​ថ្ងៃ​ហើយ ហេតុ​អ្វី​ភ្លើង​នៅ​តែ​បន្ត​ឆេះ​ទៀត ?

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា អគ្គិភ័យ​ឆេះ​អីវ៉ាន់​ក្នុងផ្ទះ​បាន​កើតឡើង​ទៀត​ហើយ ចាប់តាំងពី​ថ្ងៃ​ទី​០៤​និង​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៥ សីហា​នេះ ទៅ​លើ​គ្រួសារ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ បឿន សា​លឿន  អាយុ​៣៧​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ កោប យី អាយុ​៣៨​ឆ្នាំ មានកូន​៣​នាក់​គិត​ទាំង​កូន​ក្នុង​ផ្ទៃ​៨​ខែ រស់នៅ​ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​០៤​សីហា​ម្សិលមិញ ភ្លើង​បាន​ឆេះ​ពីរ​ដង​គឺ​ឆេះ​ពូក មុង ខ្នើយ ពិសេស​ឆេះ​កម្រាលព្រំ​របស់​តាបស​ម្នាក់​មក​ពី​ខេត្តកណ្តាល​ដែល​រក្សា​ទុក​ឲ្យ​ម្ចាស់ផ្ទះ ។ ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​សីហា​នេះ អគ្គិភ័យ​ក៍កើត​មាន​ទៀត គឺ​ភ្លើង​ឆេះ​ឌី​ស​វី​ដេ​អូ ។ ប្រភព​បាន​បន្ត​ថា នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ម្ចាស់ផ្ទះ​បាន​ដឹក​ខ្ទម​អ្នកតា មក​ដល់ទី​តាំង​ដើម្បី​រៀបចំ​ដាក់​សម្រាប់​សែនព្រេន​ហើយ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ចាប់តាំងពី​ព្រឹក​រហូត​មក​ដល់​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៥ សីហា​នេះ ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ចម្ងាយ នៅ​តែ​បន្ត​នាំ​គ្នា​ចូល​ទៅ​មើល​ហេតុការណ៍​ផ្ទះ​ដែល​ចេះ​តែ​កើត​មាន​អគ្គិភ័យ ម្តង​ឆេះ​របស់​នេះ ម្តង​ឆេះ​របស់​នោះ ដោយ​មិនដឹង​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ បើ​ទោះបីជា​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុម​អ្នក​ភូមិ​បាន​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ និង​ម្ចាស់ផ្ទះ​និយាយ​បន់ស្រន់​រហូត​ដល់​ដាក់​លក្ខខណ្ឌ​តាម​បែប​ជំនឿ​ថា «​បើ​ភ្លើង​នៅ​តែ​ឆេះ​ទៀត នោះ​មិន​សង់​ខ្ទម​អ្នកតា​ឲ្យ​នោះ​ក្តី​»​។

បើ​តាម​ម្ចាស់ផ្ទះ មុន​ពេល​កើត​មាន​អគ្គិភ័យ​នេះ ពោល​គឺ​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ២០១៦ គាត់​បាន​រើស​បាន​លោក​ហៈ​ធាតុ​កញ្ចាំង​(​ស្រ​ដៀង​ម្កុដ​)  មាន​ទំហំ​៧​ហ៊ុន​មក​ទុក​លើ​ផ្ទះ  ហើយ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ដល់​ពេល​នេះ​មាន​រយៈពេល​២០​ថ្ងៃ ភ្លើង​នៅ​តែ​បន្ត​ឆេះ​អីវ៉ាន់​ក្នុងផ្ទះ​រហូត​៕