សមត្ថកិច្ច​ផ្តុំ​គ្នា ពេល​រថយន្ត​មក​ដល់​ទើប​ដឹង​ការ​ពិត

ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខណៈ​កំពុង​បើកឡាន​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ​មក​កាន់​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​១២ និង​០៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ភូមិ​ស្រែ​ឫស្សី ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ​ពួក​គេ​បាន​ប្រទះ​ឃើញ​រថយន្ត​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​បាន​ផ្តុំ​គ្នា​លើ​ដងផ្លូវ​ជាតិ​លេខ​៩ និង​មាន​កម្លាំង​មួយ​ចំនួន​ទៀត​ពួនស្ទាក់​នៅ​ក្បែរផ្លូវ​នោះ​ដែរ តែ​មិនដឹង​ថា សមត្ថកិច្ច​ទាំងនោះ​រង់ចាំ​ត្រៀម​ការពារ​មន្ត្រីជាន់ខ្ពស់ ឬ​បង្ក្រាប​បទល្មើស​អ្វី​នោះ​ទេ ក្រោយមក​ឃើញ​រថយន្ត​ពាក់​លេខ​ឡាវ​មក​ដល់ សមត្ថកិច្ច​ទាំងនោះ​ក៏​បាន​ចាប់​អ្នកបើកបរ និង​ឆែកឆេរ​ក្នុង​រថយន្ត​នោះ​ទើប​ដឹង​ថា​ជា​ករណី​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ។

លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កង​រាជ​អា​វុ​ត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដែល​អាវុធហត្ថ​តាមដាន​ក្រោម​ការ​កសាង​បណ្តាញ​ភ្នាក់ងារ និង​ប្រើប្រាស់​វិធានការ​ឲ្យ​មានការ​ទិញ និង​លក់​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​រួម​នឹង​វត្ថុ​តាង​ជាក់ស្តែង​នេះ ឈ្មោះ សុ​ផា​វ៉ា​ន់ ស៊ី​ង​ដៅ​វ៉ា​ន់ ហៅ វ៉ា​ន់​ឌី អូន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ឡាវ រស់នៅ​ភូមិ​ហា​ធី​ឃូ​ន ឃុំ​ហា​ធី​ឃូ​ន ស្រុក​មឿង​ខូង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ។

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ អាវុធហត្ថ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន រថយន្ត​ម៉ា​កវី​ហ្គោ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ឡាវ​១​គ្រឿង ព្រមទាំង​គ្រឿងញៀន​មួយ​កញ្ចប់​ធំ​ដែល​មាន​ទម្ងន់​ស្មើនឹង​១​គីឡូក្រាម ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​បន្ទាប់​ពី​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​ចំពោះ​មុខ​ជនសង្ស័យ​ដោយ​មានការ​ចូលរួម​ពិនិត្យ​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ៕