អាជ្ញា​ធរ​ភ្នំពេញ នឹង​ដាក់​សន្តិ​សុខ​ជាង​៣០០​នាក់​ ដើម្បី​សម្រួល​ការ​កក​ស្ទះ​

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​បង្វឹក​ដល់​កងកម្លាំង​សណ្តាប់ធ្នាប់​ចរាចរណ៍​ជាប់កិច្ចសន្យា ដែល​អាជ្ញាធរ​បាន​រើស​កាលពី​ពេល​ថ្មី​ៗ​នេះ ឲ្យ​មានការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​ការងារ​ផ្សេង​ៗ​ដើម្បី​ត្រៀម​ដាក់​ពង្រាយ​តាម​ផ្លូវ​ដែល​ជា​គោលដៅ​ធ្លាប់​មានការ​កកស្ទះ​នា​ពេល​កន្លង​មក​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានថ្ម​បេតុង​ឆ្លងកាត់​ស្ទឹង​ព្រែក​ត្នោត ត្រង់​ចំណុច​វត្ត​សាក់​សំពៅ ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ សីហា ២០១៦ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ យើង​ពិតជា​ទទួលស្គាល់ ព្រោះ​ផ្លូវ​យើង​មាន​ច្រើន​។ ភ្នំពេញ​យើង​ឥឡូវ​ក៏​ធំ​ទៀត សមត្ថកិច្ច​ខិតខំ​ខ្លាំង​ហើយ​នៅ​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​ទាំងនោះ​ឲ្យ​បាន​ទាន់​ពេលវេលា ។ ប៉ុន្តែ​ទោះជា​យ៉ាងណា នៅ​ដំណាច់​ខែសីហា​នេះ រដ្ឋ​បាល​​រាជធានី​ភ្នំពេញ​មាន​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរណ៍​ជាប់កិច្ចសន្យា​ដែល​បាន​រើស​រួច​ប្រមាណ​ជាង​៣០០​នាក់ នឹង​ទម្លាក់​ឲ្យ​ឈរជើង​នៅ​ទីតាំង​ដែល​ធ្លាប់​មានការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។ លោក​បន្ត​ថា ពេល​នេះ​កម្លាំង​ទាំងនោះ​កំពុង​តែ​ហ្វឹកហាត់ និង​បំពាក់បំប៉ន ហើយ​នៅ​ពេល​ហ្វឹកហាត់​រួច រដ្ឋបាល​រាជធានី នឹង​ពង្រាយ​ទៅ​តាម​គោលដៅ​ចរាចរណ៍​ដែល​ជា​បញ្ហា​ធ្លាប់​ស្មុគស្មាញ​ប្រមាណ​ជិត​២០០​ទីតាំង​ដើម្បី​ឲ្យ​កម្លាំង​ប្រចាំការ​ទាំងនេះ ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​បាន​ទាន់​ពេល ជា​ពិសេស​នៅ​ពេល​ដែល​សិស្ស កម្មករ និង​មន្ត្រីរាជការ​ចេញ​និង​ចូល​ធ្វើការ​ជាដើម ។

ទាក់ទិន​នឹង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​ខាងលើ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ស្ពាន​ដែល​ត្រូវ​សាងសង់​ថ្មី​នេះ មាន​បណ្តោយ​១១០​ម៉ែត្រ ទទឹង​៩​ម៉ែត្រ ជំនួស​ស្ពាន​ចាស់​ដែល​មាន​សភាព​ទ្រុឌទ្រោម និង​មិន​អាច​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ធ្ងន់​ឆ្លងកាត់​បាន​ទេ​។ លោក​ថា គម្រោង​សាងសង់​នេះ​នឹង​ត្រូវ​ប្រើ​រយៈពេល​៦​ខែ ឬ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ ។

គួរ​រំលឹក​ថា ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចូល​សាលា​កសិកម្ម​ចំការ​ដូង កាលពី​ថ្ងៃ​សៅរ៍​ទី​១១ ខែមិថុនា កន្លង​មកនេះ លោកប៉ា សុ​ជាតិ​វង្ស បាន​លើក​ឡើង​ថា នៅ​រាជធានី​ភ្នំពេញ ពេល​បច្ចុប្បន្ន​នេះ មានការ​កកស្ទះ​ចំនួន​៣ គឺ​ការ​កកស្ទះ​ចរាចរណ៍ ស្ទះលូ និង​ស្ទះ​សំរាម ជា​បញ្ហា​ប្រឈម​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បញ្ហា​ប្រឈម​ជាងគេ​នោះ​គឺ​បញ្ហា​កកស្ទះ​ចរាចរណ៍ ដែល​ពេល​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ជាង​១៨០​ទីតាំង​មានការ​កកស្ទះ​រាល់ថ្ងៃ តែ​គ្រប់កន្លែង​ទាំងនោះ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ឈរជើង​ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ហើយ ៕