៦ខែឆ្នំា២០១៦​ ឃាត់ខ្លួនជនល្មើស​ជាង១៥០០នាក់

រាជធានីភ្នំពេញ ៖ ​រយៈពេល៦ខែ ឆ្នាំ២០១៦ ​ក្នុងចំណោមបទល្មើស​ដែលកើតឡើងជារួមជាង​១៧០០លើក ​គឺកម្លាំងនគរបាល​មានលទ្ធភាព​បង្ក្រាបបានប្រមាណ៨០% ​ដែលស្មើនឹង១០៦៧ករណី​ ឃាត់ខ្លួនជនល្មើសបាន១៥៣៧នាក់​ ក្នុងនោះបទឧក្រិដ្ឋ​៣៧៦នាក់​ បទមជ្ឈឹម​១១៦១នាក់ ។

នេះបើយោងតាមរបាយការណ៍​របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ​ដែលបង្ហាញឡើង​នៅក្នុងកិច្ចប្រជុំបូកសរុប​សភាពការណ៍​និងលទ្ឋផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ឆមាសទី០១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៦ របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ​ នាព្រឹកថ្ងៃទី០៥ សីហា ២០១៦ ​ក្រោមអធិបតីភាព​លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង​ការនគរបាលជាតិ ។

របាយការណ៍ដដែលបានបង្ហាញទៀតថា​ ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌកើតឡើង​ ១៣៤៩លើក​គឺ​មានអំពើលួច ប្លន់​មាន​ស្ថានទំងន់ទោសកើតឡើង១៤១លើក ​ថយ១០% ​ ដោយឡែកបទល្មើសមជ្ឈឹមក្នុង​ចំណោម៩៧៤លើក ​ក្នុងអំពើលួចឆ្លក់​មាន​៤៨៨លើក ​ថយចុះ៧% ​នឹងដកហូតអាវុធប្រើខុសច្បាប់​បាន១២លើក។

របាយការណ៍បញ្ជាក់ថា​ ក្នុងរយៈពេល៦ខែ​ ឆ្នាំ២០១៦ ​នៅទូទាំងប្រទេស គឺមានតែខេត្តចំនួន៥ប៉ុណ្ណោះ​ ពុំមានបទល្មើសចោរប្លន់ កើតឡើង ​ខណៈមានខេត្តចំនួន១៥ផ្សេងទៀត ​ មានបទល្មើសចោរប្លន់នោះកើនឡើងខ្លាំង ​។ ​ខេត្តទាំង៥​ ដែលពុំ​មានបទល្មើស​ចោរប្លន់កើតមាននោះរួមាន៖​ ខេត្តកំពង់ឆ្នាំង​ កំពង់ធំ ​មណ្ឌលគិរី ​កែប ​និងខេត្តឧត្តរមានជ័យ ។

នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រនេះដែរ ​លោកនាយឧត្តមសេនីយ៍ ​នេត សាវឿន ​ក៍​បានបញ្ជាឲ្យបណ្តា​ស្នងការនគរបាល​រាជធានី​-​ខេត្តទាំងអស់ ​ត្រូវមានផែនការពង្រឹងសមត្ថភាពអង្គភាព ​បង្កើនការប្រុងប្រយ័ត្ន ​បង្ក្រាបបទល្មើសចោរប្លន់​ ពិសេសប្លន់ប្រដាប់​អាវុធឲ្យខាងតែបាន ​ដើម្បីកាត់បន្ថយការភ័យខ្លាច​របស់ប្រជាពលរដ្ឋ ។

លោកអគ្គស្នងការនគរបាលជាតិបានថ្លែងទៀតថា ​ ក្នុងបទបញ្ជានេះសម្រាប់មុខសញ្ញាបទល្មើស​ដែលនៅសេសសល់អនុវត្តន៍​មិនទាន់បាន​ គឺត្រូវបន្តតាមដានកំណត់រកមុខសញ្ញាឲ្យបាន​ និងតាមចាប់ឃាត់ខ្លួនជនល្មើស​មកផ្តន្ទាទោសឲ្យបាន​ ពិសេស​បទល្មើសជាប់ពាក់ព័ន្ធចោរលួច ​ឆក់ ប្លន់ប្រដាប់អាវុធ ​ និងបទល្មើសនានាទៀត ​ដែលទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ​ គ្រឿង​ញៀន​ និងអំពើជួញដូរជាដើម៕