វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​សៀមរាប​ដក​បេក្ខភាព​សិស្ស​១៤០​នាក់​មិន​ឱ្យ​ប្រឡង​បាក់ឌុប

កាល​បរិច្ឆេទ​នៃ​ការ​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) សម្រាប់​ឆ្នាំ​២០១៥-​២០១៦ ទូទាំង​ប្រទេស នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ខាង​មុខ។

សម្រាប់​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បាក់ឌុប​ឆ្នាំ​នេះ វិទ្យាល័យ ១០ មករា ដែល​មាន​សិស្ស​ត្រៀម​ប្រឡង​បាក់ឌុប​ចំនួន​ជាង ៨៩០​នាក់ បាន​ដក​បេក្ខភាព​សិស្ស​ចំនួន ១៤០​នាក់ មិន​ឱ្យ​មាន​សិទ្ធិ​ចូល​ប្រឡង​បាន​ទេ។

មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​សៀមរាប បាន​រៀបចំ​មន្ត្រី​មួយ​ចំនួន ហើយ​បញ្ជូន​ទៅ​ជួប​ជាមួយ នាយក​វិទ្យាល័យ ១០ មករា ដើម្បី​ជជែក​ស្វែង​រក​មធ្យោបាយ​ជួយ​ឱ្យ​សិស្ស​សាលា​ខ្លះ​ដែល​បាត់បង់​បេក្ខភាព​ប្រឡង​យក​សញ្ញាប័ត្រ​បាក់ឌុប ឆ្នាំ​នេះ ឱ្យ​មាន​សិទ្ធិ​ចូល​ប្រឡង​វិញ​បាន។

ការ​បញ្ជូន​មន្ត្រី​មន្ទីរអប់រំ ឱ្យ​ទៅ​ជួប​ជជែក​ជាមួយ​អ្នក​គ្រប់គ្រង​វិទ្យាល័យ​នោះ បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​៣ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ខែ​សីហា បន្ទាប់​ពី​នាយក​វិទ្យាល័យ ១០ មករា បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដក​បេក្ខភាព​សិស្ស​ចំនួន ១៤០​នាក់ មិន​ឱ្យ​ចូលរួម​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ខាង​មុខ​បាន​ទេ។

ជំនួយការ​របស់​នាយក​វិទ្យាល័យ ១០ មករា គឺ​លោក ប៊ី ប៊ុន សុផុន្នី។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​សីហា នៅ​ក្នុង​ទីចាត់ការ​វិទ្យាល័យ​នោះ​ថា ការ​ដែល​ដក​បេក្ខភាព​សិស្ស ១៤០​នាក់ មិន​ឱ្យ​ចូលរួម​ប្រឡង​បាក់ឌុប គឺ​យោង​ទៅ​លើ​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​ចេញ​ប្រកាស​រួច​ហើយ។

ជំនួយការ​ដដែល​បញ្ជាក់​ថា ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ណែនាំ​ថា រាល់​សិស្ស​ទាំង​ឡាយ​ណា​ដែល​បាន​អវត្តមាន​ក្នុង​ពេល​សិក្សា​ដោយ​មាន​ច្បាប់​ចំនួន ៣០​ដង ព្រមទាំង​ឈប់​ទោះ​ជា​មាន​ច្បាប់ និង​អត់​ច្បាប់​ចំនួន ៤៥​ដង គឺ​ត្រូវ​ដក​បេក្ខភាព​មិន​ឱ្យ​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប​ទេ។

លោក​អះអាង​ទៀត​ថា សិស្ស ១៤០​នាក់ ដែល​វិទ្យាល័យ ១០ មករា បាន​ដក​បេក្ខភាព​មិន​ឱ្យ​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប​ឆ្នាំ​នេះ ភាគ​ច្រើន​គឺ​មិន​បាន​ដាក់​ពាក្យសុំ​ប្រឡង និង​ធ្លាក់​ពិន្ទុ​មធ្យមភាគ​ប្រចាំ​ឆ្នាំ៖ «ក្រសួង​អប់រំ បាន​កំណត់​ច្បាស់​ហើយ​ថា បើកាលណា​ធ្លាក់​មធ្យមភាគ គឺ​អត់​បាន​ប្រឡង​បាក់ឌុប ទេ។ សាលា​សោកស្ដាយ​ដែរ​ថា សិស្ស​ដែល​ដាក់​ពាក្យ​ទៅ​ប្រឡង​កាល​ណា​វា​ដក​បេក្ខភាព​ច្រើន​ក៏​ខូច​កេរ្តិ៍ឈ្មោះ​របស់​សាលា​ដែរ»

បើ​ទោះ​បី​ជា​អ្នក​គ្រប់គ្រង​វិទ្យាល័យ ១០ មករា អះអាង​ថា ការ​ដក​បេក្ខភាព​សិស្ស​រហូត​ដល់​ទៅ ១៤០​នាក់ គឺ​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏ដោយ ក៏​នៅ​កន្លែង​ដែល​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដក​បេក្ខភាព​សិស្ស​នោះ មិន​មាន​បិទ​ផ្សាយ​សេចក្ដី​ណែនាំ​របស់​ក្រសួង​ជុំវិញ​រឿង​នោះ​ទេ ហើយ​នៅ​ពេល​ដែល​អាស៊ីសេរី ជួប​សម្ភាស​ក៏​មិន​មាន​ឃើញ​បង្ហាញ​ពី​ឯកសារ​ណែនាំ​របស់​ក្រសួង​នោះ​ដែរ។

នៅ​កន្លែង​បិទ​ផ្សាយ​បញ្ជី​ដក​បេក្ខភាព​សិស្ស ១៤០​នាក់ មិន​ឱ្យ​ប្រឡង​បាក់ឌុប​នោះ គឺ​មាន​សិស្ស​ប្រុស-​ស្រី ជាច្រើន បាន​មក​ពិនិត្យ​មើល​ឈ្មោះ​របស់​ពួក​គេ។ នៅ​ពេល​ដែល​ឃើញ​ថា ឈ្មោះ​របស់​ខ្លួន​មិន​បាន​ប្រឡង​បាក់ឌុប​ហើយ គឺ​ពួកគេ​បង្ហាញ​ទឹក​មុខ​ក្រៀមក្រំ ក៏ប៉ុន្តែ​មិន​មាន​សិស្ស​ណា​ម្នាក់​ដែល​គ្មាន​ឈ្មោះ​ប្រឡង​នោះ ហ៊ាន​ធ្វើ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ឡើយ។

គ្រូបង្រៀន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា វិទ្យាល័យ ១០ មករា ដែល​ដក​បេក្ខភាព​សិស្ស​រហូត ១៤០​នាក់ មិន​ឱ្យ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ គឺ​ជា​ចំនួន​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​ទេ តាំង​ពី​មុន​មក៖ «ដក​បេក្ខភាព វា​ច្រើន​ហួស​ពី​យើង​ស្មាន! តើ​បញ្ហា​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា សប្បាយ​ចិត្ត​នឹង​ធ្វើ​ដូច្នេះ ឬ​ក៏​នាយក​វិទ្យាល័យ ១០ មករា សប្បាយ​ចិត្ត​នឹង​ធ្វើ​ដូច្នេះ»

គ្រូបង្រៀន​ដដែល​ព្រួយ​បារម្ភ​អំពី​អនាគត​យុវជន ដែល​មិន​បាន​ចូល​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប ទាំង​នេះ ហើយ​អំពាវនាវ​ឱ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា គួរ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ។

មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​សៀមរាប ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​យុវជន ដែល​មិន​បាន​ចូលរួម​ប្រឡង​បាក់ឌុប ទាំង​នោះ ដូចជា​គ្រូបង្រៀន​ខ្លះ​ដែរ។

ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​សៀមរាប លោក សយ ទិត្យាវង្ស មាន​ប្រសាសន៍​ថា លោក​ទើបតែ​បាន​ទទួល​របាយការណ៍​ស្ដីពី​វិទ្យាល័យ ១០ មករា ដែល​ដក​បេក្ខភាព​សិស្ស ១៤០​នាក់ មិន​ឱ្យ​ប្រឡង​បាក់ឌុប ក្នុង​ឆ្នាំ​នេះ។

លោក សយ ទិត្យាវង្ស យល់​ឃើញ​ថា វិទ្យាល័យ ១០ មករា ដែល​ដក​បេក្ខភាព​សិស្ស​មិន​ឱ្យ​ប្រឡង​បាក់ឌុប ឆ្នាំ​នេះ គឺ​ច្រើន​ពេក ក៏​ប៉ុន្តែ​លោក​នៅ​មិន​ទាន់​វិនិច្ឆ័យ​ថា យ៉ាង​ណា​នៅ​ឡើយ គឺ​នៅ​រង់ចាំ​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ដែល​បញ្ជូន​ឱ្យ​ទៅ​ជួប​ជជែក​ជាមួយ​នាយក​សាលា ១០ មករា ជា​មុន​សិន៖ «ចាំ​ពិនិត្យ​ជាក់ស្ដែង​សិន តើ​សិស្ស​នោះ​អវត្តមាន​ច្រើន ឬ​ក៏​គាត់​ធ្លាក់​មធ្យម​ភាគ​តិចតួច ឬ​ក៏​ច្រើន​គឺ​ខ្ញុំ​មិន​អាច​បកស្រាយ​បាន​នៅ​ពេល​នេះ​ទេ»

​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​សៀមរាប ទទួល​ស្គាល់​ថា តាម​គោលការណ៍​របស់​ក្រសួង​អប់រំ គឺ​ពិត​ជា​មិន​អនុញ្ញាត​ឱ្យ​សិស្ស​ដែល​អវត្តមាន​ច្រើន និង​ធ្លាក់​ពិន្ទុ​មធ្យមភាគ​ប្រចាំ​ឆ្នាំ​ខ្លាំង​ពេក បាន​ប្រឡង​បាក់ឌុប មែន។

មន្ត្រី​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា មិន​មែន​មាន​តែ វិទ្យាល័យ ១០ មករា តែមួយ​ប៉ុណ្ណោះ​ទេ ដែល​បាន​ដក​បេក្ខភាព​សិស្ស​ខ្លះ មិន​ឱ្យ​ប្រឡង​បាក់ឌុប ក្នុង​ឆ្នាំ​នេះ គឺ​មាន​វិទ្យាល័យ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​សៀមរាប ក៏​បាន​ធ្វើ​ដូចគ្នា​ដែរ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​មន្ទីរអប់រំ​យុវជន និង​កីឡា មិន​អាច​បញ្ជាក់​បាន​ទេ​ថា តើ​រហូត​មក​ដល់​ពេល​នេះ នៅ​តាម​វិទ្យាល័យ​ជា​ច្រើន​ក្នុង​ខេត្ត​សៀមរាប បាន​ដក​បេក្ខភាព​សិស្ស​មិន​ឱ្យ​ប្រឡង​បាក់ឌុប ឆ្នាំ​នេះ ចំនួន​សរុប​ប៉ុន្មាន​នាក់​ទេ ពីព្រោះ​នាយក​វិទ្យាល័យ​ជា​ច្រើន​នៅ​មិន​ទាន់​បញ្ជូន​របាយការណ៍​អំពី​រឿង​នេះ​មក​ដល់​ដៃ​មន្ទីរអប់រំ ទាំង​អស់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។