ជនជាតិ​វៀតណាម​ម្នាក់​ធ្វើ​ជា​ចោរឆក់

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ចតុមុខ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​តុលាការ​កំពូល តាម​ផ្លូវ​លេខ​២៤០ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​ស្ត្រី​ម្នាក់ ។

ប្រភព​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​វៀតណាម​ឈ្មោះ ប៊​យ វ៉ាំ​ង​ទាន់ ហៅ ចាន់ ពន្លក ហៅ តង អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ត្រូវ​បាន​កម្លាំង​ល្បាត​ឃាត់ខ្លួន​ក្រោយ​ពេល​ដែល​ជនសង្ស័យ និង​បក្សពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-8305 មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​.​ក​ប្លា​ទី​១​ខ្សែ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​លើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​នៅ​តាម​ផ្លូវ​នោះ ហើយ​ក៏​រក​ឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​តូច​ផង​ដែរ ។

ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ត្រូវ​បាន​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ពី​ស្ត្រី​រង​គ្រោះ​តែ​ម្តង ។ ពេល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​ធ្វើ​សកម្មភាព​ឆក់យ​កបាន​ខ្សែ​ក​ហើយ​ម៉ូតូ​របស់​ពួក​គេ​ក៏​បាន​ដួល ស្រប​ពេល​នោះ​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ចតុមុខ​បាន​មក​ដល់ ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​អ្នកបើកបរ​ម៉ូតូ​ម្នាក់ ចំណែកឯ​ជនសង្ស័យ​ជា​បក្សពួក​ម្នាក់​ទៀត​ដែល​ជិះ​ខាងក្រោយ​បាន​យក​ខ្សែ​ក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ ចំណែកឯ​បុរស​ជនជាតិ​វៀតណាម​ដែល​ជា​ជនសង្ស័យ រួម​ទាំង​ថ្នាំ​ញៀន​ទាំង​២​កញ្ចប់​តូច និង​ម៉ូតូ​ដែល​ដកហូត​បាន​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕