ឃាត់ខ្លួន​ស្ត្រី​ជើង​ខ្លាំង​ម្នាក់ ក្រោយ​ពី​ប្រើ​ហិង្សា​លើ​នគរបាល​ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​រូប​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង​លើ​ផ្លូវ​បញ្ច្រាសទិស ហើយ​បើក​គេច​ពី​ការ​ហៅ​របស់​នគរបាល​ចរាចរណ៍ ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដួល រួច​ហើយ​ដក​កូនសោ​ទៅ​ចាក់ មន្ត្រី​នគរបាល​ចរាចរណ៍​ចំនួន​ពីរ​នាក់​រង​របួស​។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​កែង​នឹង​ផ្លូវ​លេខ​១៧៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ប្រហែលជា​៣០​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១CS-១៧២៥ មួយ​គ្រឿង​តែ​ម្នាក់ឯង ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ជា​ផ្លូវ​បញ្ច្រាសទិស និង​ពុំ​មាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​ឡើយ​។ ពេល​ឃើញ​បែប​នោះ​កម្លាំង​របស់​លោក​ក៏​បាន​ចេញ​ទៅ​ស្ទាក់​ហៅ​ឱ្យ​ឈប់ ដើម្បី​ធ្វើការ​ណែនាំ និង​ផាកពិន័យ​តែ​ស្ត្រី​រូប​នោះ មិន​បាន​បង្អង់​ល្បឿន និង​ឈប់​ឡើយ ក៏​បាន​ជិះ​រត់គេច​ទៅ​បុក​និង​រថយន្ត​មួយ​គ្រឿង​បណ្តាល​ឲ្យ​ដួល ភ្លាម​នោះ​ពួក​គាត់​ក៏​បាន​នាំ​គ្នារ​ត់ទៅ​ជួយ​លើក​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ពួក​គាត់​នាំ​គ្នារ​ត់ទៅ​ជួយ​លើក ក៏​ត្រូវ​ស្ត្រី​ជើង​ខ្លាំង​រូប​នោះ ស្ទុះ​ងើបឡើង​និង​ដក​យក​កូនសោ​ម៉ូតូ​ចាក់​ទៅ​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ចំនួន​ពីរ​រូប​ចំ​ក្បាល​ពីក្រោយ និង​ច្រមុះ​បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង និង​មិនតែប៉ុណ្ណោះ​ក៏​ស្ទុះរ​ត់ទៅ​វាយ​បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ត​មួយ​គ្រឿង​នោះ​ទាំង​កំរោល​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ មន្ត្រី​នគរបាល​ច​រា​រណ៍​រង​គ្រោះ​បញ្ជូន​យក​ទៅ​ធ្វើការ​ព្យាបាល ហើយ​បុរស​ជា​ម្ចាស់​រថយន្ត​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់ ចំណែកឯ​ស្ត្រី​ជើង​ខ្លាំង​រូប​នោះ និង​ម៉ូតូ​របស់​គេ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕