នារី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប ហើយ​ដួល​ម៉ូតូ​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​រង​របួសធ្ងន់​ខណៈ​ដែល​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មិន​ពាក់មួក ហើយ​ត្រូវ​ចោរឆក់​កាបូប​មិន​បាន​សម្រេច​ប្រតាយប្រតប់​គ្នា​រហូត​ដួល​ម៉ូតូ​។ ហេតុការណ៍​ចោរឆក់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម ម្ដុំ​គល់​ស្ពាន​អាកាស​៧​មក​រា ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។ នារី​រង​គ្រោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ  ត្រូវ​បាន​នគរបាល​ហៅ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ខ្មៅ​លាយ​ក្រហម គ្មាន​ស្លាក​លេខ និង​ពុំ​ពាក់មួក​សុវត្ថិភាព​ឡើយ ធ្វើ​ដំណើរ​តាម​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ ពេល​មក​ដល់​គល់​ស្ពាន​អាកាស​៧​មក​រា ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក Icon មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នាង តែ​មិន​បាន​សម្រេច​។ នៅ​ក្នុង​សកម្មភាព​បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល  ចំណែក​ម៉ូតូ​ជនសង្ស័យ​ពុំ​បាន​ដួល​ឡើយ​ជិះ​គេចខ្លួន​បាត់ រីឯ​នារី​រង​គ្រោះ​បាន​ដួល បោក​ក្បាល​របួស​ធ្ងន់ធ្ងរ​៕