បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​១១​នាក់

ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ និង​អ្នក​ប្រើប្រាស់​ប្រុស​ស្រី​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៦​។ លោក​វរសេនីយ៍ត្រី ង៉េ​ង សុ​ជា នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​៥​នាទី​រសៀល ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ល្បាត​ដល់​សាលារៀន​ចិន ផៃ ឆឹង ស្ថិត​ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

បាន​ប្រទះ​ឃើញ មុខសញ្ញា​សង្ស័យ​ចំនួន​២​នាក់  ហើយ​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើការ​ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កូន​ថង់​តូច​។ ក្រោយ​ពី​ឃាត់ខ្លួន​មុខសញ្ញា​២​នាក់ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ឈាន​ដល់​ចាប់​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ៥​នាក់​ទៀត ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កូន​ថង់ នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ដដែល បាន​បន្ត​ទៅ​ចាប់​ឃាត់​ជនសង្ស័យ​ចំនួន​៤​នាក់​បន្ថែម​ទៀត និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កូន​ថង់​តូច​។

សរុប​វត្ថុ​តាង​ថ្នាំ​ញៀន​ទាំងអស់ ចំនួន​៥​កូន​ថង់​តូច ទម្ងន់​ស្មើ​២,៩៨​ក្រាម​, កូនជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​២,​ដប​កែ​ច្នៃ​ចំនួន​ចំនួន​៣,​គម្រប​ដប​កែ​ច្នៃ​៤,​សំបក​ថង់​ប្លា​ស្ទិ​កមួយ​ចំនួន​,​ដែកកេះ​កែ​ច្នៃ​ចំនួន​៥,​បំពង់​ជក់​គ្រឿងញៀន​មួយ​ចំនួន​, ដាវ​ចុង​ស្រួច​២​ដើម និង​ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង​។ លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ចា​ក់ថា ចំពោះ​លទ្ធផល​ដែល​សម្រេច​បាន​នេះ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។ ចំពោះ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទាំង​៤​នាក់ ១-​ឈ្មោះ សំណាង លី​លី ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​ជា​កម្មករ នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ២-​អៀង រក្សា ហៅ​សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ៣-​ហ៊ូ ដូ​ល្លា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ៤/-​ឈ្មោះ ហេង សុមេធា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ និង​អ្នក​ប្រើប្រាស់​ប្រុស​ស្រី​ចំនួន​៧​នាក់​ទៀត​។

លោក​វរសេនីយ៍ឯក ចាប  សុ​ផា​រិ​ទ្ធ ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្តាល ប្រឆាំង​បទល្មើស បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​អ្នក​ប្រើប្រាស់ សរុប​ទាំង​១១​នាក់​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម​ម្លាំ​ង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕