មេធាវី​ប្ដឹង​ជំទាស់​សាលក្រម​សាលាដំបូង​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​​លោក ហេង សំរិន

មេធាវី​ការពារ​ក្ដី​អោយ​លោក ហេង សំរិន ប្រធាន​សភា គឺ​លោក គី តិច ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​មិន​បាន​ពិន័យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ​ទៅ​តាម​ការ​ទាមទារ​របស់​កូន​ក្ដី​លោក។

​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា លោក គី តិច អោយ​ដឹង​ថា កូន​ក្តី​របស់​លោក​បាន​ប្ដឹង​ទាមទារ​ប្រាក់​ចំនួន ៣០០​លាន​រៀល​ពី​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍។ លោក​ថា ការ​សម្រេច​ពិន័យ​ប្រាក់​ចំនួន ១៥០​លាន​រៀល​ពី​លោក​ សម រង្ស៊ី គឺ​មិន​សមរម្យ​នៅ​ឡើយ ទើប​កូន​ក្ដី​របស់​លោក​សម្រេច​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍។

លោក គី តិច៖ «ខ្ញុំ​បាន​ចូល​ទៅ​ពិភាក្សា​ជាមួយ​សម្ដេច (ហេង សំរិន) កាល​ពី​ម្សិលមិញ (៤ សីហា)  សម្តេច​ថា មិន​សុខ​ចិត្ត​ទេ នឹង​ប្ដឹង​ឧទ្ធរណ៍​តវ៉ា​ទៅ​លើ​រឿង​ហ្នឹង​ដែរ គឺ​ដោយសារ​​​​​ក្នុង​របប​ក្រោយ​ឆ្នាំ​១៩៧៩ សម្ដេច​មាន​តួនាទី​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ប្រទេស​ ហើយ​បច្ចុប្បន្ន​នេះ​​ក៏​ជា​ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ដែរ។ ដូច្នេះ​ការ​ដែល​តុលាការ​ពិន័យត្រឹម​តែ ១៥០​លាន គឺ​មិន​សក្ដិសម​នឹង​អំពើ​ដែល​លោក សម រង្ស៊ី បាន​បង្កាច់​បង្ខូច​ទម្លាក់​កំហុស​លើ​សម្ដេច​ដែល​ធ្វើ​អោយ​ប៉ះពាល់​កិត្តិ​យស​សម្តេច»

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​សម្រេច​ដោយ​កំបាំង​មុខ​​ពិន័យ​ប្រាក់​ពី​លោក សម រង្ស៊ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហេង សំរិន ១៥០​លាន​រៀល។

​លោក គី តិច មេធាវី​លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ប្ដឹង​ ​លោក សម រង្ស៊ី ​ពី​បទ​បរិហារកេរ្តិ៍​ក្រោយ​ពេល​ដែល​ប្រធាន​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​បាន​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ២០១៥ ថា របប​កើត​ឡើង​ក្រោយ​ថ្ងៃ​៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។