បូជនីយកិច្ច​បង្ហូរឈាម​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ប្រឆាំង​គ្រឿងញៀន

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO  DUTERTE ធ្លាប់​បាន​សន្យា​បញ្ជូន​ទៅ​ឋាននរក​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន ដោយ​រហូត​ដល់​លើកទឹកចិត្ត​ឱ្យ​សម្លាប់​ពួក​គេ ។ មួយ​ខែ​ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​លោក​ពាក្យ​សន្យា​ទាំងនេះ​ត្រូវ​បាន​អនុវត្ត ។

ទស្សនាវដ្តី​អា​មេ​រិ​ក TIME MAGAFINE ទើប​ចេញផ្សាយ​អត្ថបទ​មួយ​ដាក់​រហស្សនាម​ឱ្យ​ប្រធានាធិបតី​ថ្មី​ហ្វ៊ី​លី​ពី​នរូ​ប​នេះ​ថា «​អ្នក​ដាក់ទោស​» ។ ក្នុង​ឱកាស​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អតីត​មេធាវី អាយុ​៧១​ឆ្នាំ​រូប​នេះ ផ្តោត​ខ្លាំង​លើ​ការ​តស៊ូ​ប្រឆាំង​គ្រឿងញៀន ហើយ​លោក​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​លោក​ឱ្យ​បាញ់​សម្លាប់​ដោយ​ផ្ទាល់​ពួក​​អ្នករត់ពន្ធ​គ្រឿងញៀន រួច​លោក​គំរាម​សម្លាប់​កូន​ៗ​របស់​លោក​ទៀត​ផង បើ​លោក​ដឹង​ថា ពួក​គេ​សេព​គ្រឿងញៀន ។ ជាមួយ​អ្នករត់ពន្ធ​គ្រឿងញៀន និង​អ្នក​សេព​គ្រឿង​ញៀន​លើស​ពី​៥២៤​នាក់ រួច​ហើយ​ត្រូវ​បាញ់​សម្លាប់​តាម​ផ្លូវ ឬ​កន្លែង​លាក់ខ្លួន ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ពី​ថ្ងៃ​ទី​៣០ មិថុនា មក ប្រធានាធិបតី​រូប​នេះ​ធ្វើ​តាម​កិច្ចសន្យា ហើយ​ចាប់ផ្តើម​ធ្វើ​ឱ្យ​ពិភពលោក​ខ្លាច ។

កាសែត​សំខាន់​ហ្វ៊ី​លី​ពី​ន PHILIPPINE DAILY INQUIRER អះអាង​ពី​មនុស្ស​ត្រូវ​សម្លាប់​៥២៤​នាក់ ហើយ​រហូត​ដល់​ថា នៅ​ទាប​ជាង​ការ​ពិត​ផង ។ ក្នុង​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា «THE KILL LIST» កាសែត​នេះ​រៀបរាប់​ពី​បញ្ជី​ឈ្មោះ​មនុស្ស​ទាំងឡាយ​ដែល​ត្រូវ​បាញ់​សម្លាប់ ។ ការ​បាញ់​សម្លាប់​ទាំងនេះ​ធ្វើ​ឡើង​ដោយ​ប៉ូលិស ឬ​ពួក «HITMEN» ជា​អ្នក​តាម​សម្លាប់​ទាក់ទិន​នឹង​បណ្តា​ក្រុម​ប្រជា​ការពារ​ប្រដាប់​អាវុធ ។ សាកសព​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​សម្លាប់​ត្រូវ​បោះចោល​នៅ​តាម​ដង​វិ​ថី ឬ​នៅ​តាម​ទីលាន​ណាមួយ​ដោយ​​មាន​ដាក់​ប៉ាណូ​សរសេរ​ថា «​ខ្ញុំ​ជា​អ្នក​ចែកចាយ​ម្នាក់​» ។

បណ្តា​អ្នកកាសែត​អះអាង​ថា​គ្មាន​ការ​លំបាក​ឡើយ​ក្នុង​ការ​រក​បញ្ជី​ឈ្មោះ​អ្នក​ត្រូវ​សម្លាប់​ហៅ «KILL LIST» ព្រោះ​ប៉ូលិស​អាច​បញ្ជូន​របាយការណ៍​ឱ្យ​ពួក​គេ ។

ប្រធានាធិបតី​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នេះ ធ្លាប់​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១០ ឧសភា ក្រោយ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថា «​កុំ​សង្ស័យ​ឡើយ ខ្ញុំ​នឹង​ជា​ជន​ផ្តាច់​ការ​ម្នាក់​» ។

ជា​អភិបាលក្រុង DAVAO ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន​រយៈពេល​ជាង​២០​ឆ្នាំ លោក DUTERTE ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចោទប្រកាន់​ថា ជា​អ្នក​បង្កើត និង​ជួយ​ទ្រទ្រង់​កងឯកភាព​មរណៈ​ក្នុង​ទីក្រុង​របស់​លោក ។ កងឯកភាព​ទាំងនេះ​អាច​សម្លាប់​មនុស្ស​យ៉ាងតិច​១.០០០​នាក់ ។ ពេល​សារព័ត៌មាន​សួរ​ពី​រឿង​នេះ លោក DUTERTE ក៏​មិន​កុហក​ដែរ ដោយ​លោក​អះអាង​ដោយ​មោទនភាព​ថា ប្រាកដ​ហើយ ។ ប្រធានាធិបតី​រូប​នេះ​ចង់​ស្តារ​ឡើង​វិញ ទោស​ប្រហារជីវិត​ដែល​លុប​ចោល​ចាប់តាំងពី​ឆ្នាំ​២០០៦​មក ។ តាម​ពិត​ទៅ ទោស​បែប​នេះ​មាន​វិញ​រួច​ហើយ តាម​ដង​វិ​ថី​ទាំង​នៅ​ក្រុង​ម៉ានីល ទាំង​នៅ​កន្លែង​ឯទៀត​ៗ​ដែល​ធ្វើ​ឱ្យ​ពួក​អ្នក​ទាក់ទិន​នឹង​គ្រឿងញៀន ក្នុង​នោះ​រួម​ទាំង​ពួក​អ្នក​សេព​គ្រឿងញៀន​ផង​ភ័យ​ខ្លាច​ចំពោះ​សង្គ្រាម​ពុំ​ត្រា​ប្រណី​នេះ ប្រឆាំង​គ្រឿងញៀន ។

យោង​តាម​ប៉ូលិស​ថា មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​ទាំង​ពួក​អ្នក​សេព​គ្រឿងញៀន ទាំង​ពួក​អ្នក​ចែកចាយ​តូច​ៗ បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​រួច​ហើយ ។ បែប​នេះ​ញ៉ាំង​ឱ្យ​ពន្ធនា​គារ​នានា​ពេញ​ណែនណាន់​តាន់​តាន់​ដោយ​មាន​អ្នក​ជាប់​ឃុំ​៥​ដង​លើស​ពី​ចំណុះ ៕