​អាយុ​ខ្ទង់ ៤០ ឆ្នាំ​ហើយ អាច​ផ្ទៃពោះ​បាន លុះត្រាតែ …

​អាយុ​ខ្ទង់ ៤០ ឆ្នាំ​ហើយ អាច​ផ្ទៃពោះ​បាន លុះត្រាតែ ...

​ដោយសារ​តែ​ស្ត្រី​ភាគច្រើន នាពេល​បច្ចុប្បន្ន​នេះ មាន​ភាព​មរ​មា​ញឹក​នឹង​ការងារ​ច្រើន ហើយក៏​មាន​ស្ត្រី​ច្រើន​ដែរ ដែល​មិន​ទាន់​រៀបការ ដោយសារតែ​មាន​គោលបំណង​ធំ​របស់​ខ្លួន មិនទាន់​បាន​សម្រេច ហេតុដូច្នេះ​ហើយ ទើប​ធ្វើឲ្យ​វ័យ​ដែល​អាច​មាន​ផ្ទៃពោះ​របស់​ពួកគេ ត្រូវ​ពន្យារ​ពេល​កាន់តែ​យូរ​រហូតដល់​ខ្ទង់ ៤០ ឆ្នាំ​។

បើសិន​ជា​អ្នក​ពិតជា​ចង់​មាន​ផ្ទៃពោះ ក្នុង​វ័យ​នេះ​មែន​នោះ អ្នក​អាច​ធ្វើ​ទៅ​តាម​វិធីសាស្ត្រ ដូចខាងក្រោម​នេះ ៖

​ចាប់ផ្តើម​ឲ្យបាន​លឿន​បំផុត តាម​តែ​អាច​ធ្វើទៅបាន​
​ដំបូង​ឡើយ គួរ​យល់ថា ស្ត្រី​អាយុ​ខ្ទង់ ៤០ ឆ្នាំ ទំនង​ជា​ត្រូវការ​ពេល​យូរ ជាង​ស្ត្រី​វ័យក្មេង​ក្នុងការ​មាន​ផ្ទៃពោះ ដូច្នេះ អ្វី​ដែល​អាច​ធ្វើបាន គួរតែ​ធ្វើ​យ៉ាងណា​ចាប់ផ្តើម​ឲ្យបាន​លឿន​បំផុត​។ កាលណា​អ្នក​រង់ចាំ​កាន់តែ​យូរ ឱកាស​ដើម្បី​មាន​ផ្ទៃពោះ​កាន់តែ​តិច​។ ម្យ៉ាងវិញទៀត ឱកាស​នៃ​ការ​មាន​បញ្ហា មិន​អាច​មាន​កូន​បាន​នោះ អាច​កើនឡើង​ប្រហែល ១១ ភាគរយ នៅពេល​អាយុ​ខ្ទង់ ២០ ឆ្នាំ ៣៣ ភាគរយ​នៅពេល​អាយុ​ខ្ទង់ ៣០ ឆ្នាំ​ក្រាស និង​ឡើងដល់ ៤០ ភាគរយ នៅពេល​អាយុ​ខ្ទង់ ៤០ ឆ្នាំ​ស្តើង​។

​ថែរក្សា​របៀប​រស់នៅ ដែល​ផ្តល់​សុខភាព​
​ស្ត្រី​វ័យ​ចំណាស់ គួរតែ​ថែរក្សា​របៀប​រស់នៅ ដែល​ផ្តល់​សុខភាព និង​បញ្ឈប់​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​បារី​។ សូម្បី​តែ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ ក៏​ត្រូវ​ឈប់​ដែរ​។ ចំពោះ​អា​ការៈត្រៀម​មាន​ជំងឺ​លើស​សម្ពាធ​ឈាម  ក៏​ត្រូវតែ​មាន​ការព្យាបាល​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ​ឲ្យបាន​ល្អ​ដែរ ដើម្បី​បង្ការ​ការ​រលូត​កូន និង​កូន​កើត​មក​ខុសធម្មតា​។ ស្ត្រី​អាយុ​ខ្ទង់ ៤០ ឆ្នាំ គួរតែ​ធ្វើ​រឿង​គ្រប់យ៉ាង ដើម្បី​ឲ្យ​សុខភាព​ទូទៅ​ល្អ​សិន មុន​ពេល​ចង់​មាន​ផ្ទៃពោះ​។

​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​
​ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​ថ្នាំ​បំប៉ន មាន​ជាតិ​អាស៊ីតហ្វូលិ​ក និង​កាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់​។ អាស៊ីតហ្វូកលិ​ក ជួយ​កាត់បន្ថយ​ការ​ប្រឈម នឹង​ការ​ខូច​បំពង់​សរសៃប្រសាទ​របស់​ទារក ហើយ​កាល់ស្យូម​មាន​សារៈសំខាន់​សម្រាប់​ឆ្អឹង​។

​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​ផ្ទៃពោះ​ជា​ទៀងទាត់​
​ស្ត្រី​មាន​ផ្ទៃពោះ​អាយុ​ខ្ទង់ ៤០ ឆ្នាំ ពិតជា​ងាយ​ប្រឈម​ការ​រលូត​ខ្ពស់ និង​កូន​មាន​ជំ​ង​មិន​គ្រប់​ទឹក (Down Syndrome) ខ្លាំងណាស់​។ ស្ត្រី​វ័យ​កាន់តែច្រើន ទំនង​ជា​ងាយ​មាន​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​ច្រើន (​ទឹកនោម​ផ្អែម ឬ​លើស​សម្ពាធ​ឈាម​) ក្នុងពេល​មាន​ផ្ទៃពោះ​។ ដូច្នេះហើយ អ្នក​គួរតែ​ទៅ​ពិនិត្យ​សុខភាព​ផ្ទៃពោះ ឲ្យបាន​ទៀងទាត់​ជាដាច់ខាត​។

​សម្រាប់​ការ​ធ្វើ​តេស្ត​រក​មើល​ជំងឺ Down Syndrome ក្នុង​ប្រទេស​យើង គឺ​មិន​ទាន់​មាន​នៅឡើយ​ទេ ប៉ុន្តែ​យើង​អាច​រក​សេវា​នេះ នៅ​ប្រទេស​ជិតខាង​យើង​បាន ជាពិសេស ប្រទេស​ថៃ ដែល​អាច​មាន​តម្លៃ​ខ្ទង់ ១ ០០០ ទៅ ២ ០០០ ដុល្លា​សម្រាប់​តេស្ត​នេះ​មួយ​មុខ​ប៉ុណ្ណោះ​។ តេស្ត​នេះ​អាចធ្វើ​បាន​នៅ​ចន្លោះ អាយុ​គភ៌ ១១ ទៅ ១៤ សប្តាហ៍ ហើយ​អាច​សម្គាល់​អំពី ភាគរយ​ជំងឺ​នេះ បាន​រហូត​ដល់ ៩០ ភាគរយ​ឯណោះ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។